en     km
en     km

រដ្ឋមន្ត្រីការបរទេសអាស៊ានបើកកិច្ចប្រជុំដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

Share

 

រដ្ឋមន្ត្រីការបរទេសទាំងអស់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានជំរុញឱ្យមីយ៉ាន់ម៉ាបញ្ចប់ជម្លោះបង្ហូរឈាមនៅក្នុងតំបន់ និងរួបរួមគ្នាគាំទ្រផែនការសន្តិភាព គួបផ្សំនឹងការស្វែងរកដំណោះស្រាយគ្រប់គ្រងស្ថានភាពមីយ៉ាន់ម៉ា ដែលធ្វើឡើងកាលពីថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

នៅ​​ប​​ន្ទាប់ពីបើកកិច្ចប្រជុំពិភាក្សានៅក្នុងប្រទេសឡាវ រដ្ឋមន្រ្តីការបរទេសទាំងអស់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ឡាវក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២៤ ដែលផ្តោតលើទំនាក់ទំនងរវាងភាគីជម្លោះនៅមីយ៉ាន់ម៉ា និងការប្តេជ្ញាចិត្តក្នុងការជួយប្រជាពលរដ្ឋនៅមីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០២៤។

ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីការបរទេសឡាវ លោក Alounkeo Kittikhoun ធ្លាប់បានជួបជាមួយប្រមុខរបបយោធានៅអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ២០២៤នេះ។ ក៏ប៉ុន្តែ លោកមិនបានប្រកាសអំពីរបៀបវារៈ និងសកម្មភាពមួយចំនួនដែលលោកបានធ្វើនៅអំឡុងពេលនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ហើយក៏មិនច្បាស់ដែរថាតើប្រមុខរបបយោធាដែលជាក្រុមប្រឆាំងនោះជាក្រុមណាមួយនោះដែរ។

តែជាមួយគ្នានេះ រដ្ឋមន្ត្រីតំណាងប្រទេសឡាវរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែរថា លោកសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាព ទូលំទូលាយ និងយូរអង្វែងចំពោះវិបត្តិដែលកំពុងកើតមាន ខណៈមីយ៉ាន់ម៉ានៅតែជាផ្នែកសំខាន់មួយនៃសមាគមប្រជាជាតិអាស៊ាន។

ក្នុងនាមប្រទេសឡាវជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំលើកនេះ លោកអះអាងថា កិច្ចខិតខំប្រឹងប្រែងណាមួយគួរតែគាំទ្រស្របតាមផែនការសន្តិភាព និងការសម្របសម្រួលជាមួយប្រធាន ដោយជំរុញឱ្យបញ្ឈប់អំពើហិង្សា និងការអត់ធ្មត់ដើម្បីអនុញ្ញាតឱ្យមានសិទ្ធិមនុស្សធម៌។ លោកបន្តទៀតថា លោកមិនចង់ឱ្យអាស៊ាន​ប្រឈម​មុខ​ដាក់គ្នាដោយភាពតានតឹង និង​មិន​ចុះ​សម្រុង​ផ្ទៃក្នុង​អំពី​របៀប​ដោះស្រាយ​វិបត្តិនៅមីយ៉ាន់ម៉ាជាបន្តទៀតនោះទេ។

គួរបញ្ជាក់ដែរថា ប្រធាន​អាស៊ាន​ពីមុន​គឺ​ឥណ្ឌូនេស៊ី បាន​ផ្តួចផ្តើម​គំនិត​ការទូត​លើកទឹកចិត្ត​ឱ្យ​មាន​ការសន្ទនា​រវាង​ភាគី​ជម្លោះ​របស់​មីយ៉ាន់ម៉ា ដែលធ្វើឱ្យ​អ្នកវិភាគ​មួយចំនួន​​ដាក់​ការសង្ស័យ​ថា ​តើ​ប្រធាន​ថ្មី​ឡាវរូបនេះ​មាន​ឥទ្ធិពល ឬ​ឆន្ទៈ​ដើម្បី​ឈានទៅ​មុខ​ដូចដែលឥណ្ឌូនេស៊ីដែរឬក៏អត់​។ ជាងនេះទៀត មីយ៉ាន់ម៉ាបានបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំកាលពីថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ ជាលើកដំបូង ដែលកន្លងមកត្រូវរារាំងមិនឱ្យចូលរួមដោយសារការបរាជ័យក្នុងការអនុវត្តផែនការសន្តិភាពដែលមីយ៉ាន់ម៉ាបានព្រមព្រៀងជាមួយអាស៊ាន។

សូមរំលឹកថា ប្រទេសមីយ៉ាន់ម៉ាត្រូវបានជាប់គាំងនៅក្នុងជម្លោះចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារក្នុងឆ្នាំ២០២១ ដែលបានបង្កឱ្យមានភាពចលាចលទូទាំងប្រទេស និងបានកំណែទម្រង់កំណើនសេដ្ឋកិច្ច ពិសេសធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ជីវិតដោយសារពួកគេព្យាយាមទាមទារសិទ្ធិសេរីភាព និងប្រឆាំងនឹងរបបយោធា។ ចំណែក មនុស្សប្រហែល ២លាននាក់បានភៀសខ្លួន និងផ្លាស់ទីលំនៅដើម្បីសុខសុវត្ថិភាព៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី៣០ ខែមករា​ ឆ្នាំ២០២៤

Share

Image
Image
Image