en     km
en     km

នាទីសុខភាព៖ជំងឺឬសដូងបាតនៅក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ

Share

ជំងឺសរសៃឈាមដែលស្ថិតនៅរន្ធបាត ដែលជាធម្មតាមានសរសៃឈាមក្រហម៣ ដែលបង្កើតបានជាដុំចំនួន៣ដែរ។ នៅពេលដែលឬសដូងបាតខាងក្នុងរីក វានឹងរមួលនៅម្តុំសាច់ដុំខ្ជឹបគូថ ដែលវានឹងឡើងហើម និងងាយហូរឈាម។ ម៉្យាងទៀត នៅក្នុងពេលមានផ្ទៃពោះ មានបម្រែបម្រួល អរម៉ូន ការឡើងនៅសម្ពាធឈាម និងការឧស្សាហ៍ទល់លាមក ដែលធ្វើឱ្យមានការរីកហើមនៃឬសដូងហើយការប្រឹងក្នុងពេលសម្រាលបុត្រក៏បណ្តាលឱ្យមានលៀនចេញនៃជំងឺឬសដូងបាតផងដែរ។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។

ចំពោះកត្តាប្រឈម ដែលមានជំងឺឬសដូងបាតក្រោយសម្រាលមានដូចជា ភាពលំបាកក្នុងការបត់ជើង ការសម្រាលយឺតពេល ដែលចាប់ពី៣៩សប្តាហ៍  កូនធំ និងការសម្រាលយូរក្នុងដំណាក់កាលទីមួយ ដែលវាសុទ្ធតែជាកត្តាប្រឈមនាំឱ្យមានជំងឺឬសដូងបាតផ្នែកខាងក្រៅ។

យ៉ាងជាក់ច្បាស់ យើងសង្កេតឃើញមានចំនួនជំងឺឬសដូងបាតផ្នែកខាងក្រៅត្រឹមតែ៤%ប៉ុណ្ណោះ ដែលកើតមាន លើការសម្រាលដោយវះកាត់ ធៀបនឹងចំនួនប្រមាណ២០%ក្រោយការសម្រាលដោយធម្មជាតិ។ ទោះបីយ៉ាងណា ការមានជំងឺឬសដូងបាតមិនតម្រូវឱ្យមានការសម្រាលដោយវះកាត់នោះទេ។

ដោយឡែករោគសញ្ញានៃជំងឺឬសដូងបាតផ្នែកខាងក្រៅ គឺជាជំងឺដែលជួបប្រទះច្រើនជាងគេក្រោយសម្រាល ដែលស្តែងឡើងនូវការប៉ោងហើមឈឺនៅផ្នែករន្ធទ្វារបាត។ ការប៉ោងនេះនឹងស្រកក្នុងរយៈពេលច្រើនថ្ងៃបន្ទាប់ពីការឈឺចាប់នឹងបាត់ក្នុងអំឡុងពេល២ទៅ៣ថ្ងៃ ហើយដុំប៉ោងនេះនឹងបាត់វិញក្នុងរយៈពេលច្រើនសប្តាហ៍ក្រោយមក។ ក្រៅពីនេះក៏អាចមានការលៀនចេញមកក្រៅនៃសរសៃឈាមឬសដូងបាតផ្នែកខាងក្នុងផងដែរ។

សម្រាប់ការព្យាលបាលវិញគឺ ផ្ដោតទៅលើរបបអាហារ ដែលត្រូវឱ្យហូបអាហារដែលមានជាតិសរសៃដូចជា ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ ត្រូវចាត់ទុកជាអាទិភាព។ បន្ទាប់មកថ្នាំជំនួយឱ្យបន្ទោរបង់ក៏អាចត្រូវប្រើប្រាស់ផងដែរ។ ដូចគ្នានេះថ្នាំជំនួយពោះវៀនត្រូវបានប្រើដើម្បីឱ្យលាមកមានសភាពទន់ និងជាតិអាស៊ីត មកតិចពេលដែលមានបញ្ហារាគរូស។

ការព្យាបាលនៅរន្ធបាត មានដូចជាប្រភេទថ្នាំសុល និងក្រែមលាប ដែលមានសមាសភាពជា ពពួកបន្ថយរលាក ឬក័រទីកូអ៊ីត ពពួកថ្នាំស្ពឹក ពពួកវីតាមីនP និងពពួកបន្ថយសម្ពាធឈាមវ៉ែន។

រីឯការព្យាបាលដោយថ្នាំ ពពួកថ្នាំបន្ថយការឈឺចាប់ ប្រភេទប៉ារ៉ាសេតាមុល ត្រូវបានប្រើជាអាទិភាពក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ។ អ្នកជំងឺអាចប្រើថ្នាំបំបាត់ការឈឺចាប់ និងថ្នាំដែលមានឥទ្ធិពលលើសរសៃឈាមឬសដូងបាតដែលថ្នាំទាំងនោះមិនមានការប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ម្យ៉ាងវិញទៀត ក្រុមពពួកថ្នាំមានឥទ្ធិពលលើសរសៃវ៉ែនត្រូវបានប្រើក្នុងជំងឺឬសដូងបាតផ្នែកខាងក្រៅអំឡុងពេលមានទម្ងន់ និងពេលបំបៅដោះកូន។

ម៉្យាងវិញការព្យាបាលដោយឧបករណ៍ កម្រនឹងព្យាបាលពេលមានទម្ងន់ណាស់។ ការព្យាបាលទាំងនេះមានដូចជាការប្រើកាំរស្មីក្រហមអាំងហ្វ្រា (infrarouge) ការចាក់ថ្នាំឱ្យស្វិត និងការចងចំណងឱ្យស្វិត។

ដោយឡែកការព្យាបាលដោយការវះកាត់វិញ ជាធម្មតាយើងតែងតែជៀសវាងការវះកាត់តាមដែលអាចធ្វើទៅបាន។ ការវះកាត់នេះធ្វើឡើងតែនៅពេលដែលការព្យាបាលដោយថ្នាំទៅលើជំងឺឬសដូងបាតនេះបរាជ័យ។ ប្រសិនបើជំងឺឬសដូងបាតមានសភាពប្រសើរក្រោយការសម្រាល នោះពេលខ្លះជំងឺឬសដូងបាតនេះក៏​នឹង​បន្តចាប់ពី៦ខែក្រោយមកទៀត ហើយបង្កផលរំខានដល់អ្នកជំងឺចុងក្រោយមានតែការព្យាបាលដោយវះកាត់ទើបដោះស្រាយបាន។

ដំបូន្មានរបស់គ្រូពេទ្យ ដើម្បីកាត់បន្ថយហានិភ័យកុំឱ្យមានជំងឺឬសដូងបាតនៅពេលមានផ្ទៃពោះ គឺយើងត្រូវការពារកុំឱ្យមានជំងឺទល់លាមកដោយត្រូវពិសាទឹកយ៉ាងតិច១លីត្រកន្លះក្នុងមួយថ្ងៃ ហើយត្រូវបរិភោគបន្លែដែលបានលាងសម្អាតស្អាតជាប្រចាំដើម្បីសម្រួលដល់ការបន្ទោរបង់។ ហើយមួយវិញទៀតការធ្វើលំហាត់ប្រាណដូចជា ការដើរ ការហែលទឹក និងធ្វើយូហ្កាពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្ត្រី៕

អត្ថបទ៖ចាន់ រ៉ាត់សៀវមិញ

Share

ព័ត៌មានទាក់ទង

Image