បន្ទាប់ពីបានកោតសរសើរពីផលិតផលកសិកម្មកម្ពុជា ថាមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ក្រុមហ៊ុនកូរ៉េមានបំណងនាំយកផលិតផលកសិកម្មកម្ពុជា ចូលលទៅកាន់ទីផ្សារជប៉ុន និងទីផ្សារចិនបន្ថែមទៀត។ នេះបើតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ ក្រសួងកសិកម្មថា ក្រុមហ៊ុនកូរ៉េបានបង្ហាញ ចំណាប់អារម្មណ៍ ទៅលើផលិតផលសក្តានុពលរបស់កម្ពុជា មានដូចជា ម្រេច ស្វាយសម្ងួត ជាពិសេសល្ង (ប្រេងល្ង) វារីវប្បកម្ម ដើមគ កែច្នៃ និងដើមកៅស៊ូកែច្នៃជាដើម ។
ដោយការមើលឃើញពីសក្តានុពលវិនិយោគទាំងនេះ ក្រុមហ៊ុនមានបំណងមិនត្រឹមតែ ចង់នាំចូល ទៅកាន់ទីផ្សារកូរ៉េប៉ុណ្ណោះទេ ថែមទាំងចង់ពង្រីកការ នាំចូល ផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងទីផ្សារចិនផងដែរ។
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្មថា ក្រុមហ៊ុនកូរ៉េដែលបានមើលឃើញនូវសក្តានុពលនៃដំណាំកសិកម្ម របស់កម្ពុជាសម្រាប់ធ្វើការកែច្នៃ និងនាំចេញ នឹងអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ កម្ពុជា-ចិន និងពិសេស កិច្ចព្រមព្រៀងRCEP ។បន្ថែមពីនេះ លោកបានណែនាំឱ្យក្រុមហ៊ុនកូរ៉េមួយនេះ បន្តការសិក្សា និងវិភាគសេដ្ឋកិច្ចលើដំណាំកសិកម្មមួយចំនួនទៀតដែរ ជាពិសេសដំណាំល្ង ។ លោកថា ប្រសិនបើជោគជ័យ និងមានផលចំណេញ សេដ្ឋកិច្ចខ្ពស់ ជាងដំណាំផ្សេងៗ នោះក្រសួងកសិកម្ម នឹងបន្តធ្វើការសម្របសម្រួលបន្ថែមឱ្យគម្រោងនេះអាចផ្សារភ្ជាប់ជាមួយ សហគមន៍កសិកម្មបែបថ្មីនៅកម្ពុជា៕
អត្ថបទ៖ចាន់ រ៉ាត់សៀវមិញ