en     km
en     km

ចិនសន្យាមិនរារាំងហ្វីលីពីនក្នុងការដឹកគ្រឿងផ្គត់ផ្គង់ឱ្យទាហារនៅសមុទ្រចិនខាងត្បូង តែអាចត្រឹមពេលខ្លីប៉ុណ្ណោះ

Share


ឆ្មាំសមុទ្ររបស់ចិននៅលើដែនសមុទ្រចិនខាងត្បូងបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យទូកហ្វីលីពីនធ្វើដំណើរឆ្លងកាត់ ពិសេសអាចដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ និងចុះចតនៅក្បែរទូកសម័យសង្គ្រាមលោកលើកទី២ ដែលមានទាហានហ្វីលីពីនជាច្រើននាក់បម្រើការនៅទីនោះ។
(កញ្ញា សៃ ចន្ធី រាយការណ៍)

 

ឆ្មាំសមុទ្រចិនដែលធ្លាប់បានដាក់ពង្រាយនាវា ដើម្បីរារាំងបេសកកម្មរបស់ហ្វីលីពីនក្នុងការដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ទៅដល់កងទ័ពហ្វីលីពីននៅលើដែនសមុទ្រចិនខាងត្បូង បានសម្រេចលើកលែងជាបណ្តោះអាសន្នសិន ពោលគឺបញ្ឈប់ប្រតិបត្តិការរារាំងទូកហ្វីលីពីនមួយរយៈពេលសិន។ ក៏ប៉ុន្តែ ការណ៍នេះធ្វើឡើងក្នុងរយៈពេលខ្លីណាមួយប៉ុណ្ណោះ និងរក្សាបាននូវអធិបតេយ្យភាព សិទ្ធិដែនសមុទ្រ និងប្រយោជន៍របស់ចិនផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

យោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគណនី WeChat ផ្លូវការរបស់ឆ្មាំសមុទ្រចិន បានបង្ហោះកាលពីល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ថា ចិននឹងមិនឈ្លានពាន ឬរារាំងដំណើរការដឹកជញ្ជូនសម្ភារៈចាំបាច់ទៅឱ្យទាហានហ្វីលីពីនដែលកំពុងស្ថិតនៅលើទូកសម័យសង្គ្រាមលោកលើកទី២នោះឡើយ។ តែប្រទេសចិនសុំឱ្យហ្វីលីពីនគោរពលើសិទ្ធិ និងផលប្រយោជន៍របស់ចិននៅ Second Thomas Shoal ដែលមានចម្ងាយ ១៩០ គីឡូម៉ែត្រពីកោះ Palawan របស់ប្រទេសហ្វីលីពីន។

ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍លើគណនី WeChat ផ្លូវការរបស់ឆ្មាំសមុទ្រចិនដដែលបានបន្ថែមទៀតថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានយន្តហោះខ្នាតតូចដែលឆ្មាំសមុទ្រចិនសន្មតថាជារបស់ហ្វីលីពីន បានជិះបង្ហោះ និងទម្លាក់ការផ្គត់ផ្គង់ផ្សេងៗទៅដល់នាវាចម្បាំងរបស់ហ្វីលីពីនដោយខុសច្បាប់។ ឆ្មាំសមុទ្រចិនបានតាមដានស្ថានការណ៍ ដើម្បីគ្រប់គ្រងនិងដោះស្រាយដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ហើយបានរៀបចំជាពិសេសសម្រាប់ហ្វីលីពីន ដើម្បីបំពេញការផ្គត់ផ្គង់ចាំបាច់ដល់កងទ័ពជាប្រចាំថ្ងៃជាបណ្តោះអាសន្នសិន។

សូមរំលឹកថា ចិនជាប្រទេសមួយដែលធ្លាប់បានទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុង និងបានចង្អុលបង្ហាញបន្ទាត់នៅលើផែនទីរបស់ខ្លួន ដែលបានកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ លើសពីនេះ ចិនបានអំពាវនាវម្តងហើយម្តងទៀតទៅកាន់ហ្វីលីពីនឱ្យអូសកប៉ាល់ចេញពីលើដែនសមុទ្រ ក៏ប៉ុន្តែប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបដិសេធចំពោះសំណើរនេះ៕

ប្រភព៖CNA ចុះថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ កញ្ញា សៃ ចន្ធី

Share

Image
Image
Image