en     km
en     km

នៅខែមីនា ឆ្នាំ២០២៤ខាងមុខ ជនជាតិចិន និងថៃអាចធ្វើដំណើរទៅវិញទៅមកដោយមិនចាំបាច់មានទិដ្ឋាការ

Share

កាលពីថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ ប្រទេសថៃ និងចិនបានព្រមព្រៀងគ្នាលើការកំណត់លក្ខខណ្ឌលើកលែងទិដ្ឋាការសម្រាប់ជនជាតិទាំងពីរធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។

(កញ្ញា កែវ សុជាតា រាយការណ៍)

រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-nukara បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសចិន និងថៃ ជាមួយប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេសរបស់ចិន លោក Wang Yi កាលពីថ្ងៃ អាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤។ កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន ឬចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះតទៅ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

តំណាងភាគីចិន លោក Wang Yi ដែលមានតួនាទីជាប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេសរបស់ចិនផងនោះ បានប្រាប់សន្និសីទសារព័ត៌មានរួមមួយថា យុគសម័យគ្មានទិដ្ឋាការនេះ នឹងនាំមកនូវការផ្លាស់ប្តូររវាងប្រជាជនចិន និងប្រជាជនថៃទៅកាន់ទំនាក់ទំនងក្នុងកម្រិតដ៏ល្អប្រសើរមួយ។ លោក Wang បានបន្តទៀតថា ចំនួនភ្ញៀវទេសចរចិនដែលធ្វើដំណើរទៅកម្សាន្តក្នុងប្រទេសថៃនឹងមានការកើនឡើងយ៉ាងខ្លាំងជាក់ជាមិនខាន។

គួរបញ្ជាក់ថា ប្រទេសចិនគឺជាប្រភពចំណូលដ៏ធំបំផុតសម្រាប់វិស័យឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសថៃ ហើយក៏ជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចធំទីពីរ របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដទៃនៅមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩។ ប៉ុន្តែក្រោយពេលការរាតត្បាតនៃជំងឺកូវីដ១៩បានអន់ថយ និងពិភពលោកបើកដំណើរការជើងហោះហើរសារជាថ្មី សន្ទុះភ្ញៀវទេសចរចិនដែលធ្វើដំណើរកម្សាន្តមកកាន់ប្រទេសថៃ ហាក់មានភាពយឺតយ៉ាវ ពោលគឺចំនួនភ្ញៀវទេសចរចិនមិនមានចំនួនច្រើន។ ក្នុងនោះ ចំនួនអ្នកទេសចរចិនធ្វើដំណើរទៅកាន់ប្រទេសថៃបានធ្លាក់ចុះដល់ទៅ ៣.៥លាននាក់កាលពីឆ្នាំ២០២៣ បើធៀបនឹងកាលឆ្នាំ២០១៩ ដែលចំនួន ១១លាននាក់នៅមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩។

ជាមួយគ្នានេះដែរ លោក Wang បានបញ្ជាក់ថា ទីក្រុងប៉េកាំងនៃប្រទេសចិន និងទីក្រុងបាងកកនៃប្រទេសថៃ ក៏បានសន្យាថានឹងពន្លឿនការសាងសង់ផ្លូវដែកចិន-ថៃ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន ពិសេសប្តេជ្ញាធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕

ប្រភព៖ CNA ចុះថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤

Share

Image
Image
Image