en     km
en     km

ជំងឺផ្ដាសាយបក្សីនៅតែបន្ដរកឃើញ ខណៈអន្ដរក្រសួងកំពុងស្រាវជ្រាវនិងរកវិធីសាស្ដ្រឆ្លើយតប

Share

ជំងឺផ្ដាសាយបក្សីត្រូវបានរកឃើញលើបុរសវ័យចំណាស់ម្នាក់ទៀតហើយ មានអាយុ ៦៩ឆ្នាំ និងទីលំនៅក្នុងភូមិតាប្រុយ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ការរកឃើញនេះត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ ថាបុរសម្នាក់នោះមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់ ៥អ៊ិន១ (H5N1) កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ម្សិលមិញបានឱ្យដឹងថា ករណីបុរសវ័យ៦៩ឆ្នាំរូបនេះ ដោយសារនៅផ្ទះរបស់គាត់ មានមាន់ងាប់ជាបន្តបន្ទាប់ រយៈពេលប្រហែល ២សប្តាហ៍កន្លងមកនេះ ខណៈគាត់ចិញ្ចឹមមាន់ប្រហែល ៥០- ៦០ក្បាល។ ខណៈបច្ចុប្បន្ន អ្នកជំងឺទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺផ្តាសាយបក្សី ១ករណីមួយដែរនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលជាក្មេងប្រុសអាយុ៣ឆ្នាំ។ កាលពីខែតុលា ឆ្នាំ២០២៣ ក៏មានករណីស្លាប់ដោយសារជំងឺផ្ដាសាយបក្សីផងដែរ លើកុមារីម្នាក់អាយុ២ឆ្នាំ និងបុរសម្នាក់អាយុ៥០ឆ្នាំ នៅខេត្តព្រៃវែង។
ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រសួងក៏បានណែនាំដល់ប្រជាពលរដ្ឋថា ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា។
លើសពីនេះ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ក្រសួងនឹងបន្តការស្វែងរកប្រភពចម្លងទាំងលើសត្វនិងមនុស្ស ហើយបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ព្រមទាំងចែកជូនឱសថតាម៊ីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សីវីរុសប្រភេទនេះផងដែរ៕

អត្ថបទ៖សួ សុវណ្ណិកា

Share

Image
Image
Image