en     km
en     km

អង្គការ និងសហគមន៍៣៨ ទាមទារឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពធ្វើទុក្ខបុកម្នេញដល់អ្នករស់នៅក្បែរបឹងតាមោក

Share

សេចក្តីថ្លែងការណ៍របស់អង្គកាសមាគមធាងត្នោត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

ភ្នំពេញ៖ អង្គការសង្គមស៊ីវិល ដែលរួមមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍ មូលដ្ឋាន ៣៨ ស្ថាប័ន ទទូចឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពគំរាមកំហែង ដោយពួកគេអះអាងថាទង្វើកន្លងមកជាការធ្វើទុក្ខបុកម្នេញ ចំពោះប្រជាសហគម៍សំរោងត្បូងដែលរស់នៅក្បែរបឹងតាមោក។ លើសពីការទាមទារឱ្យបញ្ឈប់សកម្មភាពទាំងនោះក្រុមអង្គការសង្គមសស៊ីវិលក៏ស្នើឱ្យមានការគិតគូរដោយផ្តល់ការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាសហគមន៍សំរោងត្បូង ដែលបច្ចប្បន្នមាន៧៦ខ្នងផ្ទះ។

ក្នុងពេលដែលរដ្ឋាភិបាលនៅតែបន្តកាត់ផ្ទៃដីបឹងតាមោកប្រគល់ ឱ្យក្រុមហ៊ុន និងបុគ្គលឯកជនជាកម្មសិទ្ធិស្របច្បាប់ ជាបន្តបន្ទាប់មក បណ្តាអង្គការសង្គមស៊ីវិល រួមទាំងសហគមន៍មូលដ្ឋានជាច្រើន សម្តែងក្តីបារម្ភជុំវិញផលប៉ះពាល់ និងសន្តិសុខ សុវត្ថិភាព ប្រជាសហគមន៍ដែលរស់នៅតំបន់នោះ។ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយអង្គការសមាគធាងត្នោត អំពាវនាវឱ្យអាជ្ញាធរពិចារណាឡើងវិញនូវទង្វើដែលខ្លួនធ្វើកន្លងមក ដែលអង្គការសង្គមស៊ីវិលមើលឃើញថា ជាសកម្មភាពធ្វើទុក្ខបុកម្នេញដល់ប្រជាសហគមន៍សំរោងត្បូងដែលរស់នៅក្បែរបឹងតាមោក។ បន្តមកដល់បច្ចប្បន្នក្នុងសេចក្តីថ្លែងការណ៍គូសបញ្ជាក់ថាការគំរាមកំហែង និងផលប៉ះពាល់នៅតែកើតមានចំពោះពលរដ្ឋរស់នៅទីនោះ ដោយសហគមន៍សំរោងត្បូងនឹងអាចត្រូវបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។

ទង្វើរបស់អាជ្ញាធរ និងការបណ្តេញចេញដោយបង្ខំ បណ្តាអង្គការសង្គមស៊ីវិលចាត់ទុកថា «គឺការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស ជាពិសេស រំលោភលើសិទ្ធិទទួលបានលំនៅឋានសមរម្យ និងសិទ្ធិជាច្រើនផ្សេងទៀត ។ បញ្ហានេះ រឹតតែប៉ះពាល់ដល់សហគមន៍ក្រីក្រ និងសហគមន៍ងាយរងគ្រោះ ដោយរុញច្រាន សហគមន៍ទាំងនោះឱ្យកាន់តែក្រីក្របន្ថែមទៀត។»

ខ្លឹមសារនៃសេចក្តីថ្លែងការណ៍បញ្ចូលចំនួនផ្ទៃដីដែលរដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីបឹងតាមោកទៅជាកម្មសិទ្ធិក្រុមហ៊ុន និងបុគ្គលមួយចំនួនផងដែរ។ ក្នុងនោះសង្គមស៊ីវិលបង្ហាញថា រាជរដ្ឋាភិបាលបានបន្តកាត់ផ្ទៃបឹង ជាបន្តបន្ទាប់ប្រគល់ ឱ្យក្រុមហ៊ុន និងបុគ្គលឯកជនជាកម្មសិទ្ធិស្របច្បាប់ ចំនួន ៨០ លើក ដែលស្មើនឹង ៧៤,៩២% នៃផ្ទៃបឹង បើទោះបីជា ពួកគេទាំងនេះមិនដែលធ្លាប់បានរស់នៅ ទីតាំងនោះ ទាល់តែសោះក៏ដោយ ។

ជុំវិញបញ្ហានេះ តាំងពីឆ្នាំ២០២១ដល់២០២៣ មានសមាជិក ចំនួន ១៨នាក់ កំពុងរងបណ្តឹងពីតុលាការក្រោមបទចោទហិង្សាដោយចេតនា និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស និងក្នុងឆ្នាំ២០២៣ មានសមាជិក១នាក់ បានរត់គេចខ្លួនដោយព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ក៏ព្រោះតែបានចេញមុខការពារដីធ្លីផ្ទះសម្បែង និងសិទិ្ធលំនៅឋានរបស់ពួកគេ។

ក្រុមអង្គការសង្គមស៊ីវិលក៏ស្នើ ឱ្យអាជ្ញាធររដ្ឋបញ្ឈប់ជាបន្ទាន់នូវការធ្វើទុក្ខបុកម្នេញ និង គំរាមកំហែង តាមគ្រប់រូបភាពមកលើអ្នកតំណាង និងសមាជិកសហគមន៍សំរោងត្បូង ជាពិសេសស្នើសុំដល់តុលាការ សូមមេត្តាទំលាក់ចោលបទចោទប្រកាន់មកលើអ្នកតំណាងសហគមន៍ទាំង ១៨ នាក់។ ចំណែកឯប្រជាសហគមន៍សំរោងត្បូងដែលបច្ចប្បន្នមាន៧៦ខ្នងផ្ទះ ក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលល់កម្មសិទិ្ធដីធ្លីស្របច្បាប់ រួមទាំងជាការអភិវឌ្ឍន៍នៅនឹងកន្លែង និងបញ្ឈប់ការបណ្តេញចេញដោយបង្ខំដោយមិនត្រឹមត្រូវ ។

តាមរយៈសេចក្តីថ្លែងការណ៍ ការទាមទារនេះមិនមែនជាលើកទីមួយឡើយព្រោះថានៅឆ្នាំ២០១៩ សហគមន៍បានស្វែងរកកិច្ចអន្តរាគមន៍ ពីស្ថាប័នជាតិនានាដូចជា សាលាសង្កាត់សំរោងត្បូង សាលាខណ្ឌព្រែកព្នៅ សាលារាជធានីភ្នំពេញ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ព្រឹទ្ធសភា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ជាដើម ប៉ុន្តែវាហាក់បីដូចគ្មានដំណោះស្រាយ និងអូសពេលវេលាឱ្យ ចេះតែកន្លងហួសទៅ៕

Share

Image
Image
Image