en     km
en     km

ស្ត្រីដែលប្រឡូកក្នុងកិច្ចការសង្គម ឱ្យនិយមន័យផ្សេងគ្នាលើពាក្យថា«ស្ត្រី»

Share

 

ស្ត្រីដែលជាភ្នាក់ងារផ្លាស់ប្តូរអំពើហិង្សាផ្អែកលើយេនឌ័រ និងស្ត្រីយុវជនចូលរួមសកម្មភាពសង្គម រួមនឹងស្ត្រីម្នាក់ដែលសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មមេកាត្រូនិច ព័ត៌មាន និងទំនាក់ទំនង បានបង្ហាញការយល់ឃើញផ្សេងៗពីគ្នាលើពាក្យថា«ស្ត្រី»។ បើទោះជាយល់ឃើញផ្សេងគ្នា ប៉ុន្តែពួកគេ ទាមទារនូវចំណុចស្រដៀងគ្នា សូមឱ្យគ្រប់ភាគីពាក់ព័ន្ធ ស្វែងយល់ពីឬសគល់ដែលនាំឱ្យមានបញ្ហាប្រឈមចំពោះស្រ្តី និងក្មេងស្រី និងគាំទ្រលើកទឹកចិត្តពួកគាត់ក្នុងសកម្មភាពសង្គម។

 

កញ្ញា ថៃ ឡៃអៀង ស្រ្តីវ័យក្មេង ជាភ្នាក់ងារផ្លាស់ប្តូរអំពើហិង្សាផ្អែកលើយេនឌ័រ

ភេទស្រី និងស្រ្តី គឺមានន័យខុសគ្នា។ ភេទស្រី បានន័យថា មានប្រដាប់ភេទជាស្រ្តី មានលក្ខណៈជីវសាស្រ្ត និងទម្រង់ និងតួនាទីភេទជាស្រ្តី ដូចជាមាន អូវុល ក្រពេញទឹកដោះ និងមានអ្វីផ្សេងទៀត តែចំពោះពាក្យថា ស្រ្តី បានន័យថា នរណាគេ ក៏អាចតាំងខ្លួនឯងជាស្រ្តីបានដែរ។ នេះជា ការលើកឡើងរបស់ កញ្ញា ឡៃអៀង ជាភ្នាក់ងារផ្លាស់ប្តូរអំពើហិង្សាផ្អែកលើយេនឌ័រ។ បើនិយាយពីភេទវិញ កញ្ញា ឡៃអៀង បានពេញចិត្តនឹងភេទពីកំណើត ជាភេទស្រី នេះមែនទែន។ កញ្ញាបានលើកឡើងថា៖ “ពេលខ្ញុំកើតមកជាភេទស្រី វាមានលក្ខណពិសេសមួយ ដែលខ្ញុំត្រូវទទួលបាន និងទទួលបានអ្វីជាច្រើនទៀត។” សម្រាប់ភេទស្រី ឬស្រ្តីមានផលលំបាកជាច្រើន ដែលពួកគាត់បានជួបប្រទះ ជាពិសេសកត្តាផ្នត់គំនិត។ កញ្ញា ឡៃអៀង បានសង្កត់ធ្ងន់ថា ៖ «ដោយសារតែផ្នត់គំនិតជាច្រើនដែលដាក់បន្ទុកលើស្រ្តី និងភេទស្រីមានច្រើន ព្រោះយើងមានផ្នត់គំនិតនេះតាំងពីដើម ដូចជា ស្រ្តីវិលចង្រ្កានមិនជុំ ស្រ្តីមានអាយុ១៩ ទៅ២០ឆ្នាំគឺតម្រូវឱ្យរៀបការ បើយើងមានអាយុស្រករហ្នឹង ហើយមិនទាន់រៀបការ គេនឹងមើលមកថា អាយុប៉ុននឹងហើយចាស់ហើយ ពិបាកក្នុងការមានកូន ព្រមទាំងមានផលលំបាកជាច្រើនទៀត ដែលស្រ្តីជួបប្រទះ ពីការរងនូវផ្នត់គំនិតសង្គមបានដាក់ឱ្យ។»

ទោះបីជាស្ត្រី ប្រទះផលលំបាកជាច្រើនក្តី ក៏ស្រ្តីមានចំណុចខ្លាំងផងដែរ។ ពីការយល់ឃើញរបស់កញ្ញា ចំណុចខ្លាំងរបស់ស្រ្តី (ភេទស្រី) គឺមានស្បូន ដែលគាត់អាចពពោះបាន ហើយអ្នកដែលមានស្បូនមិនអាចពពោះបាន ឬពិបាកពពោះមិនថ្វីទេ ឱ្យតែគាត់អាចបង្កើតមនុស្សជំនាន់ក្រោយបាន និងអាចបញ្ចេញនូវក្រពេញទឹកដោះបាន ដោយសារគាត់មានក្រពេញទឹកដោះ និងចំណុចខ្លាំងមួយទៀតគឺស្រ្តីអាចធ្វើបានគ្រប់យ៉ាង បើទោះបីជារឿងនោះលំបាក ឬឆ្លងកាត់ការលំបាកយ៉ាងណាក៏គាត់អាចធ្វើបានដែរ។ លើសពីនេះទៅទៀត ស្រ្តីមិនត្រឹមតែមានចំណុចខ្លាំងប៉ុណ្ណោះទេ តែស្ត្រីក៏អាចក្លាយជាអ្នកដឹកនាំបានដែរ។ កញ្ញាបានបន្ថែមថា ចំណុចខ្លាំងរបស់ស្រ្តីនៅក្នុងភាពជាអ្នកដឹកនាំ ដែលមានតួនាទីក្នុងការសម្រេចចិត្ត គឺស្រ្តីមានការយល់ដឹងខ្លាំង ដឹងសុខទុក្ខរបស់ស្រ្តីខ្លួនឯង ពីការខ្វះខាត និងតម្រូវការរបស់គាត់ត្រូវការអ្វីខ្លះ ទាំងនេះជាចំណុចខ្លាំងរបស់ស្រ្តី ដែលអ្នកផ្សេងមើលមកមិនឃើញ តែវាជាចំណុចខ្លាំងរបស់ស្រ្តី។

ចំពោះ កត្តារារាំងមិនឲ្យស្រ្តី បញ្ចេញសក្តានុពលរបស់ខ្លួន ដោយសារតែកត្តាផ្នត់គំនិតសង្គម ដែលដាក់បន្ទុកលើស្រ្តី ថាស្រ្តីជាភេទទន់ខ្សោយ មិនអាចធ្វើការសម្រេចចិត្ត ឬមួយមិនអាចធ្វើអ្វីមួយ នេះជាទស្សនរបស់កញ្ញា ឡៃអៀង។ កញ្ញបានលើកឧទាហរណ៍ថា ជាទូទៅគេតែងនិយាយថា លើកអង្ករ៥០គីឡូ រវាងបុរស និងស្រ្តី គឺប្រាកដជាបុរសពិតជាធ្វើបាន ប៉ុន្តែបើយើងនិយាយពីសិទ្ធិសេរីភាព និងការបញ្ចេញសក្តានុពលរបស់ខ្លួនឯង គឺភាពខ្លាំងរបស់ខ្លួនឯងមិនបានកំណត់ទៅលើការលើកអង្ករ៥០គីឡូបាន ហើយស្រ្តីត្រូវតែលើកអង្ករ៥០គីឡូបាន ទើបហៅថា ខ្លាំងទេ។

ដោយឡែក កញ្ញា បានគិតថា កត្តាដែលរារាំងស្រ្តីនោះគឺការប្រៀបធៀបរវាងភេទស្រី និងភេទប្រុស ទាំងពីរភេទនេះ មកទន្ទឹមគ្នា ហើយរកស្តង់ដារមួយរួម ហើយវាជាចំណុចរារាំងខ្លាំងមែនទែនក្នុងការរកស្តង់ដារួម។ មួយវិញទៀត កញ្ញាបានកត់សម្គាល់ឃើញថា ស្រ្តីខ្លួនឯងផ្ទាល់ក៏ជាកត្តារារាំងស្រ្តីក្នុងការបញ្ចេញសក្តានុពលដែរ ដោយសារផ្នត់គំនិតសង្គមបានដាក់បន្ទុកមកថា តួនាទីនេះជារបស់បុរសទេ អីចឹងទាំងស្រ្តី និងបុរស ពួកគាត់តែងតែគិតថា មានតែបុរសទេដែលអាចធ្វើការងារនេះបាន ហើយមានតែស្រ្ដីទេដែលអាចធ្វើការងារនោះបាន ដូច្នេះ ពេលដែលមានស្រ្តីម្នាក់ឈរនៅក្នុងតួនាទីមួយ ឬបញ្ចេញសក្តានុពលរបស់ខ្លួនឯងហ្នឹង មនុស្សនៅក្នុងសង្គមតែងនិយាយថា ស្រ្តីមិនគួរនៅក្នុងតួនាទីមួយនឹងទេ។ វាជាផ្នត់គំនិតមួយដែលដាក់បន្ទុកមកលើស្រ្តីនោះដែរ ហើយជាកត្តាដែលស្រ្តីមិនអាចបញ្ចេញនូវសក្តានុពលរបស់ខ្លួនឯង។

បើគិតពីបញ្ហាប្រឈមរបស់ស្រ្តីជួបប្រទះ ក្នុងការចូលរួមកិច្ចការសង្គម បើធៀបនឹងបុរស គឺផ្នត់គំនិត (ការគិត) និងបន្ទុកការងារផ្ទះ។ នេះបើយោងទៅតាម កញ្ញា ឡៃអៀងបានអង្កេតឃើញ។ នាងបានបន្តថា

«ជាទូទៅ យើងមើលឃើញថា នៅពេលដែលស្រ្តីចូលរួមការងារសង្គមរួចហើយ គាត់ត្រូវមកធ្វើការងារផ្ទះបន្ថែមទៀត អីចឹងទាំងការងារផ្ទះ និងការងារសង្គម គឺជាបន្ទុករបស់ស្រ្តីតែម្នាក់ឯង ដូច្នេះ គាត់ហត់ រួចគាត់ត្រូវបោះបង់ការងារសង្គម។ ម្យ៉ាងទៀត ផ្នត់គំនិតសង្គមតែងតែដាក់មកថា កិច្ចការងារផ្ទះជាកិច្ចការងាររបស់មនុស្សស្រីអីចឹងនៅពេលដែលមនុស្សស្រីទៅធ្វើការងារខាងក្រៅហើយត្រឡប់មកវិញ គាត់ត្រូវធ្វើការងារផ្ទះទៀត។ ដូច្នេះ ខ្ញុំគិតថា វាជាផ្នត់គំនិតចម្បង និងកត្តារាំងស្ទះចម្បង ដែលរារាំងស្រ្តីមិនអាចចូលរួមកិច្ចការសង្គមបាន ហើយនៅមានកត្តារារាំងជាច្រើនទៀតដែលរារាំងស្រ្តីមិនអាចចូលរួមកិច្ចការសង្គមបាន។ »

រីឯដំណោះស្រាយដែលកញ្ញាចង់ឃើញ គឺជាការផ្តល់វគ្គបណ្តុះបណ្តាលបន្តគ្នាជាស៊េរី ដល់ស្រ្តី ការបង្កើតវីដេអូអប់រំអេនីមេ និងការយកចិត្តទុកដាក់ពីសំណាក់រាជារដ្ឋាភិបាលទៅលើបញ្ហាស្រ្តី និងក្មេងស្រី។ កញ្ញាបានលើកជាឧទាហរណ៍បញ្ជាក់កាន់តែច្បាស់ថែមទៀតថា៖ ការផ្តល់វគ្គបណ្តុះបណ្តាលដល់ឳពុកម្តាយ ដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាល កុំឱ្យពួកគាត់ពង្រឹងផ្នត់គំនិតអវិជ្ជមានចំពោះស្រ្តី និងក្មេងស្រី បន្តទៅឱ្យកូន ឬចៅរបស់គាត់បន្តទៀត ហើយប្រសិនបើអ្នកធ្លាប់ប្រព្រឹត្តរួចហើយ យើងត្រូវបង្កាទប់ស្កាត់ កុំឱ្យពួកគាត់បន្តប្រព្រឹត្តទង្វើមិនគប្បីចំពោះស្រ្តី និងក្មេងស្រី ដើម្បីឱ្យគាត់គិតថា រឿងទាំងនោះនឹងគឺជារឿងដែលខុស បន្ទាប់ពីវគ្គបណ្តុះបណ្តាល ខ្ញុំចង់ឃើញការបង្កើតវីដេអូអេនីមេ ស្តីពីបញ្ហាប្រឈមរបស់ស្ត្រី ដើម្បីឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមបានយល់ដឹងពីបញ្ហាទាំងនោះដែរ។ លើសពីនេះទៀត កញ្ញាបានបង្ហាញសេចក្តីប្រាថ្នា ដែលខ្លួនចង់ឃើញពីសំណាក់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាប្រឈម ដូចនេះថា ៖

«ខ្ញុំចង់ឃើញរាជរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើបញ្ហាប្រឈមដែលស្រ្តី និងក្មេងស្រីជួបប្រទះ ហើយរដ្ឋាភិបាលបានដឹងពីឫសគល់ ដែលនាំឱ្យមានបញ្ហាទាំងនោះ ឧទាហរណ៍ គេតែងតែនិយាយថា គេបានកំណត់ចំនួនស្រ្តីក្នុងភាពជាអ្នកដឹកនាំ ប៉ុន្តែ គេតែងលើកឡើងថា មកពីស្រ្តីខ្លួនឯងមិនទាន់មានចំណេះដឹងគ្រប់គ្រាន់ ក្នុងតួនាទីជាអ្នកដឹកនាំ។ ពួកគេមិនទាន់បានមើលឃើញពីឬសគល់នៃបញ្ហា ហេតុអ្វីបានជាស្រ្តីមិនមានចំណេះដឹង? គាត់មិនបានមើលថា កាលពី កុមារភាពរបស់ស្រ្តី តើស្រ្តីទទួលបានការសិក្សាកម្រិតណា? ប្រសិនជាបានទទួលការសិក្សា សួរថា តើដំណើរការការធ្វើដំណើរឆ្ពោះទៅកាន់សាលារៀនមានផលលំបាកប៉ុនណា?»

ជាចុងក្រោយ កញ្ញាសុំណូមពរដល់រាជរដ្ឋាភិបាល ឱ្យបានមើលឃើញពីឬសគល់ដែលនាំឱ្យមានបញ្ហាប្រឈមចំពោះស្រ្តី និងក្មេងស្រី រួចហើយគួរតែដាក់បញ្ចូលចំនួនស្រ្តីទៅក្នុងភាពជាអ្នកដឹកនាំ ឬអាចបញ្ជៀបនៅក្នុងគោលនយោបាយ ឬច្បាប់ណាមួយ ដើម្បីគាំពារ ឬការពារ ស្រ្តីដែលគាត់ទទួលរងអំពើហិង្សា និងបញ្ហាប្រឈមនានា៕

កញ្ញា ឡុង ពិសី ជាយុវជនចូលរួមសកម្មភាពសង្គម

កញ្ញា ឡុង ពិសី ជាយុវជនចូលរួមសកម្មភាពសង្គម មានទស្សនយល់ឃើញថា ភេទស្រី ឬស្រ្តី គ្រាន់តែជាពាក្យសម្រាប់សម្គាល់កត្តាភេទពីកំណើតរបស់នរណាម្នាក់ប៉ុណ្ណោះ ប៉ុន្តែវាមិនអាចកំណត់អត្តសញ្ញាណរបស់នរណាម្នាក់ ថាជាភេទស្រីបានទេ ប្រសិនបើបុគ្គលនោះមិនបានកំណត់ខ្លួនឯងថាជាភេទស្រី។ ម្យ៉ាងទៀត កញ្ញាពិតជាពេញចិត្តនឹងភេទរបស់កញ្ញា ដោយកញ្ញាបានលើកឡើងថា សម្រាប់ខ្ញុំ ខ្ញុំស្គាល់ និងកំណត់អត្តសញ្ញាណខ្លួនឯងជាស្រ្តី ហើយខ្ញុំពិតជាពេញចិត្តនឹងភេទ និងការកំណត់របស់ខ្ញុំណាស់។
បើនិយាយពីចំណុចខ្លាំងរបស់ស្រ្តីវិញ ពិសីបានលើកយកចំណុចមួយចំនួនរួមមាន ស្រ្តីអាចគាត់អាចបង្កើតកូនបាន ដែលវាជាភាពខ្លាំងពីធម្មជាតិ និង ស្រ្តីដើរតួនាទីជាច្រើនក្នុងការជម្រុញអោយមានការអភិវឌ្ឍន៍ប្រទេស បើនិយាយពីកត្តាសង្គមវិញ ។

«ជាការយល់ឃើញរបស់ពិសី កត្តាភេទមិនមែនបញ្ហាដែលរាំងស្ទះមិនឱ្យស្ត្រីបញ្ចេញសក្តានុពលរបស់ខ្លួនឡើយ។  កត្តាភេទមិនមែនជាកត្តារារាំងស្ត្រីបញ្ចេញសក្ដានុពលរបស់គាត់ទេ តែកត្តាគំនាបសង្គម និង/ឬផ្នត់សង្គមទៅវិញទេ ដែលជាកត្តារារាំងពិតប្រាកដ។ ព្រោះស្រី្ត ក៏ជាមនុស្ស គាត់មានសិទ្ធិក្នុងការអនុវត្តសិទ្ធិមនុស្សរបស់គាត់បានយ៉ាងពេញលេញ ប៉ុន្តែប្រសិនបើសង្គមមួយមានផ្នត់គំនិតដាក់គំនាបលើស្ត្រីហើយ ទោះបីជាគាត់មានសិទ្ធិក្នុងនាមជាមនុស្សក៏ដោយ ក៏ការអនុវត្តសិទ្ធិរបស់គាត់មានកត្តារារាំង និងការដាក់គំនាប។»

លើសពីនេះទៀត កញ្ញាបានបន្ថែមថា៖ បញ្ហាប្រឈមស្រ្តីជួបប្រទះ ក្នុងការចូលរួមកិច្ចការសង្គម បើធៀបនឹងបុរស មានដូចជា កត្តាផ្នត់គំនិតសង្គម កត្តាសង្គមដែលមិនបានបើកលំហរទូលាយលើចំនួនកូតារបស់ស្រ្តីនៅក្នុងតួនាទីសម្រចចិត្ត និងកត្តាអត្រាការយល់ដឹងរបស់ពលរដ្ឋលើភេទ និងយេនឌ័រ។
ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមដែលស្រ្តីជួបប្រទះ កញ្ញា ពិសី មានយោបល់មួយចំនួន ដែលជាដំណោះស្រាយដែលកញ្ញាចង់ឃើញ។ កញ្ញាបានសម្តែងមតិថា៖ ខ្ញុំចង់ឃើញ ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ស្រ្តី គឺការបង្កើតចំនួនកូតាដល់ស្រ្តី ក្នុងការចូលរួម នៅក្នុងតួនាទីនៃការសម្រេចចិត្ត ក្នុងកម្រិតថ្នាក់ជាតិ។ បើនិយាយពីកម្រិតសហគមន៍គឺ ស្រ្តីដែលកំពុងរស់នៅតាមសហគមន៍នានា មានឱកាសពេញលេញ ក្នុងការចូលរួមសកម្មភាពណាមួយ ដែលជួយពង្រឹងសមត្ថភាពរបស់គាត់ ព្រោះនៅពេលដែលស្រ្តីមានឱកាសនៅក្នុងការចូលរួមពង្រឹងសមត្ថភាពទោះតិច ឬច្រើន គាត់នឹងបញ្ជៀបការយល់ដឹងផ្នែកយេនឌ័រទៅកាន់អ្នកផ្សេងទៀត ក៏ដូចជាបង្កើនចំនួនស្រ្តីនៅក្នុងតួនាទីជាអ្នកដឹកនាំ ដែលរាជរដ្ឋាភិបាលបានផ្តល់ឱកាសឱ្យ។ ការលើកទឹកចិត្តដល់ស្រ្តី និងផ្តល់ឱកាសពេញលេញដល់ស្រ្តីក្នុងការចូលរួមសកម្មភាពពង្រឹងសមត្ថភាពរបស់ខ្លួនគាត់ គឺផ្តើមចេញពីអ្នកដែលនៅជុំវិញខ្លួនគាត់ ដែលមានគ្រួសារ និងសង្គមដែលគាត់កំពុងរស់នៅ អីចឹងពេលស្រ្តីមានឱកាសបញ្ចេញសមត្ថភាព គាត់ក៏មានឱកាសក្នុងការបង្ហាញសមត្ថភាពរបស់គាត់ដែរ ត្រង់ចំណុចនេះ វាជាផ្នែកមួយក្នុងការលើកកម្ពស់ ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តី ចេញពីកម្រិតសហគមន៍ ឆ្ពោះទៅកាន់កម្រិតថ្នាក់ជាតិ ដែលថ្នាក់ជាតិបានផ្តល់ឱកាស ក្នុងការបង្កើនចំនួនកូតា សម្រាប់ស្រ្តីរួចហើយ អីចឹង ពេលស្រ្តីមានឱកាសដែលថ្នាក់ជាតិផ្តល់ឱ្យ ស្របពេលដែលសង្គមលើកទឹកចិត្តដល់គាត់ចូលរួមទៀត នោះជាពេលដែលចំនួនស្រ្តីមានការកើនឡើងស្មើភាពជាមួយនឹងភេទផ្សេងទៀត ជាពិសេសភេទបុរស។

លើសពីនេះទៀត កញ្ញាចង់ឃើញមាន ការបង្កើតកម្មវិធីផ្សេងៗ ទាក់ទងនឹងការបង្កើនការយល់ដឹងលើភេទ និងយេនឌ័រ ជាមួយស្រ្តីដែលរស់នៅតាមសហគមន៍ ឱ្យពួកគាត់ចូលរួមកាន់តែច្រើន ហើយវាគឺជាវិធីសាស្រ្តមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយបញ្ហាប្រឈមដែលស្រ្តីជួបប្រទះ។ ទន្ទឹមនេះ ខ្លួនឯងក៏ត្រូវពង្រឹងនូវសមត្ថភាពផ្ទាល់ខ្លួនផងដែរ ក្នុងការចាប់ឱកាសដែលគេផ្តល់ឱ្យ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគលើឱកាសនោះ។

កញ្ញា អ៊ុក លក្ខណា ជានិស្សិត កំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មមេកាត្រូនិច ព័ត៌មាន និងទំនាក់ទំនង

កំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មមេកាត្រូនិច ព័ត៌មាន និងទំនាក់ទំនង យុវតីវ័យក្មេង អ៊ុក លក្ខណា យល់ឃើញថា ស្រ្តី គឺជាកោសិកានៃសង្គម ដោយផ្អែកទៅលើថា បើសង្គមរីកចម្រើនទៅបាន ដោយសារតែមានការចូលរួមពីស្រ្តី ហើយ ស្រ្តីគឺ ពិតជាអស្ចារ្យ គឺមានទាំងសមត្ថភាពជួយសង្គមឱ្យរីកចម្រើន ហើយស្រ្តីបង្កើតធនធានមនុស្ស ដើម្បីឱ្យមានមនុស្សបន្តវេន ឱ្យសង្គមកាន់តែមានការអភិវឌ្ឍន៍ផងដែរ។ យុវតីវ័យក្មេងរូបនេះពិតជាពេញចិត្ត នាពេលដែលខ្លួនជាស្រ្តីមួយរូប ដោយនាងបានបង្ហាញអារម្មណ៍ថា៖ ខ្ញុំសប្បាយចិត្តណាស់ នៅពេលខ្ញុំកើតជាស្ត្រីមួយរូប ព្រោះស្រ្តីគឺជាអ្នកម្តាយនៃពិភពលោក និងជាអ្នកដឹកនាំផងដែរ។ ខ្ញុំគិតថា ស្រ្តីយើងមិនមែនជាភេទទន់ខ្សោយទេ ដោយយើងសង្កេតមើលសង្គមបច្ចុប្បន្ន មានស្រ្តីជាច្រើនបានក្លាយទៅជាអ្នកដឹកនាំ ក្លាយជាមេដឹកនាំធំៗ ហើយខ្ញុំពិតជាស្ងោចសរសើរចំពោះភេទជាស្រ្តី និងមានកម្លាំងចិត្តផ្តល់ដល់ស្រ្តីទាំងអស់ កាន់តែមានការតស៊ូ អភិវឌ្ឍខ្លួនទៅមុខ និងពេញចិត្តខ្លួនឯងជាភេទស្រ្តី។

ការលំបាកពីធម្មជាតិ ពោលគឺស្រ្តីឈឺចាប់ពេលមកថ្ងៃខែ (មករដូវ) លំបាកពេលពពោះកូន ពេលសម្រាលកូន ការលំបាកមើលថែគ្រួសារ និងមើលថែប្តី ការគ្រប់គ្រងគ្រួសារ លំបាកពេលឃ្លាតឆ្ងាយពីពុកម៉ែ និងមានការលំបាកជាច្រើនទៀត។ ទាំងនេះសុទ្ធតែទុក្ខលំបាកដែលស្រ្តីជួបប្រទះ នេះបើយោងតាមការគិតរបស់ កញ្ញា លក្ខណា។
បើទោះបីជាស្រ្តីមានទុក្ខលំបាកច្រើន តែស្រ្តីនៅតែមានចំណុចខ្លាំង ដែល កញ្ញា លក្ខណាកត់សម្គាល់ថា «ការហ៊ានពុះពារជំនះនូវទុកលំបាកដែលស្រ្តីតែងជួបប្រទះជាច្រើនដូចជា ការតស៊ូអត់ទ្រាំនាពេលមកថ្ងៃខែ (មករដូវ) នាពេលសម្រាលកូន តស៊ូជំនះក្នុងការមើលថែគ្រួសារ ផ្ទះសម្បែង មានសមត្ថភាពក្លាយជាអ្នកដឹកនាំ ក្លាយជាអ្នកម្តាយ និងការបង្កើតធនធានមនុស្ស ចំណុចទាំងនេះខ្ញុំគិតថា គឺជាមោទភាពមួយដ៏ធំចំពោះស្រ្តី យើងគួរផ្តល់កម្លាំងចិត្តដល់ស្រ្តី ស្ត្រីយើងអាចធ្វើបាននូវចំណុចទាំងនេះ។»
កញ្ញាយល់ថា កត្តាភេទស្រី មិនអាចរារាំងមិនឱ្យស្រ្តីបញ្ចេញសក្តានុពលរបស់ខ្លួនបានទេ ព្រោះផ្អែកទៅច្បាប់ក៏មានការគាំទ្រដែរ បើផ្អែកលើយេនឌ័រ ពួកយើងមានសិទ្ធិស្មើគ្នាក្នុងការបញ្ចេញសក្តានុពលរបស់ខ្លួន ទាំងស្រ្តី និងបុរស អីចឹងកត្តាភេទនេះមិនមែនជាកត្តាកំណត់ឱ្យស្ត្រីបញ្ចេញសក្តានុពលរបស់ខ្លួនបានទេ។
លក្ខណា មានទស្សនយល់ថា បញ្ហាប្រឈមរបស់ស្រ្តីក្នុងការចូលរួមកិច្ចការសង្គម បើធៀបនឹងបុរសរួមមាន បញ្ហាកត្តាធម្មជាតិ និងបញ្ហាសុវត្ថិភាព (រឿងមួយចំនួនប៉ុណ្ណោះ)។ កញ្ញាបន្ថែមទៀតថា៖ កត្តាធម្មជាតិ របស់ស្រ្តី គឺមានរដូវ អីចឹង គាត់ពិបាកចូលរួមកិច្ចការងារសង្គម ព្រោះសុខភាពស្រ្តីមានលក្ខណខុសៗគ្នា ដោយសារពេលមានរដូវ គឺមានការឈឺចុកចាប់។ ដូច្នេះ បើធៀបនឹងបុរស គ្មានរដូវ គឺស្រ្តីពិតជាពិបាកចូលរួមក្នុងកិច្ចការងារសង្គម។ ចំណែកឯ បញ្ហាសុវត្ថិភាពវិញ ក្នុងការចូលរួមកិច្ចការងារសង្គមមួយចំនួន តម្រូវឱ្យអ្នកចូលរួមត្រូវទៅតំបន់ឆ្ងាយ ឬចូលព្រៃ ការណ៍នេះ ធ្វើឱ្យមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ស្រ្តី។
រីឯ ការរើសអើង គឺជាការប្រឈមខ្លាំងមួយ។ នេះជាការយល់ឃើញរបស់កញ្ញា។

«ការរើសអើងពីក្រុមគ្រួសារ អ្នកជិតខាង ពីមិត្តភក្តិដែលមិនធ្លាប់ចូលរួមកិច្ចការងារសង្គម ហើយការរើសអើងដោយសារតែ ពេលចូលរួមកិច្ចការងារសង្គមនោះ ពួកគាត់ថា ប្រឹងចូលរួមធ្វើអី ការងារហ្នឹងធ្វើទៅអត់បានអីមកវិញទេ។ វាជាបញ្ហាប្រឈមដែរ ធ្វើឱ្យគាត់បាក់ទឹកចិត្ត។ ការរើសអើងពីក្រុមគ្រួសារ ខ្ញុំធ្លាប់ជួបប្រទះដែរ នៅពេលខ្ញុំទៅចូលរួមធ្វើការងារស្ម័គ្រចិត្តដោយចំណាយពេលមួយថ្ងៃពេញ តែដល់ពេលចូលធ្វើទៅ មិនឃើញទទួលបានអ្វីមកវិញឱ្យគាត់ (ក្រុមគ្រួសារ) ឃើញ អីចឹង គាត់ចាប់ផ្តើមនិយាយថា ឃើញទៅធ្វើការឱ្យគេមួយថ្ងៃៗហ្នឹង បានអីមកវិញ គ្មានឃើញរីកចម្រើន។ ខ្ញុំគិតថា វាជាការប៉ះទង្គិចផ្លូវចិត្តមួយ នៅពេលដែលគ្មានអ្នកជួយគាំទ្រឱ្យខ្ញុំបានចូលរួមកិច្ចការងារសង្គម ប៉ុន្តែខ្ញុំនៅតែបន្តការចូលរួម។»

ជាសុំសូមពរ និងក្តីប្រាថ្នាដែលកញ្ញាចង់ឃើញគឺ គ្រប់ស្ថាប័ន គ្រប់កន្លែងការងារទាំងអស់ ទាំងរដ្ឋ ទាំងឯកជន សហគមន៍ សមាគមទាំងអស់ សូមមេត្តាជួយគាំទ្រដល់ស្រ្តី និងជួយលើកទឹកចិត្តដល់ស្រ្តី និងផ្តល់ឱកាសឱ្យស្រ្តីកាន់តែទូលំទូលាយ ក្នុងចូលរួមគ្រប់កិច្ចការងារសង្គម។ កញ្ញាផ្តល់ការលើកទឹកចិត្ត និងមតិយោបល់ដល់ស្រ្តីគ្រប់រូបថា៖ ខ្ញុំសូមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ស្រ្តីទាំងអស់ត្រូវមានកម្លាំងចិត្តឡើង កុំបាក់ទឹកចិត្ត ថាខ្លួន កើតមកជាស្រ្តីមានផលលំបាកជាងបុរស ឬជួបសេចក្តីលំបាកវេទនា ជាងបុរស មានការអាក់អន់ចិត្ត ឬកើតជាវិបត្តិផ្លូវចិត្ត។ សូមសរុបជារួម ខ្ញុំសូមឱ្យស្រ្តីចេះលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង ថា អគុណដល់ខ្លួនឯង ដែលកើតមក ក្នុងភាពជាស្រ្តី គឺយើងជាមនុស្ស ដែលខ្លាំង ដែលខ្លាំងបំផុត ហើយប្រសិនបើមានអ្នកមើលងាយយើង ប៉ុន្តែសូមយើង កុំមើលងាយខ្លួនឯង។ យើងត្រូវសរសើរខ្លួនឯង ផ្តល់កម្លាំងចិត្តដល់ខ្លួនឯង ថាយើងពិតជាអស្ចារ្យ ដែលយើងមានសមត្ថភាព អាចធ្វើការក្នុងសហគមន៍ បំពេញកិច្ចការងារសង្គមដូចនឹងបុរសដែរ ដូច្នេះ ត្រូវពុះពារ តស៊ូទៅមុខ និងកុំមានផ្នត់គំនិតអវិជ្ជមានណាមួយ ដូចដែលថា យើងជាស្រ្តីមានផលលំបាក ជាងបុរស តែការពិតមនុស្សគ្រប់គ្នាសុទ្ធតែមានផលលំបាករៀងៗខ្លួន៕

 

អត្ថបទខ្លីសរសេរដោយ ឡាក់ ស៊ីវចេង សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)

Share

Image
Image
Image