en     km
en     km

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ រិះគន់ទទូចឱ្យទម្លាក់បទចោទលើករណីលោក នី ណាក់ ជាបន្ទាន់

Share

ភ្នំពេញ៖ ករណីឃុំខ្លួនអ្នកជំនាញកសិកម្ម និងជាសកម្មជនតស៊ូមតិហ៊ានរិះគន់ពីរឿងរ៉ាវសង្គម លោក នី ណាក់ នៅតែស្ថិតក្រោមការតាមដានរបស់អង្គការ និងភាគីមួយចំនួននៅឡើយ ដោយថ្មីៗនេះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (Human Rights Watch) រិះគន់រដ្ឋាភិបាលនាអាណត្តិថ្មីនេះទាក់ទងទៅនឹងសេរីភាពបញ្ចេញមតិ ហើយទទូចឱ្យអាជ្ញាធរទម្លាក់​បទ​ចោទ​ប្រកាន់​ និងដោះលែងសកម្មជនតស៊ូមតិរូបនេះ ជា​បន្ទាន់។ ​

អស់រយៈពេល២០ថ្ងៃហើយ ដែលលោក នី ណាក់ សកម្មជនតស៊ូមតិមួយរូបហ៊ានយកចំណុចអវិជ្ជមានរដ្ឋាភិបាលមកវែកញែក ត្រូវបានតុលាកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគា។ បើទោះបីជាកន្លងមកមានអង្គការសង្គមស៊ីវិលទាំងក្នុង និងក្រៅស្រុកអំពាវនាវ និងជ្រោមជ្រែងឱ្យមានការដោះលែងរូបលោកក្តី ក៏ប៉ុន្តែមកទល់នឹងបច្ចប្បន្នគេនៅតែសង្កេតឃើញថា ក្រៅពីការបន្តឱ្យជាប់ឃុំក្នុងពន្ធធនាគារ អាជ្ញាធរនៅមិនទាន់មានដំណោះស្រាយ និងការឆ្លើយទៅលើបទចោទករណីលោក នី ណាក់​នៅឡើយ។

ជុំវិញបញ្ហានេះ បង្កឱ្យអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (Human Rights Watch) ចេញសេចក្តីថ្លែងការណ៍ជាថ្មីម្តងទៀត។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ចុះផ្សាយនៅ​ថ្ងៃ​ទី២៤ មករា បង្ហាញថា Human Rights Watch ទាមទារឱ្យ អាជ្ញាធរ​កម្ពុជាបញ្ឈប់សកម្មភាពប្រឆាំងអ្នក​រិះគន់​រដ្ឋាភិបាលរបស់​លោក នី ណាក់ និងទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់ចំពោះរូបលោក ដែល​សមត្ថកិច្ច​ចាប់​ខ្លួនលោក កាល​ពី​ថ្ងៃ​ទី៥ មករា ពាក់ព័ន្ធ​ការ​បញ្ចេញ​មតិ​រឿង​កាត់​ដី ៩១ហិកតា ឱ្យបុគ្គល​ឈ្មោះ ហេង សួរ។ ក្នុងនោះនាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) សង្កត់ធ្ងន់​​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ​«អាជ្ញាធរ​គួរ​គោរព​សិទ្ធិ​បញ្ចេញមតិ​ដោយ​សេរី ​ហើយ​ដោះលែង​លោក នី ណាក់ ជា​បន្ទាន់​ ​ដោយ​គ្មាន​លក្ខខណ្ឌ»។

លើសពីការស្នើសុំឱ្យទម្លាក់បទចោទ លោក Phil Robertson  ភ្ជាប់ទស្សនៈរិះគន់រដ្ឋាភិបាលថា«រដ្ឋាភិបាលអាណត្តិ​ថ្មី​ដែលមាន​លោក ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំនេះ ប្រកាន់​យក​ទី​តាំង ដែល​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​បន្សល់​ទុក​ឱ្យ​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​រិះគន់​រដ្ឋាភិបាល»។

ពាក់ព័ន្ធទៅនឹងសិទ្ធិសេរីភាពបញ្ចេញមតិ កន្លងមក​លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ធ្លាប់លើកឡើងក្នុងវេទិកាពិភាក្សាស្តីពី«សិទ្ធិសេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» ថានៅកម្ពុជាលោកហ៊ានអះអាងថាមិនមានការរិតត្បឹតសេរីភាពរបស់បុគ្គលណាម្នាក់ក្នុងការបង្ហាញទស្សនៈ និងបញ្ចេញមតិឡើយ ដោយលោករំលេចបន្ថែមថាហេតុដែលនាំឱ្យមានករណីចាប់ខ្លួនសកម្មជន ឬបុគ្គលណាម្នាក់គឺព្រោះតែពួកគេមិនគោរពទៅតាមច្បាប់ហើយធ្វើឱ្យប៉ះពាល់អ្នកដទៃ។

យ៉ាងណាមិញការចាប់ខ្លួន លោក នី ណាក់ កើតឡើងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីលោកបង្ហាញទស្សនៈជុំវិញព័ត៌មានដែលចេញផ្សាយពីករណីរដ្ឋាភិបាលសម្រេចកាត់ដី ៩១ហិកតារ នៅ​ខេត្ត​កំពត ឱ្យ​ឈ្មោះ ហេង សួរ ហើយស្ថាប័នសារព័ត៌មានដែលមានមូលដ្ឋាននៅក្រៅស្រុកមួយចំនួនដូចជាខេមបូឌៀ ដេលី (Cambodia Daily) និងអាស៊ីសេរីថាឈ្មោះនេះ ជាលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក នី ណាក់ បញ្ចេញមតិក្នុងសំណេរ​លើ​ហ្វេសប៊ុកឈ្មោះ Iman Kh ដោយលោក ​សរសេរ​រិះគន់​ជុំវិញព័ត៌មាននេះ ហើយលោកមិន​បាន​បញ្ជាក់​ថា ជា​លោក ហេង សួរ ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ទេ ប៉ុន្តែអត្ថបទនេះត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​ការងារចាត់ទុកជាករណីខ្លួន ហើយ​ប្ដឹង​លោក នី ណាក់ ទៅ​តុលាការ៕

Share

Image
Image
Image