ក្រោយឃើញមានការផ្សព្វផ្សាយ លើបណ្ដាញសង្គមហ្វេសប៊ុក ពីវ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ក្រសួងសុខាភិបាលបានអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នក្នុងការទទួលការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺនេះ ព្រោះអង្គការសុខភាពពិភពលោកមិនទាន់ទទួលស្គាល់នៅឡើយទេ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះវ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។ ការប្រកាសរបស់ក្រសួង ធ្វើឡើងក្រោយមានការផ្សព្វផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងបុគ្គលមួយចំនួន។
ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន វ៉ាក់សាំបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាទី៣ នៃដំណាកលើកាលសិក្សាសរុបទាំង៤នៅឡើយ។ ជាមួយគ្នា អង្គការសុខភាពពិភពលោក និងនាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំង Qdenga នៅឡើយដែរ។
វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម Qdenga មិនទាន់ត្រូវបានចុះបញ្ឆិកានៅក្នុងប្រទេសកម្ពុជានៅឡើយ។ នេះបើតាមការឱ្យដឹងពីក្រសួងសុខាភិបាលដដែល។ ហេតុនេះក្រសួងថា សាធារណជនគួរឈ្វេងយល់ និងបន្ដយកចិត្តទុកដាក់ក្នុងការថែទាសុខភាពដោយមធ្យោបាយសមស្រប ដែលមានការអនុញ្ញាត ដោយក្រសួងសុខាភិបាល។
លោកវេជ្ជ បណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាម ថាមកដល់ពេលនេះមិនមានការកត់ត្រាពីអ្នកប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមនេះនោះទេ ដោយសារប្រទេសកម្ពុជាមិនដែលប្រើវ៉ាក់សាំងនេះជាទូទៅ។ ប្រសិនបើមាន លោកវេជ្ជបណ្ឌិតថា ក៏មិនទទួលបានព័ត៌មានដែរ។
ប្រធានកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាមរូបនេះបន្ដថា មកដល់ពេលនេះមានករណីអ្នកជំងឺគ្រុនឈាមប្រមាណ១០០០ករណី តែចំនួននេះអាចគ្រប់គ្រងបាន។ តែនៅក្នុងឆ្នាំ២០២៤នេះដែរ លោកថាអាចនឹងមានច្រើនជាងឆ្នាំមុន។ លោក អំពាវនាវបន្ថែមដោយកុំឱ្យសង្ឃឹមទៅលើវ៉ាក់សាំងថ្មីនោះ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់សុខភាពទៅវិញ។
យ៉ាងណា អង្គការសុខភាពពិភពលោកធ្លាប់បានព្រមាន អំពីការប្រើប្រាស់វ៉ាក់សាំង Qdenga ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាមថា កន្លងមកវ៉ាក់សាំងនេះដើរតួនាទីជាការចម្លងគ្រុមឈាមលើកទី១ ហើយនៅពេលបុគ្គលនេះ កើតជំងឺគ្រុមឈាមម្ដងទៀត វាក្លាយទៅជាការកើតជំងឺគ្រុនឈាមលើកទី២ ដែលនឹងអាចវិវត្តទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរបាន៕