en     km
en     km

តុលាការសម្រេចចោទប្រកាន់អ្នកបើករថយន្តក្នុងស្ថានភាពស្រវឹងបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង

Share

ភ្នំពេញ៖ ក្រោយពីបើកការស៊ើបអង្កេតស្រាវជ្រាវ និង ពិនិត្យក្នុងភ័ស្ដុតាងសំណុំរឿងពាក់ព័ន្ធនឹងអ្នកបើករថយន្តបុករះនៅលើស្ពានឫស្សីកែវ ភូមិមិត្តភាព រាជធានីភ្នំពេញ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ«បើកដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឫ មិនគោរពកាតព្វកិច្ចដែលបទបប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឲ្យរបួស និង ស្លាប់អ្នកដទៃ»។

ករណីបុរសម្នាក់បើករថយន្តបុករះម៉ូតូ និងរថយន្តផ្សេងទៀត បណ្តាលឱ្យមនុស្សស្លាប់ និងអ្នករងគ្រោះ បង្កឱ្យមហាជន រួមទាំងអ្នកជំនាញ និងអ្នកវិភាគសង្គម លើកយកមកជាប្រធានបទជជែកវែកញែក និងស្នើឱ្យមានការយកចិត្តទុកដាក់ ហើយធ្វើយ៉ាងណាចាប់ជនប្រព្រឹត្តិទៅផ្តន្ទាទោសឱ្យបានទៅតាមច្បាប់ដែលមានចែង។

បន្ទាប់ពីផ្ទុះការចាប់អារម្មណ៍ពីសាធារណជននេះមកជាដំណោះស្រាយ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការសើបអង្កេតជុំវិញករណីនេះ ហើយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ តុលការប្រកាសសម្រេចដាក់បទជន ទៅលើជនប្រព្រឹត្តិដែលមានឈ្មោះថា នាង សំអូន ពីបទ«បើកដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឫ មិនគោរពកាតព្វកិច្ចដែលបទបប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឲ្យរបួស និង ស្លាប់អ្នកដទៃ» ដោយមានអត្រាជាតិអាល់កុល ០.៥៤មីលីក្រាមក្នុងមួយលីត្រខ្យល់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរដោយជនសង្ស័យ ឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ បានធ្វើដំណើរតាមបណ្ដោយផ្លូវស្ពានថ្មីឫស្សីកែវ ទិសដៅពីកើតទៅលិច ក្នុងទិសដៅចុះពីលើស្ពានដោយល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤មីលីក្រាមក្នុងមួយលីត្រខ្យល់ ទៅបុកពីក្រោយម៉ូតូ និងរថយន្តជាច្រើនគ្រឿង បណ្តាលឱ្យស្លាប់មនុស្ស ៤នាក់ និងរងរបួសមនុស្ស ៤នាក់ កើតហេតុកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨:៤០នាទី ត្រង់ចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ៕

Share

Image
Image
Image