en     km
en     km

​​​​ក្រសួងអប់រំបន្តវិធានហាមមិនទទួលការឧបត្ថម្ភពីក្រុមហ៊ុនថ្នាំជក់ក្នុងព្រឹត្តិការណ៍កីឡាទាំងអស់

Share

អ្នកចូលរួមកម្មវិធីរបស់ក្រសួងអប់រំស្តីពី«កីឡាគ្មានថ្នាំជក់៖ ហាមចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ក្នុងព្រឹត្តិការណ៍កីឡា (TOBACCO-FREE SPORTS)» នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។រូបភាព៖ CMH 

ភ្នំពេញ៖ បន្ទាប់ពីមើលឃើញនូវផលប៉ះពាល់នៃផលិតផលថ្នាំជក់ ដែលបង្កឱ្យខាតប្រយោជន៍រួម ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសដាក់ចេញនូវគោលការណ៍«កីឡាគ្មានថ្នាំជក់» ដោយផ្ដោចសំខាន់ទៅលើការហាមឃាត់មិនឱ្យទទួលការឧបត្ថម្ភក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក ឬក្រុមហ៊ុនផលិតផលអេចឈ៍ ធី ភី (HTPs)ក្នុងព្រឹត្តិការណ៍កីឡាទាំងអស់នៅកម្ពុជា។

លើសពីនេះក្រសួងអះអាងថា បើទោះបីស្ថិតក្នុងទម្រង់ ឬគោលបំណងណាក៏ដោយ ក្រសួងដាច់ខាតមិនទទួល​ ហើយរួមទាំងហាមមិនឱ្យសហការ ឬផ្តល់ទីកន្លែងសម្រាប់រៀបចំកម្មវិធីណាមួយរបស់ក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក ឬផលិតផលអេចឈ៍ ធី ភី (HTPs)ឡើយ។ តាមគោលការណ៍បញ្ជាក់ថា ការអនុវត្តកីឡាគ្មានថ្នាំជក់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌កីឡាគ្មានថ្នាំជក់ និងពង្រឹងសមត្ថភាពប្រកួតជាអតិបរមា និងទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពរបស់កីឡាករ កីឡាការិនី អ្នករៀបចំ ទស្សនិកជន ជាពិសេសយុវជន និងកុមារពីការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក ឬផលិតផលអេចឈ៍ ធី ភី (HTPs)។

ជុំវិញការដាក់ចេញនូវគោលការណ៍នេះ លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH)សម្តែងការគាំទ្រដោយលោកធ្វើការលើបញ្ហានេះ​ស្រាប់លោកមើលឃើញ​នូវឥទ្ធិពលអវិជ្ជមាន​ជាច្រើន​ដែលជាផលប៉ះពាល់ពីផលិតផលថ្នាំជក់។ លើសពីនេះលោកបង្ហាញក្តីកង្វល់ទៅលើបញ្ហាសុខភាព ប្រាជ្ញារស្មារី កុមារ និងយុវជន ដែលទទួលរងផលប៉ះពាល់ពីបារី និងបារីអេឡិចត្រូនិកដែលនេះលោកក៏ស្នើឱ្យមានការយកចិត្តទុកដាក់ពីក្រសួងអប់រំផងដែរ។

(ប្រសាសន៍របស់វេជ្ជបណ្ឌិត មុំ គង់)

យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក(WHO) ផលប៉ះពាល់នៃផលិតផលថ្នាំជក់មានទំហំធំធេង ជាពិសេសបំផ្លាញសុខភាព ទាំងអ្នកប្រើប្រាស់ និង អ្នកនៅជុំវិញ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការចូលរួមទាំងអស់គ្នា។ ជាតិនីកូទីន និងសារធាតុ គីមីផ្សេងទៀតដែលមាននៅក្នុងផ្សែងថ្នាំជក់ធ្វើឱ្យអន់ថយដល់រាងកាយ បង្កការរំខានដល់ការស្រូបយកអុកស៊ី សែន ប៉ះពាល់ដល់ចរន្តឈាម សួត សាច់ដុំ សន្លាក់ និងខួរក្បាល។ នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺបង្កដោយថ្នាំជក់។ ជំងឺទាំងនោះរួមមាន៖ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។

ទាក់ទិងទៅនឹងគោលការណ៍“កីឡាគ្មានថ្នាំជក់”នេះ គឺត្រូវបានអនុវត្តប្រកបដោយជោគជ័យ នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ មួយវិញទៀត  វាក៏ជាការបន្តវប្បធម៌កីឡាគ្មានថ្នាំជក់ដែលគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ (International Olympic Committee) បានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៨៨ មកម៉្លេះ៕

Share

Image
Image
Image