en     km
en     km

ពលរដ្ឋ៨គ្រួសារនាំគ្នាតវ៉ាទាមទារលុបប្រឡាយដែលអាជ្ញាធរបានជួលនិងខ្ចីដីពីប្រជាពលរដ្ឋដើម្បីជីកប្រឡាយរំដោះទឹក

Share

ប្រជាពលរដ្ឋប្រាំបីគ្រួសារនាំគ្នាតវ៉ាទាមទារលុបប្រឡាយដែល រដ្ឋបាលរាជធានីភ្នំពេញ សហការណ៍ជាមួយអង្គការចៃកា (JICA) បានជួល និងខ្ចីដីពីប្រជាពលរដ្ឋដើម្បីអនុវត្តគម្រោងស្តារ ប្រឡាយដើម្បីរំដោះទឹកចេញពីក្រុងនារដូវវស្សាហ៍ឆ្នាំ២០២៣កន្លងទៅ ដែលប្រឡាយស្ថិតក្នុងភូមិសាស្រ្ត ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលពេលនេះកុងត្រាជួលបានផុតកំណត់ខ្លះពីរខែ ខ្លះបីខែហើយ តែ អាជ្ញារធរ បែរជាមិនព្រមប្រគល់ឱ្យពលរដ្ឋចាត់ចែងប្រើប្រាស់លើដីដែលជាកម្មសិទ្ធិរបស់ខ្លួនឡើយ។

លោក អ៊ុក ដែន សូមជូននូវសេចក្តីរាយការណ៍៖

ប្រជាពលរដ្ឋប្រាំបីគ្រួសារនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អំពាវនាវដល់រដ្ឋាភិបាលជួយជំរុញដំណោះស្រាយជុំវិញបញ្ហាដែលអាជ្ញាធរបានជួលនិងខ្ចីដីពីប្រជាពលរដ្ឋដើម្បីជីកប្រឡាយរំដោះទឹកចេញពីក្រុង ក្នុងគម្រោងស្តារលូប្រឡាយកាលពីរដូវវស្សាឆ្នាំ២០២៣កន្លងទៅ ដែលពេលនេះកុងត្រាជួលបានផុតកំណត់ ហើយ អាជ្ញារធរមិនព្រមប្រគល់ឱ្យពលរដ្ឋវិញបែរជា សុំធ្វើកុងត្រាជួលបន្ត ក្រោមហេតុផលថាព្រោះគម្រោងស្តារលូប្រឡាយមិនទាន់រួចរាល់ តែពលរដ្ឋមិនព្រម។  ប្រជាពលរដ្ឋប្រាំបីគ្រួសារនោះ បាននាំគ្នាកាយដីលុបប្រឡាយដែលរដ្ឋបាលរាជធានីភ្នំពេញ សហការណ៍ជាមួយអង្គការចៃកា (JICA) បានជួល និងខ្ចីនោះ កាលពីថ្ងៃអាទិត្យទី២១ ខែមករា ឆ្នាំ២០២៤ ក្រោមហេតុផលថា កិច្ចសន្យាខ្ចី ឬជួលនោះបានផុតកំណត់ ហើយពួកគេក៏មិនជួលបន្តទៀតដែរ ព្រោះពួកគេត្រូវការយកដីមកប្រើប្រាស់ និងធ្វើផ្ទះសម្បែង។

លោកមុំ សាវុធ ជាពលរដ្ឋរស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានប្រាប់វិទ្យុស្ត្រីថា

ក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ អាជ្ញាធរភូមិ សង្កាត់ ជាមួយនិងអង្គការចៃកកា បានអភិវឌ្ឍន៍គម្រោងស្តារលូប្រឡាយបញ្ចៀសទឹកចេញពីក្រុង ដែលគម្រោងនេះធ្វើឱ្យប៉ះពាល់ដល់ដីនិងផ្ទះប្រជាពលរដ្ឋ២៥គ្រួសារ។ បន្ទាប់ពីមានការតវ៉ាខ្លះៗពីប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌមានជ័យសហការជាមួយសង្កាត់ចាក់អង្រែលើបានចេញលិខិតកិច្ចសន្យា ជួលខ្ចី ដែលមានរយៈពេល៦ខែដើម្បីជីកប្រឡាយបញ្ចៀសទឹកនេះ។តែមកដលឥឡូវផុតកុងត្រា៣-៤ខែហើយអាជ្ញាធរបែរជាមិនព្រមប្រគល់ឱ្យពលរដ្ឋទៅវិញ។

​«គាត់ក៏បានបញ្ជាក់ដែរថា រយៈពេលដែលការស្តារប្រឡាយហ្នឹងក៏វាអត់ដល់៦ខែផង យ៉ាងយូរហ្នឹង៤ទៅ៥ខែហ្នឹងហើយៗការស្តារប្រឡាយរបស់គេ ប៉ុន្តែជាក់ស្តែងហ្នឹងវាផុតកំណត់តាំងពីខែ៩(ខែកញ្ញា)ណាបង អ៊ីចឹងដំណោះស្រាយរបស់គាត់វាអត់សមស្របសោះ អ៊ីចឹងខ្ញុំអត់ព្រមទទួលយកសំណងរបស់ពួកគាត់ទេ ទី១ខ្ញុំចង់បានពេលវេលាជាក់លាក់ ព្រោះខ្ញុំអត់ចង់បានអស់១ឆ្នាំត១ឆ្នាំ អស់១ឆ្នាំត១ឆ្នាំទៀតទេ ចង់បានពេលវវលាជាក់លាក់ណាបង ហើយចំណុច១ទៀតគឺខ្ញុំចង់បានកុងត្រាស្មើណាបង ដូចថាខ្ញុំបាន៣០០នាក់ជុំវិញក៏បាន៣០០ ហើយយើងធ្វើកុងត្រាស្មើថ្ងៃទី១ថ្ងៃទី២យ៉ាងម៉េចក៏ដោយស្មើគ្នាណាបងយើងចប់ៗជាមួយគ្នា យើងផ្តើមជាមួយគ្នាអាហ្នឹងចង់បានតែ២ចំណុចនឹងទេ»។

 

 

ចំណែកអ្នកស្រី សូ រីនី អាយុ៥៦ឆ្នាំជាពលរដ្ឋរស់នៅភូមិបឹងទំពុន២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានប្រាប់វិទ្យុស្ត្រីថា  អ្នកស្រីមានដីទំហំ១០x២០ម៉ែត្រត្រង់ចំណុចប្រឡាយទី២ ដែលកាលពីថ្ងៃទី១១ ខែឧសភា ២០២៣ អាជ្ញាធរធ្វើលិខិតកិច្ចសន្យាខ្ចីដីរបស់គាត់ធ្វើប្រឡាយរំដោះទឹកកុងត្រារយៈពេល៦ខែ គិតមកទល់នឹងពេលនេះលើលចូល២ខែ ហើយអាជ្ញាធរមិនព្រមលុបប្រឡាយ និងប្រគល់ដីឱ្យគាត់ប្រើបា្រស់វិញទេ ។ អ្នកស្រីថា អ្នកស្រីចង់យកដីមកធ្វើផ្ទះជួល ដើម្បីបានកម្រៃខ្លះៗចិញ្ចឹមជីវិត ព្រោះពេលនេះអ្នកស្រីកំពុងរស់នៅតែម្នាក់ឯង។

«ចា៎ ខាងដីខ្ញុំដំបូងគេមកកាយតែម្តង ពេលខ្ញុំប្រាប់ថាកុំឱ្យកាយៗ គេថាហ៊ឹម..កាយសិនទៅ ប្រធានភូមិអីកាយសិនទៅ ខ្ញុំថាអត់មានសិនទេ ពេលខ្ញុំចុះទៅឃើញដូចអត់សូវស្រួលកាយឡើងជ្រៅទៅជាប្រឡាយហើយហ្នឹង ខ្ញុំ ដីប្អូនខ្ញុំជាប់ខ្ញុំហ្នឹង ខ្ញុំក៏ធ្វើរបងព័ទ្ធជុំវិញ ហើយក៏មានដំណោះស្រាយប្រាប់ថាខ្ចីដី ហើយខ្ញុំថាអញ្ចេះ ខ្ញុំសុំដាក់ជួល ហើយគេថាអត់ទេដាក់ខ្ចី ក៏គេសរសេរដាក់ខ្ចី៦ខែទៅ។ដល់ពេល៦ខែហើយ ដល់ពេល៦ខែហើយស្ងាត់ជ្រាប បានគេនាំគ្នាតវ៉ានិងណាក្មួយ។ដីខ្ញុំខ្ចីថ្ងៃទី៣០ខែ៥ចា៎ ត្រូវចប់ថ្ងៃទី៣០ខែ១១ចា៎ ឥឡូវលើសចូលពីខែហើយ។ ដីខ្ញុំៗនឹកឃើញថាខ្ញុំខំប្រឹងចាក់អាដីសំរាម​បន្តិចៗ ហើយខ្ញុំចាក់ដីទៅហើយខ្ញុំធ្វើផ្ទះខ្ទមៗជួលទៅមួយខែ៣០-៤០$ទៅបានគ្រាន់ដោះស្រាយជីភាព ខ្ញុំអត់ធ្វើការអីផង ខ្ញុំនៅផ្ទះហ្នឹងក្មួយ»។

ឯអ្នកស្រី ស្វាយ សុគន្ធី ជាពលរដ្ឋរស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យដែរបានប្រាប់វិទ្យុស្ត្រីថា  កាលពីថ្ងៃអាទិត្យទី២១ខែមករា ឆ្នាំ២០២៤ពលរដ្ឋទាំង៨គ្រួសារបាននាំគ្នាទិញដីដើម្បីចាក់លុបប្រឡាយ ដែលពួកគេថាត្រូវការដីដើម្បីប្រើប្រាស ព្រោះកិច្ចសន្យាខ្ចី ជួលនោះបានផុតកំណត់ហើយ ហើយពួកគេក៏មិនជួលបន្តទៀតដែរ។អ្នកស្រីថា អាជ្ញាធរបានឃាត់ឡាន និងគម្រាមយកទៅដាក់នៅខណ្ឌ លុះដល់ប្រជាពលរដ្ឋនាំគ្នាច្រើនទៅតវ៉ា ទើបលោកអភិបាលរងខណ្ឌ លោក កែវសំណាងចេញមកសម្របសម្រួលដោយសន្យាថានិងព្យាយាមរកដំណោះស្រាយឱ្យ។ អ្នកស្រីស្នើ ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ជួយជំរុញឱ្យមានដំណោះស្រាយជូនប្រជាពលរដ្ឋ ខណៈដែលអាជ្ញាធរមូលដ្ឋាន ហាក់មិនសូវយកចិត្តទុកដាក់ទៅលើបញ្ហា ការលើកឡើងរបស់ប្រជាពលរដ្ឋឡើយ។

«និយាយពីមេឃុំវិញ មេឃុំគាត់មកប្រា​ប់ម៉ែខ្ញុំថា ឱ្យទៅសុំគេទៅ ហើយសុំអីគេដីពួកខ្ញុំសោះដីពួកខ្ញុំសោះហ្នឹង ខ្ញុំទៅសុំគេរឿងអី ខ្ញុំបងពន្ធរដ្ឋពេញថ្លៃទៅឱ្យខ្ញុំសុំគេយ៉ាងម៉េច។ សុំឱ្យថ្នាក់ដឹកនាំជួយមើលប្រជាជន ដូចថាខាងអាជ្ញាធរ ទាំងភូមិ ទាំងឃុំ ទាំងខណ្ឌ បំពានតាម៉ងហា៎ ដឹងហើយឮហើយនៅធ្វើអត់ដឹង ហ្នឹងហើយចង់ឱ្យគាត់ជួយប្រជាជន ព្រោះប្រជាជនមានតែដីប៉ុណ្ណឹងទេសម្រាប់ជីវភាពគ្រួសារ ព្រោះរាល់ថ្ងៃខ្ញុំជួលផ្ទះគេដែរទេ»។

ជុំវិញរឿងនេះវិទ្យុស្រ្តីមិនទាន់អាចសុំការបំភ្លឺពីសាលាខណ្ឌមានជ័យបាននៅឡើយទេគិតមកទល់និងពេលនេះ ដោយ

ប្រព័ន្ធទូរស័ព្ទលោក ឡុង ងែត អភិបាលរងខណ្ឌមានជ័យ ទាក់ទងមិនបាន។ ចំណែក លោក កែវសំណាងអភិបាលរងខណ្ឌមានជ័យម្នាក់ទៀត ឆ្លើយតប ថាជាប់ប្រជុំ។ វិទ្យុស្ត្រីបានព្យាយាមទាក់ទងលោក ឡាយ អូន អភិបាលរងខណ្ឌមានជ័យដែរនោះ បានអះអាងថា លោកមិនមានសិទ្ធិក្នុងការឆ្លើយតបអ្នកសារព័ត៌មានទេ លោកឱ្យទំនាក់ទំនងទៅនាយករដ្ឋបាល។

«បងខ្ញុំរវល់បង ខ្ញុំអត់មាននាទីឆ្លើយរបជាមួយនិងមេឌៀ មិនដឹងថាបងចង់សួរពីអី តែខ្ញុំអត់មាននាទីឆ្លើយតប»។

ក្នុងរឿងនេះដែរ ស៊ឹងសែន ករុណា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជាអ្នកនាំពាក្យនៃសមាគម អាដហុក មានប្រសាសន៍ថា កិច្ចសសន្យាអាចធ្វើទៅបានលុះណាតែមានការព្រមព្រាងទាំងសងខាង ។ម្យ៉ាងទៀតកិច្ចសន្យាដែលផុតសពលភាពមិនអាចយកមកប្រើប្រាស់ជាលក្ខណ្ឌដើម្បីអនុវត្តបន្តបានទេ លុះណាតែមានកិច្ចសន្យាថ្មី។ករណីផុតកុងត្រាហើយភាគីអ្នកជួលមិនប្រគល់ឱ្យទៅម្ចាស់ដើមវិញ​ គឺជាការរំលោភច្បាប់ និងសិទ្ធិកម្មសិទ្ធីឯកជន បើដីពលរដ្ឋមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ពលរដ្ឋអាចរកដំណោះស្រាយតាមរយៈការដាក់ពាក្យបណ្តឹងតាមផ្លូវតុលាកា។

«ក្នុងករណីនេះបើប្រជាពលរដ្ឋគាត់ជាម្ចាស់កម្មសិទ្ធិ មានផ្លង់កម្មសិទ្ធិស្របច្បាប់ទៅទៀត​ បើសិនជាគាត់អត់ជួលបន្តគាប្បីមានការប្រគល់ដីធ្លីមកឱ្យពួកគាត់ដើម្បីចាត់ចែងគ្រប់គ្រងប្រើប្រាស់តាមច្បាប់ ពីព្រោះធម្មតាធម្មតាគាត់មានកម្មសិទ្ធិស្របច្បាប់ គាត់មានសិទ្ធិស្របច្បាប់ក្នុងការចាត់ចែងលក់ដូរប្រើប្រាស់ហ្នឹងហើយ។ប៉ុន្តែក្នុងករណីដែលពួកគាត់មិនបន្តកិច្ចសន្យា ហើយមិនព្រមប្រគល់ដីឱ្យគាត់គឺជាករណីមួយរំលោភបំពានទៅលើផ្លូវច្បាប់ហើយ អ៊ីចឹងប្រជាពលរដ្ឋហ្នឹងគាត់មានសិទ្ធិក្នុងការដាក់បណ្តឹងទៅតាមនីតិវិធី ប៉ុន្តែការដាក់បណ្តឹងទៅតាមអាជ្ញាធរគ្រាន់តែជាមធ្យោបាយមួយដើម្បីធ្វើការសម្របសម្រួលទេ ប៉ុន្តែបើនីតិវិធីដែលត្រឹមត្រូវនោះ គាត់មានប័ណ្ណកម្មសិទ្ធិស្របច្បាប់បែបហ្នឹង គួរតែដាក់បណ្តឹងទៅតុលាកាដើម្បីធ្វើសេចក្តីសម្រេច»។

មាត្រា២  នៃច្បាប់ភូមិបាល បានចែងថា ពលរដ្ឋកម្ពុជាមានសិទិ្ធពេញទី ក្នុងការកាន់កាប់ប្រើប្រាស់ដីធ្លី ដែលរដ្ឋប្រគល់ឱ្យសម្រាប់ប្រើប្រាស់រស់នៅ និងធ្វើអាជីវកម្ម។ ចំណែក  មាត្រា ៣ ចែងថា រដ្ឋធានាឱ្យអ្នកប្រើប្រាស់ដីធ្លីនូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងទទួលផលស្របច្បាប់អំពីដីធ្លី។ ការប៉ះពាល់ដល់សិទ្ធិឯកជននៃពលរដ្ឋ ត្រូវហាមឃាត់មិនឱ្យមាន វៀរលែងតែប្រយោជន៍សាធារណៈតម្រូវឱ្យធ្វើ ក្នុងករណីដែលមានចែងក្នុងច្បាប់។ ក្នុងន័យនេះម្ចាស់កម្មសិទ្ធិមានសិទ្ធិទទួលបំណាច់ជាមុន ដោយត្រឹមត្រូវ និងសមរម្យ៕

 

អត្ថបទ៖ អ៊ុក ដែន 

Share

Image
Image
Image