en     km
en     km

ហេតុអ្វីបានជាស្រ្តីក្នុងវិស័យនយោបាយមានចំនួនតិចជាងបុរស?

Share

រយ:ពេលប៉ុន្មានឆ្នាំមកនេះ ទោះបីជាមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ ប៉ុន្តែចំនួនស្រ្តីនៅក្នុងវិស័យនយោបាយ ហាក់ដូចជានៅមានចំនួនតិចនៅឡើយ បើធៀបទៅនឹងបុរស។

តើកត្តាអ្វីខ្លះដែលបណ្ដាលឱ្យស្ត្រីមានចំនួនតិច ក្នុងវិស័យនយោបាយដូច្នេះ?

យោងតាមឯកសារស្រាវជ្រាវសង្ខេបរបស់ក្រុមសមាជិកព្រឹទ្ធសភា បានឱ្យដឹងថា  កត្តាដែលធ្វើឱ្យមានស្ត្រីតិចជាងបុរសក្នុងវិស័យនយោបាយរួមមាន​ បុរសជាគំរូវិស័យនយោបាយ ឧបសគ្គសង្គម-សេដ្ឋកិច្ច ខ្វះទំនុកចិត្ត ការគាំទ្រពីសង្គម និងសមាជិកក្រុមគ្រួសារផងដែរ។ បន្ថែមលើនេះ ស្រ្តីគឺមានចំនួនតិចក្នុងតួនាទីជាអ្នកដឹកនាំ និងធ្វើការសម្រេចចិត្ត នៅក្នុងគណបក្សនយោបាយ ដែលជំនួសមកវិញដោយធ្វើជា អ្នកគាំទ្រគណបក្សនយោបាយនៅកម្រិតមូលដ្ឋាន ឬគាំទ្រអ្នកដឹកនាំគណបក្សបុរស ស្របពេលដែលមានបុរសស្ទើរតែគ្រប់ស្ថាប័ននៅក្នុងសង្គម ដែលធ្វើឱ្យមានវិសមភាពយេនឌ័រនៅកម្ពុជា។

ជុំវិញបញ្ហានេះ លោកស្រី សឺនកេត សិរីលក្ខណ៍ ជាអ្នកសម្របសម្រួលអប់រំ និងយេនឌ័រនៃអង្គការខុម ហ្រែ្វល ក្នុងកម្មវិធី ចេញផ្សាយរបាយការណ៍ ស្ដីពី« ការតាមដានលើការអនុវត្តអនុសញ្ញាស៊ី-ដ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២២» បានលើកឡើងថា៖

«ស្ត្រីក្នុងវិស័យនយោបាយសាធារណ:យើងឃើញជម្រើសពីរគួរឱ្យចាប់អារម្មណ៍ ទី១-ខ្វះនៅគោលនយោបាយនិងក្របខ័ណ្ឌច្បាប់នៅក្នុងនយោបាយ ក្នុងការធ្វើឱ្យមានសមភាពយេនឌ័រ ធ្វើឱ្យស្រ្តីនឹងអាចមានឱកាសស្មើភាពក្នុងការចូលរួមជាមួយបុរស។»

បើក្រឡេកមកមើលក្នុងវិស័យសាធារណៈវិញ  មន្ត្រីខុមហ្វ្រែលរូបនេះ សង្កេតឃើញមានច្បាប់និងគោលនយោបាយច្រើន ប៉ុន្តែនៅមិនទាន់ឃើញនៅយន្តការ ធ្វើយ៉ាងណាឱ្យស្រ្តីក្លាយជាអ្នកដឹកនាំបានច្រើន ហើយខ្វះនូវវិធានការណ៍ពិសេសថែមទៀត ។ លោកស្រី សឺនកេត សិរីលក្ខណ៍ មានប្រសាសន៍ថា៖

« ជាក់ស្ដែងយើងមើលឃើញ គណៈរដ្ឋមន្រ្តីថ្មី អត់មានវិធានការណ៍ពិសេសអី ថាកំណត់គោលការណ៍ ត្រូវដាក់ស្រ្តីប៉ុន្មានភាគរយក្លាយជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ប្រមុខរដ្ឋលេខាធិកា។ ហើយយើងមិនទាន់មើលចាប់ពីអគ្គនាយករហូតដល់ ប្រធានការិយាល័យ អត់ទាន់មានយន្តការមួយជាក់លាក់ ហើយកំណត់ឱ្យជាក់លាក់ទេ។ ហើយបើយើងឆ្លុះបញ្ចាំងជាមួយរដ្ឋមន្ត្រីចាស់ ដែលគាត់មានប្រសាសន៍ កាលពី International Women Day(សិទ្ធិនារីអន្តជាតិ) ២០២៣ ហ្នឹង លោក Commitment   (មានការតាំងចិត្ត) ធ្វើម៉េចឱ្យមានវិធានការណ៍ជាក់លាក់ ជាក់ស្ដែង តែយើងមិនទាន់ឃើញមាននៅឡើយទេ។»

 ចំណែក លោក មាស សាវុធ ដែលជា ប្រធានការិយាល័យនៃក្រសួងកិច្ចការនារីបានបង្ហាញថា ស្ត្រីក្នុងរដ្ឋសភាមានចំនួ​នតិច ដោយសារតែគណបក្សនយោបាយ ​និងមួយចំណុចទៀតពាក់ព័ន្ធនឹងការបោះឆ្នោត អាណត្តិដំបូង នៅឆ្នាំ២០០២ របស់ឃុំ-សង្កាត់ ក្រសួងកិច្ចការនារីក៏បានស្វែងរកការគាំទ្រមតិ ដើម្បីធ្វើយ៉ាងណា ស្នើសុំឱ្យដាក់កូតា៣០% ប៉ុន្តែជាលទ្ធិផលមិនអាចធ្វើបាន។

« បច្ចុប្បន្ននេះ ដោយសារការរៀបបញ្ជីឈ្មោះក្នុងលេខរៀងសម្រាប់ការបោះឆ្នោត លេខរៀងនៃគណបក្សនយោបាយគឺ ចំណុចសំខាន់បំផុតគឺមិនមានកូតា។ សូម្បីតែនៅថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនិងក្រុមប្រឹក្សា រាជធានីខេត្តក្រុងស្រុកខណ្ឌ ក៏ដូចជាក្រុមប្រឹក្សា ឃុំ-សង្កាត់ យើងមិនទាន់មានបែងចែក កូតាដែរ។ ឧទាហរណ៍ថា ឥឡូវមិនទាន់បានបែងចែកថាស្ត្រីត្រូវតែមាន៤០%នៅក្នុងបញ្ជីបោះឆ្នោត បុរស៦០%អ៊ីចឹងទៅ»។

​មួយវិញទៀត ស្រ្តីក្នុងវិស័យនយោបាយ ភាគច្រើនមានវ័យចាស់ ហើយកម្រិតនៃការយល់ដឹងក៏នៅមានកម្រិតដែរ ប៉ុន្តែសម្រាប់អាណត្តិមុន​ នៅរង់ចាំមើលការបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្តក្រុង ស្រុកខណ្ឌ ព្រោះមានការបញ្ចូលយុវវ័យ-ក្មេងៗច្រើន ហើយក្រុមប្រឹក្សាភូមិក៏មិនសូវឃើញមានស្រ្តីវ័យក្មេង ដែលចប់បរិញ្ញាប័ត្រ ចូលប្រឡូកការងារវិស័យនយោបាយ បានច្រើនផងដែរ។ នេះបើយោងតាមការបង្ហាញបន្ថែមរបស់លោក មាន សាវុធ។

លោកស្រី ពោធិតី សាវតី ប្រធាន គណបក្សធម្មាធិបតេយ្យ បានបង្ហាញពីមូលហេតុមួ យទាក់ទងនឹងបញ្ហាគ្រួសារ ដែលធ្វើឱ្យស្រ្តីភាគច្រើនមិនស្មើភាពនឹងបុរស មិនស្មើចំនួននឹងភាគរយរបស់បុរស ដោយលោកស្រីបានមានប្រសាសន៍ថា៖

«ក្នុងនាមខ្ញុំជាមេបក្សធម្មាធិបតេយ្យ ជាថ្នាក់ដឹកនាំ ជា ប្រធានគណ:បក្សធម្មាធិបតេយ្យ ណាមួយជាស្រ្តីទៀតផងខ្ញុំបានចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ខ្ញុំគិតថា ស្រ្តីនៅកម្ពុជាយើង លោកមានភារកិច្ចរក្សាកូនចៅ មើលខុសត្រូវកូនចៅ កូនចៅរបស់គាត់ ហើយពេលខ្លះស្វាមីគាត់មិនអនុញាតិឱ្យធ្វើនយោបាយ ចឹងគាត់ត្រូវស្ដាប់គ្នាទៅវិញទៅមក ដើម្បីសុភមង្គលក្នុងគ្រួសារ។»

បើតាមលោកមាស សាវុធ ក្រសួងកិច្ចការនារីបច្ចុប្បន្ន គឺមានការបង្កើតនូវវេទិកា២ឆ្នាំជាប់គ្នាហើយ ឆ្នាំមុននិងឆ្នាំនេះ ដែលមានឈ្មោះថា «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ» ។ វេទិកានេះធ្វើឡើងដើម្បីលើកទឹកចិត្តស្រ្តី ឱ្យមានការចូលរួមលើវិស័យនេះ ហើយក៏មានការអញ្ជើញស្រ្តីដែលមានតួនាទី មុខតំណែងខ្ពស់ៗមកចែករំលែកបទពិសោធន៍ ដែលបង្ហាញពីគន្លឹះរបស់ពួកគាត់។ លើសពីនេះ ក្រសួងកិច្ចការនារីក៏បានប្រើកញ្ចប់ថវិកា ធ្វើនូវយុទ្ធនាការ វគ្គបណ្ដុះបណ្ដាល និងការគាំទ្រមតិផ្សេងៗផងដែរ។

ឯកសារស្រាវជ្រាវនៃវិទ្យាស្ថានសភាកម្ពុជាស្ដីពី«ការលើកកម្ពស់ការចូលរួមរបស់ស្រ្តីនៅក្នុងឆាកនយោបាយនៅថ្នាក់ក្រោមជាតិ » បានបង្ហាញពីបញ្ហាចំនួន៦រួមមាន ៖ អាទិភាពរបស់គណបក្សនយោបាយ កត្តាសង្គម និងកង្វះខាតការគាំទ្រ ការអប់រំ ភាពឯករាជ្យខាងសេដ្ឋកិច្ច ការអនុវត្តគោលនយោបាយ ការបញ្ចេញទស្សន:ក្នុងការចេញសេចក្ដីសម្រេចចិត្តថ្នាក់មូលដ្ឋាន។ ចំណែកឯភាពជោគជ័យរបស់ស្រ្តីក្នុងឆាកនយោបាយ ពឹងផ្អែកលើកត្តាមួយចំនួនដូចជា អាទិភាពនៅក្នុងគណបក្សនយោបាយ អត្តចរិតបុគ្គល ប្រវត្តិនៅក្នុងសហគមន៍ ឥរិយាបទរបស់បុគ្គល និងនៅពេលដែលពួកគាត់ទទួលបានការគាំទ្រជាសាធារណ: ក្នុងសហគមន៍​ ដែលជាកត្តាជំរុញតួនាទីរបស់ពួកគាត់នៅក្នុងគណបក្ស៕

អត្ថបទ៖សួ សុវណ្ណិកា

Share

Image
Image
Image