en     km
en     km

នាទីសុខភាព៖ស្វែងយល់ពីការកើតលឿងលើស្បែក និងភ្នែក

Share

ការកើតលឿងគឺជារោគសញ្ញាមួយនៃជំងឺផ្សេងៗជាច្រើន ដែលការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Bilirubine)។

មូលហេតុនៃការកើតលឿងបណ្តាលមកពីមូលហេតុចំបងធំ២គឺ៖

ទី១៖ គឺជាការកើនឡើងនូវសារធាតុ ប៊ីលីរុយប៊ីន បំលែងរួចក្នុងថ្លើម (Ictère à Bilirubine Conjuguée) ដោយសារ  ការរលាកថ្លើមឬក្រិនថ្លើម  គ្រួសក្នុងថង់ទឹកប្រម៉ាត់ ការរលាកលំពែងរ៉ាំរ៉ៃ ការរលាកផ្លូវទឹកប្រម៉ាត់រ៉ាំរ៉ៃ  មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រម៉ាត់ជាដើម)។

ទី២៖ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirubine non Conjuguée) ដោយសារ ការបែកគ្រាប់ឈាមក្រហម។

ចំពោះរោគសញ្ញានៃជំងឺទាំងនេះរួមមាន៖  ការឡើងលឿងតាមស្បែក និងភ្នែក រមាស់លើស្បែក លាមកពណ៌ស ទឹកនោមលឿងចាស់ និង រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជា ឈឺចុងដង្ហើមផ្នែកខាងក្រោយឆ្អឹងជំនីខាងស្តាំ ស្ទាបប៉ះដុំពោះ ថ្លើមរីក ក្តៅខ្លួន និងរោគសញ្ញាផ្សេងទៀត ។

សម្រាប់ការធ្វើរោគវិនិច្ឆ័យ គឺពឹងផ្អែកទៅលើការសាកសួរពីប្រវត្តិជំងឺរបស់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសារ រួមទាំងការពិនិត្យ ទៅលើរោគសញ្ញារាងកាយដែលបានរៀបរាប់ដូចខាងលើ ។

ជាក់ស្តែងការកើតលឿង តម្រូវឱ្យយើងមើលឈាមមួយចំនួនដូចជា  គ្រាប់ឈាម ប៊ីលីរុយប៊ីន កំណកឈាម (TP, TCA) មុខងារថ្លើម មេរោគថ្លើម A, B, C និងពិនិត្យឈាមផ្សេងៗមួយចំនួនទៀត ទៅតាមរោគសញ្ញាដែលសង្ស័យ ។ វាចាំបាច់តម្រូវឱ្យមានការធ្វើអេកូពោះ និងអាចឈានទៅដល់ការធ្វើស៊ីធីស្កែន រឺ IRM ព្រមទាំងការឆ្លុះរកគ្រួសទឹកប្រម៉ាត់តាមផ្លូវលំពែង (CPRE) ។

សម្រាប់ការព្យាបាលវិញ មានលក្ខណៈខុសគ្នាទៅតាមមូលហេតុដែលបង្ករជំងឺ ។ ការព្យាបាលអាចជា ការប្រើប្រាស់ថ្នាំគ្រាប់ ការឆ្លុះចាប់គ្រួស ការវះកាត់ផ្សេងៗ។

មន្ទីរពេទ្យ កាល់ម៉ែតបញ្ជាក់ថា បើលោកអ្នកមានលេចចេញនូវរោគសញ្ញាកើតលឿងដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់រហ័សទាន់ពេលវេលា រួមជាមួយវិធីសាស្ត្រនៃការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

Share

Image
Image
Image