លោក សែម ប៉ាត នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី បានលើកឡើងថា ជនជាតិដើមភាគតិចបានចាប់អារម្មណ៍លើជំនាញសម្អាងកាយជាងគេក្នុងចំណោមជំនាញទាំង៥របស់មជ្ឈមណ្ឌលវិជ្ជាជីវៈបានដាក់ចេញសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាល។ ការលើកឡើងបែបនេះ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ បានបើកបវេសនកាលជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
បើតាមលោក សែម ប៉ាត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ទទួលបានយុវជនជនជាតិដើមភាគតិច ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសប្រមាណ៦១នាក់ ភាគច្រើនបងប្អូនជនជាតិទាំងនោះជាជនជាតិព្រៅ កាវ៉ែត ទំពួន គ្រឹង ចារ៉ាយ កាចក់ និងឡាវ។ ពួកគេភាគច្រើនបានចុះឈ្មោះចូលរៀនជំនាញសម្អាងកាយ និងបន្ទាប់មកទៀតមាន មុខជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ដំឡើងបណ្ដាញអគ្គិសនី សេវាកម្មសម្អាងកាយ និងសេវាកម្មកាត់សក់។
វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥លាននាក់ ត្រូវបានប្រមុខរដ្ឋាភិបាលដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរីបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន២៤០នាក់ ស្រី ៩៧នាក់ លើជំនាញចំនួន៥ ដែលជាជំនាញមានតម្រូវការទីផ្សាការងារខ្ពស់ តាមបណ្តាក្រុមហ៊ុនសហគ្រាស និងមានប្រាក់ចំណូលសមរម្យនាពេលបច្ចុប្បន្ននេះ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១លាន៥សែននាក់ ដែលមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ។ ក្នុងនោះយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀលរហូតដល់បញ្ចប់ការសិក្សា៕