en     km
en     km

ជំងឺខ្សោយតម្រងនោមដោយសារការបរិភោគប្រមាត់ត្រី

Share

ប្រជាជនក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ីក៏ដូចជាកម្ពុជា នៅមានទម្លាប់ប្រើប្រាស់ឱសថបុរាណក្នុងការព្យាបាលជំងឺ។ ប្រម៉ាត់ត្រីត្រូវបានគេចាត់ទុកជាឱសថមួយប្រភេទសំរាប់បំប៉នសុខភាព ជំនួយភ្នែក ព្យាបាលគ្រុនក្ដៅឬជំងឺហឺតជាដើម។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។

ប្រម៉ាត់ត្រីប្រភេទខ្លះមានផ្ទុកនូវសារធាតុពុលមួយចំនួនដូចជា សារធាតុ 5α ដែលអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។

ត្រីដែលមានប្រម៉ាត់ពុលមានច្រើនប្រភេទ ប៉ុន្តែនៅប្រទេសកម្ពុជាប្រម៉ាត់ត្រីដែលតែងបង្កការពុលញឹកញាប់មាន ២ប្រភេទគឺ ប្រម៉ាត់ត្រីក្អែក នឹង ប្រម៉ាត់ត្រីត្រសក់។

សម្រាប់រោគសញ្ញា នៃជំងឺនេះគឺទៅតាមកម្រិតនៃការពុលហើយអាស្រ័យនឹងបរិមាណដែលបានបរិភោគ។ អ្នកជំងឺភាគច្រើនកើតមានអាការៈឈឺពោះខ្លាំង ក្អួត រាគ នៅប៉ុន្មានម៉ោងក្រោយបរិភោគ។ ហើយបន្ទាប់ពី ៤៨ ទៅ ៧២ម៉ោងក្រោយ អ្នកជំងឺចាប់ផ្តើមមានរោគសញ្ញានៃការពុលតម្រងនោមដូចជា ហើម នោមតិចឬគ្មានទឹកនោម (ពេលខ្លះអាចមានរោគសញ្ញានៃការពុលថ្លើមផងដែរដូចជា ភ្នែកនិងស្បែកឡើងពណ៌លឿងជាដើម)។

ចំពោះ ការព្យាបាលវិញ រាល់មានករណីពុលប្រម៉ាត់ត្រីទាំងអស់ អ្នកជំងឺត្រូវទទួលការព្យាបាលដោយយកចិត្តទុកដាក់ ពីព្រោះក្នុងករណីអាចមានអាការៈពុលដល់តម្រងនោម ដែលមានសភាពធ្ងន់ធ្ងររហូតទាមទារអោយមានការព្យាបាលដោយលាងឈាម (Hemodialysis)។

ទន្ទឹមនេះមន្ទីរពេទ្យកាល់ម៉ែតក៏បានរម្លឹកដែរថា ​ បើនាងកញ្ញា លោក លោកស្រី មានអាការៈឬរោគសញ្ញាដូចបានរៀបរាប់ខាងលើ ដោយសារការពុលប្រម៉ាត់ត្រី សូមអញ្ជើញមកជួបគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាព៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

Share

Image
Image
Image