en     km
en     km

ពលរដ្ឋថៃម្នាក់ជាប់ពន្ធនាគារ ៥០ឆ្នាំពីបទប្រមាថព្រះមហាក្សត្រ

Share

បើទោះបីជាប្រទេសថៃមានការអភិវឌ្ឍជឿនលឿនយ៉ាងណាក្តី តែសិទ្ធិសម្រាប់បញ្ចេញមតិនៅតែជាចម្ងល់របស់សាធារណជន ដ្បិតកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ម្សិលមិញ តុលាការថៃសម្រេចកាត់ទោសបុរសជនជាតិថៃម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៥០ឆ្នាំ​ ពីបទប្រមាថព្រះមហាក្សត្រ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

ក្រុមអ្នកការពារសិទ្ធិមនុស្សនៅប្រទេសថៃរាយការណ៍ឱ្យដឹងថា បុរសជនជាតិថៃម្នាក់ត្រូវតុលាការថៃកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥០ឆ្នាំ ចំពោះការរិះគន់របបរាជានិយម កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។ នេះជាករណីជាប់ពន្ធនាគារដ៏យូរបំផុតមួយ និងមិនធ្លាប់មាននៅក្នុងប្រទេសថៃសម្រាប់ការជាប់ទោសក្រោមបទប្រមាថព្រះមហាក្សត្រថៃ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៤។

ជុំវិញករណីនេះ តុលាការឧទ្ធរណ៍នៅភាគខាងជើងនៃខេត្តឈៀងរ៉ៃបានបង្ហាញថា លោក Mongkol Thirakot អាយុ ៣០ឆ្នាំ និងជាអតីតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ បានបង្ហោះសាររិះគន់ចំៗចំពោះលទ្ធិរាជានិយមនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។​ តុលាការបញ្ជាក់ថា ដំបូងឡើយ លោក Mongkol ត្រូវតុលាការព្រហ្មទណ្ឌកម្រិតទាបកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៨ឆ្នាំប៉ុណ្ណោះ។

ក៏ប៉ុន្តែ ក្រោយមកត្រូវគេរកឃើញថា លោកមានកំហុសចំនួន ១១ករណីបន្ថែមទៀតនៅក្នុងអំឡុងពេលតវ៉ាក្នុងបណ្តឹងឧទ្ធរណ៍ ដែលនាំឱ្យមានការកាត់ទោសយូរជាងនេះ។ ក្នុងនោះ មេធាវីថៃដើម្បីសិទ្ធិមនុស្ស (TLHR) បាននិយាយថា សាលាឧទ្ធរណ៍បានកាត់ទោសឱ្យលោក Mongkol ជាប់ពន្ធនាគារ ២២ឆ្នាំសម្រាប់មាត្រា១១២ លើការបង្ហោះសាររិះគន់ក្នុងបណ្តាញសង្គមហ្វេសប៊ុកចំនួន ២៧ករណីបន្ថែមពីលើការកាត់ទោសរយៈពេល ២៨ឆ្នាំរួចជាស្រេចរបស់តុលាការបឋម។

មេធាវីថៃដើម្បីសិទ្ធិមនុស្ស (TLHR) ឱ្យដឹងទៀតថា សរុបទាំងការកាត់ក្តីមុននិងក្រោយ លោក Mongkol ត្រូវជាប់ពន្ធនាគាររយៈពេល ៥០ឆ្នាំ ដែលនេះជាការកាត់ទោសយូរបំផុតសម្រាប់បទបរិហារកេរ្តិ៍ និងប្រមាថព្រះមហាក្សត្រថៃមាត្រា១១២។ លោកគូសបញ្ជាក់ថា លោក Mongkol នឹងដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសនៅតុលាការកំពូលជាបន្តទៅទៀត។

គួរបញ្ជាក់ថា ថៃជាប្រទេសប្រកាន់យកលទ្ធិរាជានិយម និងបង្កើនការប្រើប្រាស់ច្បាប់តឹងរឹងទាក់ទងនឹងច្បាប់ប្រមាថព្រះមហាក្សត្រដែលការពារព្រះមហាក្សត្រ Maha Vajiralongkorn និងក្រុមគ្រួសារជិតស្និទ្ធរបស់ព្រះអង្គពីការរិះគន់។ ជារឿយៗ ច្បាប់នេះត្រូវបានគេថា ជាច្បាប់ដែលមានភាពចម្រូងចម្រាស និងប្រឆាំងនឹងបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងអ្វីដែលអ្នករិះគន់និយាយថា ជាយុទ្ធសាស្ត្រដើម្បីបំបិទមាត់អ្នកប្រឆាំង៕

ប្រភព៖ CNA ចុះថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤

 

Share

Image
Image
Image