en     km
en     km

ដាំប៉ាគ្រៀវជារបរបន្ថែមដែលស្ត្រីជនជាតិដើមភាគតិចរកប្រាក់ចំណូល ទ្រទ្រង់ជីវភាពគ្រួសារ

Share

រូបភាពពីហ្វេសប៊ុក

សហគមន៍ភូមិឡុំ ជាតំបន់ដាច់ស្រយាលមួយ ស្ថិតក្នុងខេត្តរតនៈគិរី ដែលសម្បូរទៅដោយធនធានធម្មជាតិ ។ បងប្អូនជនជាតិដើមភាគតិចដែលរស់នៅទីនោះភាគច្រើននិយមធ្វើស្រូវស្រែចម្ការតាមបែបប្រពៃណីមានដូចជាដាំស្រូវនិងដំឡូងជាដើម។ ក្រៅពីរបរធើ្វស្រែចំការ ពួកគាត់ក៏ឆ្លៀតងាកមកដាំប៉ាគ្រៀវដែលជាមុខរបរបន្ថែមទៀតសម្រាប់ស្ត្រីជនជាតិដើមភាគតិចអាចរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ។

សកម្មភាពរបស់ប្រជាសហគមន៍ភូមិឡុំ កំពុងប្រមូលផលដើមប៉ាគ្រៀវ

អ្នកស្រី រម៉ាម តាម៉ាល ជាពលរដ្ឋម្នាក់ និងជាអ្នកដាំផ្ទាល់បានឱ្យដឹងថា ការធើ្វកសិកម្មដាំប៉ាគ្រៀវនេះ មានភាពងាយស្រួលក្នុងការដាំ មិនចំណាយច្រើន និងមិនពិបាកលក់ផង ដ្បិតថា ៣ខែអាចដកយកទៅលក់បាន ជាហេតុនាំឱ្យពួកគាត់អាចរកប្រាក់កម្រៃបានខ្លះៗដើម្បីទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ។ 

«មូលហេតុដែលខ្ញុំចាប់អារម្មណ៍ដាំប៉ាគ្រៀវនេះ ដោយសារតែប៉ាគ្រៀវងាយស្រួលដាំ ហើយក៏ងាយស្រួលលក់ដែរ។ ឧទាហរណ៍ប៉ាគ្រៀវវាមានពីររ ដូវប្រាំងនិងរដូវវស្សា។ បញ្ហាដែលប្រឈមគឺគេលួចដកប៉ាគ្រៀវរបស់យើង។ ពេលវាបានផល ស្លឹកវាយើងយកទៅធើ្វសម្លរ បុកជាមួយត្រីអាំងផ្សេងៗ ហើយមើមវាយើងធើ្វជ្រក់» ។

អ្នកស្រីបន្ថែមទៀតថា សម្រាប់ទីផ្សារដែលទិញលក់នៅតាមភូមិមានតម្លែទាបជាងឈ្មួញដែលមកទិញ គឺ ដោយសារឈ្មួញចុះមកទិញនោះគឺជាជនជាតិដើមភាគតិចទំពូនដែលមកពីបានលុង។ 

«នៅពេលដែលយើងកំពុងប្រមូលផលបានច្រើនប៉ុន្តែយើងនៅតែធើ្វដែរ​ ។ ខែវស្សាអី ១គីឡូ ៦-៧ពាន់ ខែប្រាំងវិញ ១គីឡូ ៩(ពាន់)-១ម៉ឺន។ ប៉ាគ្រៀវវាជួយដល់ គ្រួសារខ្លះ គាត់ដាំបានច្រើនទៅ លក់ចេញក៏បានច្រើនដែរបានគួរសមអាចផ្គត់ផ្គង់គ្រួសារ។ យើងចំណាយអីចាំបាច់ប្រចាំថ្ងៃរបស់យើងតែប៉ុណ្ណឹង បីខែយើងប្រមូលផលម្ដង។ ប៉ាគ្រៀវឱ្យតែមានទឹកគ្រប់គ្រាន់គឺល្អហើយយើងបានផលហើយ»

ស្រដៀងគ្នានេះដែរ ស្រ្តីជនជាតិដើមភាគតិចម្នាក់ទៀត គឺអ្នកស្រី រម៉ាស់​ ប្យាន បានលើកឡើងថាអ្នកស្រី ថាក្នុងមួយឆ្នាំៗ គាត់អាចកម្រៃបានដល់ទៅ ១លានជាងពីការលក់ប៉ាគ្រៀវនេះ។

«ព្រោះមុខរបរនេះងាយស្រួលក្នុងការដាំ ស្រួលក្នុងការថែរហើយតម្លៃវាសមរម្យ។ ក្នុងមួយឆ្នាំយើងដាំពីរដង កន្លែងខ្លះយើងអាចដាំបីដង ដាំរួចយើងត្រូវប្រើរយៈពេល ៣ខែ​អើ!យើងលក់ហើយ អ្នកទិញ គេទិញ តៗគ្នា គេទៅលក់នៅផ្សារបានលុង គេមកទិញដល់កន្លែង ហើយតម្លែវា ១គឺឡូ១ម៉ឺន ហើយភូមិយើងវាឆ្ងាយពេកភូមិ ផ្សេងជិតគេទិញ១គឺឡូ ១២០០០-១៣០០០៛។ ចាស មានប្រយោជន៍សម្រាប់ផ្គត់ផ្គង់ដល់គ្រួសារយើងដូចជាខ្វះខាតយើងត្រូវការលុយ មុខរបរដែលយើងបានហ្នឹង ធើ្វការចិញ្ចឹមគ្រួសារយើងខ្វះខាតអ្វីខ្លះយើងទិញហ្នឹង។ ក្នុងមួយឆ្នាំខ្ញុំអាចរកបាន១លានបើសិនជាយើងដាំពីរដងយើងបាន១លានជាង។​»

ក្រុមស្រ្តីដែលពលរដ្ឋនៅក្នុងសហគមន៍ជនជាតិដើមភាគតិចខាងលើបានបញ្ចាក់ ថាក្រោយ ពេលដែលពួកគាត់បានចាប់យកមុខរបដាំប៉ាគ្រៀវរនេះបានផ្លាស់ប្ដូរដល់ជីវភាពគាត់ ហើយអាចរកបានប្រាក់ចំណូលបានគួរសមអាចទ្រទ្រង់ជីវភាពគ្រួសារ និងសម្រួលជីវភាពបានមកដល់សព្វថ្ងៃនេះ៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា រមាស រស្មី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

Image
Image
Image