en     km
en     km

អាជីវកម្មរ៉ែមាសអនាធិបតេយ្យ ៣ទីតាំងក្នុងខេត្តត្បូងឃ្មុំត្រូវបានចុះប្រតិបត្តិការបង្ក្រាប

Share

ក្រោយមានការរាយការណ៍ពីប្រជាពលរដ្ឋ អំពីវត្តមានអាជីវកម្មរ៉ែមាសលួចលាក់ខុសច្បាប់ចំនួន៣ទីតាំង ក្នុងភូមិសាស្ដ្រភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ក្រសួងរ៉ែ និងថាមពលថា អាជីវកម្មទាំង៣នេះ ត្រូវបានចុះបង្ក្រាបរួចរាល់ហើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ ចេញថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានបន្ថែមថា ម្ចាស់អាជីវកម្មរ៉ែមាសអនាធិបតេយ្យទាំងនោះ បានទទួលការណែនាំពីក្រសួង និងមន្ទីររ៉ែ ខេត្តត្បូងឃ្មុំ និងបានស្ម័គ្រចិត្តរុះរើ  និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអាជីវកម្មខុសច្បាប់របស់ខ្លួនដែរ។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤កន្លងទៅ ក្រសួងរ៉ែបានបើកការបង្ក្រាបទ្រង់ទ្រាយធំក្នុងភូមិសាស្ដ្រខាងលើ ហើយប្រជាពលរដ្ឋបានចូលរួមសហការផ្ដល់ព័ត៌មាន អំពីអាជីវកម្មដែលប៉ះពាល់ធ្ងន់ធ្ងរលើសុវត្ថិភាព សុខភាព និងបរិស្ថាននេះ។

ក្រសួងរ៉ែថា តំបន់ធ្វើសកម្មភាពអាជីវកម្មរ៉ែមាស ក្នុងខេត្តត្បូងឃ្មុំដែលក្រសួងបានចុះប្រតិបត្តិការទប់ស្កាត់ ដើមឡើយជាសកម្មភាពអាជីវកម្មបែបគ្រួសារតាំងពីឆ្នាំ១៩៩០មក។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងថា អាជីវកម្មបែបគ្រួសារបានផ្លាស់ប្ដូរ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី រហូតដល់កន្លែងខ្លះមានការជីកជាអណ្ដូងរ៉ែមាសក្រោមដី។

រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈធ្លាប់បានលើកឡើងថា អាជីវកម្មរ៉ែមាសបែបគ្រួសារនៅពេលឥលូវនេះ មានឈ្មួញធំៗឈរនៅពីក្រោយ ដែលនាំឱ្យមានការផ្លាស់ប្ដូរទៅប្រើគ្រឿងចក្រទំនើបៗដូចពេលបច្ចុប្បន្ននេះ។ តែយ៉ាងណា លោកថា បើអាជីវកម្មជាលក្ខណៈគ្រួសារមែន ក្រសួងនឹងផ្ដល់អាជ្ញាបណ្ណសម្រាប់ធ្វើអាជីវកម្មនេះ ព្រមទាំងបច្ចេកទេស និងឱវាទមិនឱ្យប៉ះពាល់បរិស្ថានផងដែរ។

ជុំវិញបញ្ហានេះ អង្គការតម្លាភាពកម្ពុជា កាលពីចុងឆ្នាំ២០២៣ បានចេញរបាយការណ៍មួយ ពីអាជីវកម្មរ៉ែមាសនៅកម្ពុជាថា មិនមានតម្លាភាព ព្រមទាំងបាន​បង្ក​ផល​ប៉ះពាល់ ការ​រំលោភ​សិទ្ធិមនុស្ស ការ​ខូចខាត​បរិស្ថាន និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។

សង្គមស៊ីវិលមួយនេះ បានស្នើឱ្យរដ្ឋគួរតែត្រូវបានជំរុញដោយការផ្អាកជាបន្ទាន់លើការចេញ អាជ្ញាប័ណ្ណជីកចម្រាញ់យករ៉ែថ្មី និងបន្ថែមពីលើការត្រួតពិនិត្យជាផ្លូវការគ្រប់ជ្រុងជ្រោយ និងជាប្រព័ន្ធ លើអាជ្ញាប័ណ្ណរុករកដែលមានស្រាប់៕

Share

Image
Image
Image