en     km
en     km

​​សង្គ្រោះ​ជនបរទេស​​៥៦​នាក់​នៅ​ខណ្ឌ​ដូនពេញ​ ក្នុងការបង្ក្រាប​ករណី​រត់ពន្ធ​មនុស្ស​

Share

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៤ បាន​សហការ​ជាមួយ​កម្លាំង​របស់​នាយ​ក​ដ្ឋា​ន​ចារកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយ​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ចំនួន​២​ទីតាំង​ផ្សេងគ្នា​៖ ទី​១.​នៅ​សណ្ឋាគារ​មួយកន្លែង ស្ថិតនៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ និង​ទី​២.​នៅ​ផ្ទះសំណាក់​មួយ​កន្លែង ក្នុង​សង្កាត់​ផ្សារកណ្ដាល ខណ្ឌដូនពេញ ដែល​ជា​ទីតាំង​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ចេញ​ឆ្លងដែន​ខុសច្បាប់ ឬ​ករណី​រត់ពន្ធ​មនុស្ស​។ ការចុះពិនិត្យ​រដ្ឋបាល​នេះ​អនុវត្ត​តាម​ការ​ដាក់​ពាក្យ​បណ្ដឹង​អន្ត​រគ​មន៍​ជួយ​សង្គ្រោះ​ពី​ជនជាតិ​បង់​ក្លា​ដេស កាលពីខែមុន ។

​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត ចាប់តាំងពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៤ ដោយ​បាន​ឃាត់ខ្លួន​ជន​បរទេស​ចំនួន ៥៨​នាក់​នៅ​ទីតាំង​ទាំង​២​ខាងលើ ក្នុងនោះ ជន​បរទេស​ចំនួន ៥៦​នាក់ ជា​ជនរងគ្រោះ និង​ជនបរទេស​បង់​កា្លដេស ២​នាក់ សង្ស័យ​ជា​មេខ្លោង ពាក់ព័ន្ធ​ករណី​រត់ពន្ធ​មនុស្ស​។​

​ជនបរទេស​ដែល​ជា​ជនរងគ្រោះ​ទាំង ៥៦​នាក់ នោះ​មាន​៣​សញ្ជាតិ​ដូចជា​៖ សញ្ជាតិ​បង់​ក្លា​ដេស ៥១​នាក់ ឥណ្ឌា​៤​នាក់ និង​សញ្ជាតិ​ស្រីលង្កា​ម្នាក់ ពួកគេ​ត្រូវបាន​មេខ្យល់​អូសទាញ​មក​កម្ពុជា ដើម្បី​ស្វែងរក​ការងារ​ធ្វើ ដោយឡែក​សម្រាប់​អ្នក​មិនចេះ​អង់គ្លេស និង​កុំព្យូទ័រ ត្រូវ​បញ្ជូន​បន្ត​ទៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​។​

​ បច្ចុប្បន្ន​ជនបរទេស​ដែល​រងគ្រោះ​ទាំង​៥៦​នាក់  ក្រោម​ការសម្របសម្រួល​ពី​ក្រសួង​សង្គមកិច្ច បាន​ប្រគល់​ឱ្យ​អង្គការ ការី​តាស​កម្ពុជា​-​ខេត្ត​កណ្តាល​។ ចំណែកឯ​ជនជាតិ​បង់​ក្លា​ដេស ២​នាក់ ដែល​សង្ស័យ​ជា​មេខ្លោង ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ចេញ​ឆ្លងដែន​ខុសច្បាប់ ឬ​ករណី​រត់ពន្ធ​មនុស្ស ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ជា​ជនបរទេស ៤​នាក់​ទៀត ដែល​បាន​រត់គេចខ្លួន​ដើម្បី​យកមក​អនុវត្ត​តាម​នីតិវិធី​៕

 

Share

Image
Image
Image