en     km
en     km

ក្រសួងកសិកម្មឱ្យប្រជាជនរួសរាន់ធ្វើផ្អក ប្រហុក ត្រីឆ្អើរ ខណៈរដូវត្រីត្រូវកំពុងប្រមូលផល

Share

បន្ទាប់ពីចុះពិនិត្យស្ថានភាពជាក់ស្ដែងក្នុងការប្រមូលផលត្រី ក្នុងរដូវត្រីត្រូវលើកទី២ ក្រសួងកសិកម្មបានឱ្យប្រជាជនដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ រួសរាន់ទៅទិញត្រី ដើម្បីធ្វើផលិតទាំងនេះ។ ក្នុងរដូវត្រីត្រូវលើកទី២នេះ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបថា ត្រីអាចកើនឡើង៥% ដោយសារការបង្ក្រាបបទល្មើសនេសាទនានាក្នុងតំបន់បឹងទន្លេសាប គ្រប់គ្រងបានសឹង១០០%។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសកម្មភាពប្រជានេសាទកំពុងប្រមូលផលត្រី ក្នុងភូមិសាស្ដ្រ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ឃើញថា ក្នុងខ្នើតទី២ និងថ្ងៃប្រមូលផលទី២ នៅដាយត្រីលេខ១៥ខេត្តកណ្ដាល ទទួលបានទិន្នផលជាមធ្យមមានចំនួនប្រមាណ ៥០០គីឡូក្រាមក្នុង១ដាយ។

ដោយឃើញស្ថានភាពបែបនេះ ក្រសួងកសិកម្មបានឱ្យប្រជាជនដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ រួសរាន់ទៅទិញត្រីដែលកំពុងប្រមូលផលបាននេះ ក្នុងភូមិសាស្ដ្រខាងលើ។ ចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ គឺជារដូវត្រីត្រូវលើកទី២។ នេះបើយោងតាមការជូនដំណឹងពី រដ្ឋបាលជលផល នៃក្រសួងកសិកម្ម។

រដ្ឋបាលជលផលបញ្ជាក់ថា តាមការសង្កេត បន្ទាប់ពីខ្នើត ខែមិគសិរកន្លងមកនេះ ត្រីនៅតែបន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលនេះអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។

លោក ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបបានបញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា បរិមាណត្រីនៅក្នុងខ្នើតនេះ រំពឹងថានឹងកើនច្រើន ជាពិសេសត្រី រៀល ដែលអាចយកទៅធ្វើផ្អក ត្រីឆ្អើរបាន ខណៈកាលពីខ្នើតខែមុន សម្បូរតែត្រីស្លឹកឫស្សីសម្រាប់ធ្វើប្រហុកតែប៉ុណ្ណោះ។

លោក ហេង គង់ បន្ដថា មូលហេតុដែលនាំឱ្យត្រីមានបរិមាណកើនឡើងដោយសារ បទល្មើសនានា ក្នុងបឹងទន្លេសាប​ត្រូវបានបង្ក្រាបសឹងតែ១០០% នៅសល់តែបទល្មើសតិចតួបប៉ុណ្ណោះ តែមិនប៉ះពាល់ខ្លាំងដល់ផលនេសាទនោះទេ។

គួរជម្រាបថា នៅក្នុងរដូវត្រីប្រហុកសម្រាប់ខ្នើតខែធ្នូ លើកទី១ ដែលគិតចាប់ពីថ្ងៃទី១៩ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ប្រជានេសាទអាចប្រមូលផលត្រីបានប្រមាណ ១.១ម៉ឺនតោន។ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀងទេ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបបញ្ជាក់ថា នឹងអាចកើនបរិមាណត្រីក្នុងរង្វង់ ៥% ក្នុងខ្នើតបុស្សនេះ៕

Share

Image
Image
Image