រូបភាពតំណាង
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤នេះថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាព អប្បបរមាពី ២១-២៣ អង្សា តំបន់ខ្ពង់រាបមានសីតុណ្ហភាពពី ១៨-២៣ អង្សា ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។
ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ អាកាសធាតុត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី ១៨-២០ អង្សា ហើយនៅថ្ងៃទី២០-២១ ខេត្តមណ្ឌលគិរី សីតុណ្ហភាព អប្បបរមាពី១៥-១៦ អង្សា។
ចំណែកឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២៣-២៥ អង្សា ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿន ពី១-៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី ០,៥០-១,២៥ ម៉ែត្រ។
ក្រសួងធនធានទឹកក៏អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕