en     km
en     km

🟡តើស្ត្រីម្នាក់ត្រូវគេចងស្លាបសេក និងរុំភ្នែកជិត ពាក់ព័ន្ធនឹងករណីមន្ត្រីបក្សភ្លើងទៀនឬទេ?

Share

ផ្ទៀងផ្ទាត់៖ រូបភាពចំនួន៤សន្លឹកដែលបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុក Ly Meng បានបង្កជាចម្ងល់ ថាតើទិដ្ឋភាពចងស្លាបសេកដៃជើង និងយកប្រមារុំផ្នែកជិតលើស្ត្រីម្នាក់ នៅលើកៅអីមួយប្រៀបបាននឹងការធ្វើទារុណកម្មនោះ ពិតជាមានពាក់ព័ន្ធនឹងករណីចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀនដែលកើតឡើងថ្មីៗនេះ ឬយ៉ាងណា? ដ្បិតថាការបង្ហោះនេះបានភ្ជាប់ជាមួយនឹងករណីចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀន និងសារនយោបាយមួយចំនួន? ​​លោក គីម ចាន់ចាវ រាយការណ៍

 

រូបភាពចំនួន៤សន្លឹកដែលបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Ly Meng បានបង្កើតឱ្យមានការងឿងឆ្ងល់ជុំវិញស្ថានការណ៍ដែលមានការចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន។ រូបភាពនោះរួមមានរូបភាព អ្នកស្រី ឆាយ ចិន្តា ចលនាស្ត្រីខណ្ឌជ្រោយចង្វារ រូបភាព លោក ខឹម ចាន់វណ្ណៈ ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន និងរូប២សន្លឹកទៀតបង្ហាញពីទិដ្ឋភាពស្ត្រីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់សំពត់ខ្មៅ អាវផ្ទៃមេឃ ត្រូវបានគេបាំងភ្នែកជិត និងចងស្លាបសេកជាប់កៅអីដែលកំពុងអង្គុយ។ ស្រីម្នាក់នោះមកទល់នឹងពេលនេះមិនទាន់ត្រូវបានបង្ហាញអត្តសញ្ញាណនៅឡើយ។​ ម្ចាស់គណនីខាងលើ បានបង្ហោះរូបភាពទាំងនោះព្រមគ្នា ដោយភ្ជាប់នូវសារថា «យើងសូមថ្កោលទោសរបបត្រកូល ហ៊ុន ដែលតែងតែប្រើហិង្សាមកលើជាតិសាសន៍ឯង។» តើរូបភាពស្ត្រីម្នាក់ត្រូវគេចងស្លាបសេក ដៃជើង​ និងរុំភ្នែកជិតនេះ ពាក់ព័ន្ធនឹងករណីមន្ត្រីបក្សភ្លើងទៀនឬទេ?​​

ជុំវិញករណីនេះ មានការចោទសួរពីប្រិយមិត្តរបស់វិទ្យុស្ត្រី តាមរយៈគេហទំព័រផ្ទៀងផ្ទាត់ព័ត៌មានថា តើករណីទាំង៣នេះសុទ្ធតែជាប់ពាក់ព័ន្ធនឹងមន្ត្រីនយោបាយគណបក្សភ្លើងទៀនឬយ៉ាងណា? ដ្បិតថារូបភាពនៃករណីស្ត្រីម្នាក់ដែលត្រូវចងស្លាបសេកនៅលើកៅអីហើយមានក្រមារុំភ្នែកជិតហាក់ជារូបភាពទារុណកម្មដ៏ឃោឃៅ។

ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រីបានព្យាយាមទាក់ទងលោក ទូច​ សុឃៈ អ្នកនាំពាក្យរងទី១នៃក្រសួងមហាផ្ទៃដើម្បីបកស្រាយពន្យល់លើករណីនេះ។​ លោក សុឃៈ បានអះអាងថា ករណីចាប់ខ្លួន អ្នកស្រី ឆាយ ចិន្តា និងលោក លោក ខឹម ចាន់វណ្ណៈ គឺពិតជាកើតមានមែន ដោយអនុវត្តតាមដីកាបង្គាប់របស់តុលាការ ដោយមិនពាក់ព័ន្ធនឹងករណីនយោបាយឡើយ។

«សកម្មជននយោបាយបុរសម្នាក់ និងស្ត្រីម្នាក់នោះ គឺពិតជាត្រូវបានចាប់ខ្លួនដោយអនុវត្តតាមដីការបស់តុលាការ ប៉ុន្តែមិនមែនមានន័យថាចាប់ខ្លួននៅក្នុងបទល្មើសនយោបាយទេ ឬមិនមែនជាការធ្វើទុកបុកម្នេញដោយសកម្មភាពនយោបាយទេ។ គឺដោយសារគាត់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ គឺក្លែងបន្លំស្នាមមេដៃ ឬក៏ឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែង។»

លោក ទូច​ សុឃៈ អ្នកនាំពាក្យរងទី១នៃក្រសួងមហាផ្ទៃ

ចំណែកករណីស្ត្រីម្នាក់ដែលត្រូវបានគេចងក្រមារុំភ្នែកជិត និងចងស្លាបសេកជាប់កៅអីដែលកំពុងអង្គុយ ដែលរូបភាពត្រូវបានគេយកមកបង្ហោះជាមួយករណីមន្ត្រីនយោបាយខាងលើនោះ មកទល់នឹងល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ត្រូវបានលោកទូច សុខៈ បញ្ជាក់ប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រីថាមិនទាន់ត្រូវបានរកឃើញអត្តសញ្ញាណនៅឡើយ ខណៈដែលសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីស្រាវជ្រាវ។​

«ដោយឡែកប្អូនស្រីម្នាក់​ដែលត្រូវគេចងដៃ ចងជើង ចងខ្លួន និងរុំក្រមាមុខនោះ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ថាតើព័ត៌មាននេះជាព័ត៌មានពិត ឬមិនពិតហើយនៅកន្លែងណា អ្នកណាជាអ្នកប្រព្រឹត្ត? កំពុងតែបន្តនីតិវិធី និងជំនាញដើម្បីស្រាវជា្រវបន្ត បាទ។»

ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មានរបស់វិទ្យុស្ត្រី បានព្យាយាមស្វែងរកម្ចាស់ផុសរូបភាពករណីស្ត្រីម្នាក់នេះ នៅលើបណ្ដាញសង្គម ឃើញថារូបភាបស្រ្តីត្រូវគេចងស្លាបសេក ដៃជើង និងរុំក្រមាបាំងភ្នែកនេះ ផុសដោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Vajiravudh Attha RacchaMetti ហើយបានផុសមុនម្ចាស់គណនីឈ្មោះ Ly Meng ដែលបានយករូបភាពនេះផុសជាមួយនឹងករណីមន្ត្រីគណបក្សភ្លើងទៀនដែលត្រូវចាប់ខ្លួន៕

Share

Image
Image
Image