en     km
en     km

អាមេរិកថ្កោលទោសអ៊ីរ៉ង់ចំពោះការវាយប្រហារទៅលើអ៊ីរ៉ាក់

Share

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់បានបណ្តាលឱ្យប្រទេសអ៊ីរ៉ាក់ដែលនៅក្បែរនោះ រងការខូចខាត និងប៉ះពាល់ជាខ្លាំង។

(កញ្ញា សៃ ចន្ធី រាយការណ៍)

 

អ៊ីរ៉ង់បានបើកការវាយប្រហារទៅលើទីស្នាក់ការចារកម្មកណ្តាលរបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ក៏ប៉ុន្តែបែរជាប៉ះពាល់ទៅដល់ប្រទេសអ៊ីរ៉ាក់ដែលមានទីតាំងស្ថិតនៅក្បែរនោះទៅវិញ។ តាមការបញ្ជាក់របស់ក្រុមប្រឹក្សាសន្តិសុខរបស់រដ្ឋាភិបាល Kurdistan នៃអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះជាករណីឧក្រិដ្ឋកម្ម ដោយហោចណាស់ជនស៊ីវិល ៤នាក់បានស្លាប់ និង៦នាក់ទៀតរងរបួស។ នេះបើយោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។

លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ដែលមិនបានប្រុងប្រយ័ត្ន បានធ្វើឱ្យសហរដ្ឋអាមេរិកគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ និងថ្កោលទោសទៅលើអ៊ីរ៉ង់ជុំវិញការបង្កចលាចលនៅក្នុងតំបន់។ ក្នុងនោះរដ្ឋាភិបាល Kurdistan ក្នុងតំបន់នៃអ៊ីរ៉ាក់ ក៏បានខិតខំប្រឹងប្រែងដើម្បីបំពេញតាមសេចក្តីត្រូវការ និងផ្គត់ផ្គង់ថ្នាំសង្កូវទៅឱ្យប្រជាពលរដ្ឋអ៊ីរ៉ាក់ចំពោះការវាយប្រហារនេះផងដែរ។

យោងតាមប្រភពពីសន្តិសុខ និងមន្ទីពេទ្យអ៊ីរ៉ាក់បានបញ្ជាក់ថា មហាសេដ្ឋីជាអ្នកជំនួញ លោក Peshraw Dizayee និងសមាជិកមួយចំនួននៃក្រុមគ្រួសាររបស់លោក បានទទួលអនិច្ចកម្មនៅអំឡុងពេលអ៊ីរ៉ង់បាញ់គ្រាប់រ៉ុក្កែតមួយគ្រាប់ធ្លាក់ចូលទៅក្នុងផ្ទះរបស់ពួកគេ។ បន្ថែមពីលើនេះទៀត គ្រាប់រ៉ុក្កែតមួយបានធ្លាក់ទៅលើផ្ទះរបស់មន្ត្រីស៊ើបការជាន់ខ្ពស់នៃរដ្ឋាភិបាល Kurdistan និងគ្រាប់បែកមួយទៀតហោះទៅធ្លាក់លើមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់នៃរដ្ឋាភិបាល Kurdistan របស់ប្រទេសអ៊ីរ៉ាក់។

សូមជម្រាបថា មន្ត្រីអាមេរិកពីររូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្តិចថា គ្មានគ្រឿងបរិក្ខាររបស់សហរដ្ឋអាមេរិករងការខូចខាត និងប៉ះពាល់ចំពោះការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់នេះនោះទេ។ សហរដ្ឋអាមេរិកបានតាមដានមីស៊ីលដែលបានវាយប្រហារនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ និងភាគខាងជើងស៊ីរី ហើយចង្អុលបង្ហាញជាលើកដំបូងថា ការវាយប្រហារនេះធ្វើឡើងដោយមិនមានការប្រុងប្រយ័ត្ន ឬចេតនាបំផ្លាញអ្វីនោះទេ ពិសេសគឺមិនមានភាពច្បាស់លាស់។

សូមរំលឹកថា ការវាយប្រហារនៅភាគខាងជើងប្រទេសស៊ីរីបានកើតឡើង បន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវកាលពីដើមខែមករានេះ សម្រាប់ការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួនពីរ ដោយផ្តោតលើការរំលឹកដល់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០។ ការវាយប្រហារកាលនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៤នាក់ និងរបួស ២៨៤នាក់បន្ថែមទៀតនៅក្នុងពិធីគោរពដល់អតីតកងឆ្មាំបដិវត្តន៍ឧត្តមសេនីយ៍ Qassem Suleimani៕

ប្រភព៖ The Guardian ចុះថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤

Share

Image
Image
Image