en     km
en     km

សមត្ថកិច្ចចាប់ខ្លួនគ្រូបង្រៀនម្នាក់ករណីចាប់រំលោភសិស្សស្រីអាយុ១១ឆ្នាំនៅព្រៃវែង

Share

នៅថ្ងៃតែមួយ គ្រូបង្រៀនម្នាក់ធ្វើសកម្មភាពរំលោភសេពសន្ថវៈលើសិស្សរបស់ខ្លួនចំនួនពីរលើកនិងបានសម្រេចក្នុងលើកទី២ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ករណីនេះ កើតឡើងនៅចំណុចក្នុងបរិវេណសាលាត្រពាំងថ្លោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង សមត្ថកិច្ចបានចាប់ខ្លួននិងបើកការស៊ើបសួរ។

 

ជនសង្ស័យឈ្មោះ ធីម ម៉ន ភេទប្រុសអាយុ ៣០ឆ្នាំ ដែលសព្វថ្ងៃមានគ្រួសាររួមទាំងកូនម្នាក់ រស់នៅភូមិត្រពាំងថ្លោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាមួយជនរងគ្រោះ និងត្រូវជាគ្រូបង្រៀនផ្ទាល់របស់ជនរងគ្រោះដែលមានអាយុ១១ឆ្នាំរូបនេះផងដែរ។ បន្ទាប់ពីកើតហេតុគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹង ខណៈសមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យខាងលើភ្លាមៗផងដែរ។

មកទល់ពេលនេះ រឿងរ៉ាវដោះស្រាយយ៉ាងណា លោក នីម ហ៊ីន ជានាយកសាលាត្រពាំងថ្លោកមិនទាន់បានដឹងនៅឡើយទេ។

«ដំណើរការហ្នឹងខ្ញុំក៏អត់ដឹងដែរ រឿងហ្នឹងពាក់ព័ន្ធទៅនឹងសមត្ថកិច្ច មិនបានដឹងព័ត៌មានព្រោះថ្ងៃកើតហេតុ ខ្ញុំអត់នៅដែរ ទៅសួរសុខទុក្ខអ្នកជំងឺ និយាយទៅពីដើមដល់ចប់ខ្ញុំដឹងដូចតែគេដែរ ព្រោះខ្ញុំអត់តាមដានផង តែអើ!បើពាក់ព័ន្ធអ៊ីចឹង ខ្ញុំដឹងថាមានទោសមានអីហើយ ជារឿងការងាររបស់សមត្ថកិច្ចជំនាញៗរបស់គេ យើងធ្វើអីក៏ធ្វើមិនកើតដែរ»​ ។

ចំណែក លោក ថន អ៊ុត មេភូមិត្រពាំងថ្លោក បានប្រាប់ថា មិនដឹងថាដំណើររឿងដោះស្រាយដល់ណាហើយទេ ដឹងត្រឹមសមត្ថកិច្ចឃាត់ខ្លួនបានប៉ុណ្ណោះ។ ជាមួយគ្នានេះ លោក សោ ខុន មេឃុំនៅស្រុកកំចាយមារ​ បានប្រាប់វិទ្យុស្ត្រីថា លោកមិនទាន់ដឹងច្បាស់ថាគេស៊ើបអង្កេតដល់ណាហើយទេ។

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ម្តាយក្មេងស្រីរងគ្រោះដែលវិទ្យុស្តីសម្រេចមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់វិទ្យុស្រ្តី ពីដើមហេតុនិងសកម្មភាពនានា ដែលលោកគ្រូខាងលើនេះចាប់រំលោភសេពសន្ថវៈលើកូនខ្លួនថា ជនសង្ស័យហាមមិនឱ្យកូនខ្លួនស្រែក និងបានព្យាយាមចាប់រំលោភសេពសន្ថវៈចំនួនពីរដង និងបានសម្រេចនៅលើកទី២។

«ពីមុនដំបូងគាត់ប្រើកូនខ្ញុំឱ្យយកសោរទៅការិយាល័យចូលយកធុង ហើយកូនខ្ញុំចូលចាក់សោរហើយចូលយកធុងក្នុងការិយាល័យហ្នឹង! គាត់ចូលទៅពីក្រោយគាត់ចាប់ឱបហើយចាប់ថើប ហើយកូនខ្ញុំក៏ចេញមកវិញ យកធុងទៅដងទឹកនៅបន្ទប់ទឹកស្រីបាន៣ធុង ហើយគ្រូគាត់ចូលទៅយួរធុងទឹកហ្នឹងយកមកស្រោចដីនៅមុខបន្ទប់ទឹកហ្នឹងបង្ហាប់ដី ដីទើបចាក់»។

អ្នកស្រីបញ្ជាក់ថា នៅធុងទី៤របស់ខ្លួនដងមិនទាន់បានពេញផង លោកគ្រូ ធីម ម៉ន នោះក៏ចូលបិទទ្វា តែមិនទាន់ដាក់គន្លឹះនោះទេ លោកគ្រូរូបនេះក៏បានធ្វើសកម្មភាពឱបថើបក្មេងស្រីជនរងគ្រោះ ហើយហាមក្មេងស្រីមិនឱ្យស្រែករួចក៏ទាញទ្វាដាក់គន្លឹះរួចធ្វើសកម្មភាពបន្ត។

«ដល់ធុងទី៤កូនខ្ញុំគាត់ដងមិនទាន់បានពេញធុងផងគាត់ក៏ចូលទៅ គាត់បិទទ្វាដែរ តែមិនទាន់ដាក់គន្លឹះទេ ចូលទៅដល់គាត់ឱបគាត់ឱបហើយគាត់ថើប ដល់គាត់ឱបថើបហើយគាត់ប្រាប់កូនញុមថាកុំស្រែកៗ គាត់ប្រាប់អ៊ីចឹងហើយទាញទ្វាដាក់គន្លឹះ»

បន្ទាប់ពីដាក់គន្លឹះហើយគាត់ក៏បានឱបថើបប្អូនស្រីទៀតនិងសួរអីនេះពីនោះរួចធ្វើសកម្មភាពស្រាតខោប្អូនស្រីលើកទី១ ប៉ុន្តែរំលោភមិនបានសម្រេច។ ខណៈនោះ លោកគ្រូនិងប្អូនស្រីក៏ឮសំឡេងក្មេងៗដែលទៅយកចំប៉ើងនៅវាលស្រែក ពីចម្ងាយ​ គាត់ក៏បញ្ឃប់សកម្មភាពភ្លាមៗនឹងចេញពីបន្ទប់ទឹក ប៉ុន្តែក្រោយមកមួយសន្ទុះគឺលើកទី២ បន្ទាប់ពីប្អូនស្រីរត់ទៅលេងជាមួយមិត្តភក្តិ គាត់ក៏ហៅមកម្តងទៀត។

«ដល់លើកទី២ប្រហែលជាមួយស្របក់កូនខ្ញុំថាគាត់ចេញពីបន្ទប់ទឹកលើទី១ហ្នឹងគាត់រត់ទៅលេងជាមួយមិត្តភ័ក្តិ រត់ទៅលេងមួយស្របក់ហៅគាត់មកទៀតថា “នីតចូលដងទឹកឱ្យបាន៣ធុងទៀតគ្រូលែងប្រើហើយ!!” កូនខ្ញុំគាត់ក៏យកធុងចូលទៅដងនៅបន្ទប់ទឹកប្រុសម្តង កូនខ្ញុំដងមិនទាន់បានកន្លះធុងផង ប្រហែលបាន២បោយ គ្រូចូលទៅហ្នុងគាត់បិទទ្វា ម្តងហ្នឹងគាត់លែងសួរនាំអីដូចមុនហើយ ។

 ពេលនោះហើយ ដែលជនសង្ស័យរំលោភសិស្សស្រីបានសម្រេច។ ម្ដាយក្មេងស្រីបន្តថា ពេលប្អូនស្រីចេញពីរៀនគ្រាន់តែឈប់កង់ហើយប្អូនក៏រត់មកយំរៀបរាប់ប្រាប់ម្តាយ ខណៈម្តាយកំពុងតែដាំបាយ ម្តាយបានសួរកូនថាម្តេចមិនស្រែក?

«កូនមិនហ៊ានស្រែព្រោះគាត់មិនឱ្យកូនស្រែក បើកូនស្រែកទៅកូនខ្លាចគាត់ច្របាច់កកូនស្លាប់»។ ម្តាយជនរងគ្រោះបន្តសួរកូនថា ចុះពេលចាប់លើកទី១ ម្តេចមិនមកផ្ទះប្រាប់ម៉ែ? «កូនអត់មកបើកូនមកៗមុនម៉ោងរៀន កូនខ្លាចគាត់ដឹងខ្លួន កូនខ្លាចគាត់ដឹងថាកូនមកប្រាប់ម៉ែ គាត់ទ្រាំរហូតដល់ម៉ោងចេញពីរៀនមកផ្ទះហ្មង»

ទោះយ៉ាងណាលើករណីនេះ បើតាមលោកមេប៉ុស្តិ៍និងម្តាយជនរងគ្រោះ បានបញ្ជាក់ថា ពេលនេះជនសង្ស័យត្រូវបានគេបញ្ជូនទៅខេត្តហើយ ខណៈម្តាយជនរងគ្រោះបានផ្តិតមេដៃ និងរង់ចាំការកោះហៅពីតុលាការ៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

ព័ត៌មានទាក់ទង

Image