en     km
en     km

លោកឃឹម ហ្វីណង់មិនរំពឹងថា ទិន្នផលស្រូវប្រាំងឆ្នាំនេះនឹងថយចុះនោះទេ ខណៈស្រូវប្រាំងតំបន់ខ្វះទឹកមិនចាត់បញ្ចូលក្នុងផែនការផលិតកម្ម

Share

អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ ថាទិន្នផលស្រូវប្រាំងឆ្នាំនេះ នឹងថយចុះនោះទេ ទោះបញ្ហាខ្វះទឹកនៅតំបន់មួយចំនួន ចោទជាឧបសគ្គសម្រាប់ការផលិតស្រូវប្រាំងក៏ដោយ  ព្រោះស្រូវប្រាំងនៅតំបន់ខ្វះទឹក មិនបានចាត់បញ្ចូលនៅក្នុងផែនការផលិតកម្មឡើយ។ តែយ៉ាងណា អ្នកជំនាញកសិកម្មស្នើឱ្យរដ្ឋ គួររៀបចំយុទ្ធសាស្រ្តជាប្រព័ន្ធ ដើម្បីជាការឆ្លើយតបឱ្យសមស្របទៅនឹងស្ថានភាពរបស់ប្រជាកសិករ និងធានាបាននូវផលចំណេញទាំងសេដ្ឋកិច្ចជាតិ និងតម្រូវការប្រជាកសិករ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

អនុរដ្ឋាលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់បានលើកឡើងថា តំបន់ដែលកំពុងជួបបញ្ហាខ្វះទឹក ក្នុងការធ្វើស្រែប្រាំង ភាគច្រើនជាតំបន់ដែលតែងតែមានហានិភ័យ មិនសមស្របនឹងការបង្កបង្កើនផលនោះទេ។ លោកបញ្ជាក់ថា  ស្រូវប្រាំងនៅតំបន់ខ្វះទឹកទាំងនោះ និងមិនត្រូវបានចាត់បញ្ចូលនៅក្នុងផែនការផលិតកម្មឡើយ ហេតុនេះក្រសួងមិនរំពឹងទុកថា ទិន្នផលស្រូវប្រាំងឆ្នាំនេះនឹងថយចុះនោះដែរ។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីចុះពិនិត្យស្ថានភាពផ្គត់ផ្គង់ទឹកសម្រាប់ការបង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តពោធិ៍សាត់ និងបានបង្ហោះលើទំព័រហ្វេសប៊ុកលោក នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ។

លោកអះអាងថា មានអ្នកយល់ច្រលំរឿងដែលជ្ញាធរហាមឃាត់មិនឱ្យកសិករធ្វើស្រែលើកន្លែងដែលពួកគាត់តែងតែធ្វើកន្លងមក។  តែតាមពិតទៅ បញ្ហាកើតចេញពីការដែលប្រជាពលរដ្ឋនាំគ្នាសម្រុកធ្វើនៅលើកន្លែងដែលធ្លាប់ធ្វើទៅវិញទេ ព្រោះឆ្នាំនេះស្រូវលក់បានថ្លៃ ទោះបីជាដឹងមុនថា នឹងមានហានិភ័យក៏ដោយ ដែលជាហេតុធ្វើឱ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលខេត្ត គ្មានជម្រើសអ្វីក្រៅពីប្រញាប់ជូនដំណឹងពីការខ្វះខាតទឹកនោះទេ។ នេះបើតាមការលើកឡើងពីលោក ហ្វីណង់ដដែល ដោយបន្ដថា ការផ្តល់ព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា គឺជាអភិបាលកិច្ចដែលមានការទទួលខុសត្រូវ ក្នុងចេតនាព្យាយាមការពារអ្នកដែលបានជ្រុលជាចាប់ផ្តើមរួចហើយកុំឱ្យខ្វះទឹកពាក់កណ្តាលទី និងណែនាំអ្នកថ្មីកុំឱ្យចាប់ផ្តើមធ្វើបន្ថែមទៀតតែប៉ុណ្ណោះ ដែលអាចនាំឱ្យមានការខាតបង់រឹតតែច្រើន។

គួរជម្រាបថា កាលពីដើមខែមករាកន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់បានចេញការប្រកាសឱ្យប្រជាកសិករក្នុងខេត្តរបស់ខ្លួនផ្អាកធ្វើស្រូវរដូវប្រាំងលើកទី២ ដោយហេតុផលថាទឹកសម្រាប់ផ្គត់ផ្គង់ក្នុងការធ្វើស្រែប្រាំងមានត្រឹម ២ម៉ឺនហិចតា តែការបង្កបង្កើនផលរបស់កសិករកើនឡើងដល់ជាង៤ម៉ឺនហិចតា ដូច្នេះលើសពីផែនការដែលគ្រោងទុក។ រដ្ឋបាលខេត្តថា ប្រសិនបើប្រជាកសិករនៅតែបន្តបង្កើនផលស្រូវរដូវប្រាំងនេះទៀត ប្រជាកសិករនឹងជួបប្រទះបញ្ហាខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិកាជាក់ជាមិនខាន។

អ្នកជំនាញកសិកម្ម និងជា​ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង​ សាវឿន បានលើកឡើងថា រដ្ឋគួរដាក់ចេញដំណោះស្រាយយុទ្ធសាស្រ្តជាប្រព័ន្ធ ដើម្បីជាការឆ្លើយតបឱ្យសមស្របទៅនឹងស្ថានភាពរបស់ប្រជាកសិករ និងធានាបាននូវផលចំណេញទាំងសេដ្ឋកិច្ចជាតិ និងតម្រូវការប្រជាកសិករ។ បន្ថែមពីនេះ លោកស្នើសុំឱ្យអាជ្ញាធរ និងមន្ទីធនធានទឹកគ្រប់បណ្តាខេត្តទាំងអស់គួរតែមើលឃើញជាយុទ្ធសាស្រ្តរឹងមាំណាមួយ ដែលទាញជាផលប្រយោជន៍សម្រាប់ប្រជាកសិករ និងជម្រុញឱ្យសេដ្ឋកិច្ចឱ្យមានលក្ខណៈប្រសើរនៅក្នុងអាណត្តិថ្មីនេះ ជៀសវាងកើតមានបញ្ហាការខ្វះខាតស្បៀង។

ចំណែកសកម្មជនបរិស្ថាន លោក សាន់ ម៉ាឡា បានរិះគន់លើហ្វេសប៊ុកលោកនាថ្ងៃទី១៤ ខែមករា ដែរថា យើងមានក្រសួងផែនការ ក្រសួងធនធានទឹក ក្រសួងកសិកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទ តែកសិករបែរជាអត់ទឹកធ្វើស្រែប្រាំងទៅវិញ។

បែបនេះក្ដី លោក ឃឹម ហ្វីណង់ អះអាងថា ទោះជាយ៉ាងណាក៏ដោយ ពេលកសិករជួបបញ្ហា យើងមិនខ្វល់ថាអ្នកណាខុស អ្នកណាត្រូវនោះទេ អ្វីដែលអាចជួយដោះស្រាយបញ្ហាប្រឈមបានភ្លាមៗ អាជ្ញាធរនឹងព្យាយាមធ្វើឱ្យអស់ពីលទ្ធភាព៕

Share

Image
Image
Image