en     km
en     km

🟢នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប

Share

ផ្ទៀងផ្ទាត់: ពិត

 ត្រឹមរយៈពេល១០ថ្ងៃ បន្ទាប់ពីមានការផ្សព្វផ្សាយចម្រូងចម្រាសនូវព័ត៌មានពីការចាប់ខ្លួនអភិបាលក្រុងកែប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញអនុក្រឹត្យមួយ បញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាល នៃគណៈអភិបាល ក្រុងកែប នៃខេត្តកែប។

លោក អ៊ុក ដែន សូមជូននូវសេចក្តីរាយការណ៍ ៖

ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានព្រោងព្រាតថា លោក ខេង យ័ន អភិបាល នៃគណៈអភិបាល ក្រុងកែប នៃខេត្តកែប ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ និងត្រូវបានដោះលែងវិញ កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ កាលនោះក៏មានភាពចម្រូងចម្រាស់លើករណីនេះ ដោយលោក ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានអះអាងតាមសារព័ត៌មានមួយចំនួនថា ​ពិត​ជាមានករណីអង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)ចាប់ខ្លួន​អភិបាល​ក្រុង​កែប​ និង​នាយក​រដ្ឋបាល​ក្រុងពិតមែន​ ប៉ុន្តែ​ករណី​នេះ​គ្រាន់​តែជាការ​ភាន់ច្រឡំ​តែ​ប៉ុណ្ណោះ​ ហើយ​លោកអភិបាលក្រុង ខេង យ័ន និងមន្ត្រីក្រុង បានត្រឡប់​មកវិញហើយ​។

 

ក៏ប៉ុន្តែដំណឹងនេះ តាមរយៈកិច្ចសម្ភាសជាមួយក្រុមផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រី កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤  ត្រូវបានលោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ អះអាងថាមិនមានការចាប់ខ្លួនមន្ដ្រីខេត្តកែបនោះទេ។

ទើបតែនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញអនុក្រឹត្យ លេខ (៤៧ អនក្រ.តត) ស្តីពី ការសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ពីតំណែងអភិបាល នៃគណៈអភិបាល ក្រុងកែប នៃខេត្តកែប។​ យ៉ាងណា ការចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោកអភិបាលក្រុងកែបនេះ ធ្វើឡើងតែ១០ថ្ងៃប៉ុណ្ណោះក្រោយពេលដែល លេចលឺនូវព័ត៌មានចម្រូងសម្រាស់អំពីការណ៍ដែលថា  អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)ចាប់ខ្លួន លោកកាលពីថ្ងៃទី ២ ខែមករា។

ជុំវិញរឿងនេះក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃ វិទ្យុស្ត្រី មិនទាន់អាចសុំការបំភ្លឺ ពីលោក ខេង យ័ន ជាសាមីខ្លួនបានទេ គិតត្រឹមថ្ងៃទី១២ ខែមករា ព្រោះប្រព័ន្ធទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។

ក្រុមងារងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រី បានទាក់ទងទៅលោក លោក អ៊ឹង វុទ្ធី នាយករដ្ឋបាល ខេត្តកែប។ លោកបាន ថា  លោកមិនដឹងច្បាស់ទេ នេះជានីតិវិធីរបស់ថ្នាក់លើ លោកបានឃើញត្រឹមតែ អនុក្រឹត្យក្នុងគ្រប់ តេលេក្រាម របស់សម្តេចដូចគ្នា។

«ខ្ញុំអត់ដឹងទេបង អាហ្នឹងសមត្ថកិច្ចថ្នាក់លើ ខ្ញុំអត់ដឹងទេ ខេត្តឯណេះឃើញតែព័ត៌មានអ៊ីចឹងដូចគ្នាដែរ មកដល់ម៉ោងនេះខ្ញុំអត់ដឹងទេរឿងហ្នឹងបង អាហ្នឹងរឿងថ្នាក់ដឹកនាំខាងលើកំពូលគាត់សមត្ថកិច្ចរបស់លោក យើងមានឆានែលតេលេក្រាមជាមួយសម្តេចទាំងអស់គ្នា អ្នកណាក៏មានដែរ អ៊ីចឹងយើងឃើញក្នុងហ្នឹងដូចគ្នាណាបង»

ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មាន បានងាកទៅលោក លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ និង លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបក៏មិនអាចសុំការបំភ្លឺបានដែរ ព្រោះទូរស័ព្ទចូលហើយតែគ្មានអ្នកលើក ។

Share

Image
Image
Image