ទិដ្ឋភាពពលរដ្ឋជនជាតិដើមភាគតិចតវ៉ា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ (ប្រភព៖ សមាគមអាដហុក)
លើបញ្ហាពលរដ្ឋជនជាតិដើមភាគតិចលើកគ្នាតវ៉ាកាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តក្រចេះ បានប្រកាសកំណត់ថា គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សម្រេចអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងបន្តកាន់កាប់ និងអាស្រ័យផលជាធម្មតាលើដីសហគមន៍ព្រៃឈើរលួស ដែលខ្លួនអាស្រ័យផលជាក់ស្តែងប៉ុណ្ណោះ។ ចំពោះដីព្រៃដែលពលរដ្ឋកំពុងកាប់រានទន្ទ្រាន និងដាំបង្គោលរបងហ៊ុមព័ទ្ធ ដោយមិនមានការប្រើប្រាស់ និងដាំដំណាំជាក់ស្តែង ពលរដ្ឋបានស្មគ្រ័ចិត្តប្រគល់ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តវិញ។ លោក គីម ចានចាវ រាយការណ៍
ការណ៍ដែលនាំឱ្យគណៈកម្មាធិការគ្រប់គ្រង់ដីរដ្ឋថ្នាក់ខេត្តសម្រេចបែបនេះ ដោយសារកាលពីថ្មីៗកន្លងទៅ មានប្រជាពលរដ្ឋប្រមាណ២៤០នាក់មកពីឃុំស្រែជិះ និងឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានកៀរគរប្រមូលផ្តុំគ្នាតវ៉ាក្នុងដីសហគមន៍ព្រៃឈើរលួស ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។
កាលនោះពួកគេតវ៉ាឆ្ពោះទៅសាលាខេត្តក្រចេះ ដើម្បីឱ្យអភិបាលខេត្តជួយដោះស្រាយករណីជម្លោះដីធ្លី ដែលមន្ត្រីបរិស្ថាន រដ្ឋបាលព្រៃឈើ និងមេព្រៃបានយកដីពួគគាត់ដាក់ជាដីសហគមន៍ ប៉ុន្តែពេលពួកគាត់បានធ្វើដំណើរចេញពីភូមិបានប្រហែលជា ៣០គីឡូ ក៏ត្រូវបានអាជ្ញាធរស្រុកអូរគ្រៀងសែនជ័យធ្វើការរារាំង នៅចំណុចភូមិប៉ាក្លែរ ឃុំរលួស មិនឲ្យពួកគាត់បន្តដំណើរឡើងមកសាលាខេត្តក្រចេះ បានឡើយ ។ អាជ្ញាធរស្រុកបានសន្យា ជាមួយពួគគាត់ ថានឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋបន្ទាប់ពីឆ្លងឆ្នាំសកលរួច ក្នុងខែមករា ឆ្នាំ២០២៤នេះ ។
មូលហេតុដែលនាំឱ្យមានការតវ៉ា ពួកគាត់បានអះអាងថា ពួគគាត់ជាជនជាតិដើមភាគតិចក្រោល ធ្នន់ និងជនជាតិមិល រស់នៅកាន់កាប់ និងអាស្រ័យផលនៅលើដីនោះតាំងពីដូនតាតរៀងមកម្លេះ ហើយពួគគាត់អាស្រ័យផលទៅតាមប្រពៃណីរបស់ជនជាតិដើមភាគតិច មិនដែលមានបញ្ហាអ្វីកើតមានឡើងទេ(ធ្វើចំការវិលជុំ) ហើយពួកគាត់រស់នៅ និងកាន់កាប់ដីនៅតំបន់នោះអស់រយៈពេលពី ៣០ ទៅ៤០ ឆ្នាំហើយ ទើបចុងឆ្នាំ២០២៣នេះ មានបញ្ហាកើតឡើងជាបន្តបន្ទាប់ ដោយយកដីធ្លីដែលពួគគាត់អាស្រ័យផលទៅដាក់ជាដីសហគមន៍ទៅវិញ ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយមន្ត្រី បរិស្ថាន រដ្ឋបាលព្រៃឈើ និងមេព្រៃ ។
«ខ្ញុំកើតទុក្ខមិនសុខចិត្តដោយសាររឿងដី ដីធ្លីនេះ រដ្ឋបាលព្រៃឈើគេមិនឱ្យប្រជាពលរដ្ឋធ្វើទេ»
«កើតទុក្ខព្រោះរដ្ឋបាលព្រៃឈើ មេព្រៃដកយកដីនៅឃុំរលួស ភូមិរលួសហ្នឹង យកដាក់ដីសហគមន៍។ រួចខ្ញុំអត់មានដីនៅទេ ហើយដីនេះ ខ្ញុំកាន់កាប់តាំងពីឆ្នាំ១៩៨៦ ខ្ញុំធ្វើស្រែនៅទីកន្លែងនេះ។ ឥលូវគេយកដីខ្ញុំ ធ្វើស្រែធ្វើចម្ការអស់ខ្ញុំអត់មានអីធ្វើទេ។ សូមឱ្យសម្ដេចជួយដោះស្រាយឱ្យខ្ញុំផង ប្រជាជនអត់មានដីនៅទេ។ រដ្ឋបាលព្រៃលើនៅភូមិរលួស ឃុំរលួស ដកយកដីខ្ញុំដាក់ដីសហគមន៍…»។
មិនតែប៉ុណ្ណោះ មន្ត្រីទាំងនោះបានប្តឹងប្រជាពលរដ្ឋជាជនជាតិដើមភាគតិចទៅតុលាការជាបន្តរបន្ទាប់ទៀតផង ។ នាពេលថ្មីៗនេះ ខាងមេព្រៃបានដាក់ប្តឹងប្រជាពលរដ្ឋ ១៣នាក់ ដោយចោទប្រជាពលរដ្ឋថា កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំពទ្ធកាន់កាប់ដីព្រៃជាដើម ។ ទោះបីប្រជាពលរដ្ឋខ្លះមានបង្កាន់ដៃកាន់កាប់ដែលទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ ក៏ត្រូវបានមន្ត្រីទាំងនោះប្តឹងប្រជាពលរដ្ឋទៅតុលាការដែរ។ នេះបើតាមការបញ្ជាក់ពីសមាគមអាដហុក។
បើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ ពាក់ព័ន្ធនឹងករណីនេះ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងស្រុក បានចុះទៅសម្របសម្រួល ដោះស្រាយភ្លាមៗ ក្នុងនោះគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សម្រេចអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងបន្តកាន់កាប់ និងអាស្រ័យផលជាធម្មតា។
លើសពីនេះ ប្រជាពលរដ្ឋបានព្រមព្រៀង កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលក្នុងដីសហគមន៍ព្រៃឈើតែលើដីជាក់ស្តែងរបស់ខ្លួន និងមិនបន្តចូលកាន់កាប់រើរានទន្ទ្រានដីសហគមន៍ព្រៃឈើបន្ថែមទៀតឡើយ។ ចំពោះដីព្រៃដែលប្រជាពលរដ្ឋ កំពុងកាប់រើរានទន្ទ្រាន និងដាំបង្គោលរបងហ៊ុមព័ទ្ធ ដោយមិនមានការប្រើប្រាស់ និងដាំដុះដំណាំជាក់ស្តែង ប្រជាពលរដ្ឋបានយល់ព្រមរុះរើបង្គោលរបងដោយស្ម័គ្រចិត្ត និងប្រគល់ដីនេះជូនគណៈគម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តគ្រប់គ្រងវិញ។
រដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថា ករណីនេះបានសម្របសម្រួល និងដោះស្រាយបញ្ចប់ជាមួយប្រជាពលរដ្ឋដែលតវ៉ាប្រមាណ២៤០នាក់រួចហើយ ជាលទ្ធផលប្រជាពលរដ្ឋបានសម្តែងនូវការអបអរសាទរ ទទួលយកនូវដំណោះស្រាយ និងព្រមព្រៀងស្ម័គ្រចិត្តក្នុងការបន្តកាន់កាប់ប្រើប្រាស់ដី និងអាស្រ័យផលជាក់ស្តែងលើដីក្នុងតំបន់សហគមន៍ព្រៃឈើរលួស ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ និងមិនបន្តចូលកាន់កាប់រើរានទន្ទា្រនដីសហគមន៍ព្រៃឈើបន្ថែមទៀតឡើយ៕