ថ្មីៗនេះក្រោយពីមានការលើកឡើង របស់ទំព័រហ្វេសប៊ុកមួយឈ្មោះ “The CEROC” បានផ្សព្វផ្សាយព័ត៌មាន អំពីអាកាសយានដ្ឋាន អន្តរជាតិសៀមរាបថ្មីថា “មិនយកអតិថិជនជាធំទេ មើលចុះពួកគេឱ្យ ពិន្ទុទាបខ្លាំងណាស់រឿងពុករលួយ សេវាកម្មអត់ល្អ និងថែមទាំងផ្តាំអ្នកដទៃមិនអោយឆ្លងកាត់ព្រលាន នេះថែមទៀត”។ នៅជុំវិញករណីនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញសេចក្ដីបំភ្លឺថា ការបញ្ចេញមតិដែលបានចុះផ្សព្វផ្សាយនេះ មិនមានប្រភពព័ត៌មានច្បាស់លាស់ ហើយកាលបរិច្ឆេទនៃការ បញ្ចេញមតិទាំងនេះភាគច្រើន បានផុសមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ត្រូវបាន បើកដំណើរការជាផ្លូវការទៅទៀត។ កញ្ញា ចាន់រ៉ាត់ សៀវមិញ រាយការណ៍បន្ត
ចំពោះបញ្ហាភ្ញៀវបរទេសរិះគន់អាកាសយានដ្ឋានសៀមរាបនេះ ប្រិយមិត្តរបស់វិទ្យុស្រ្តីក៏បានលើកជាសំណួរមកក្រុមផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រីដែរថា «តើការបង្ហោះរបស់គណនីហ្វេសប៊ុកThe CEROC ពីការបញ្ចេញមតិរបស់ភ្ញៀវទេសចរណ៍រិះគន់ទៅកាន់ព្រលានយន្តហោះថ្មីខេត្តសៀមរាប ពិតជាមានសារខ្លះផុសមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ត្រូវបាន បើកដំណើរការជាផ្លូវការឬយ៉ាងណា?»
ជាការកត់សម្គាល់ ព្រលានយន្តហោះថ្មីខេត្តសៀមរាបបានបើកការហោះហើរសាកល្បងលើកដំបូងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ និងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
បើតាមខ្លឹមសារ ដែលទំព័រហ្វេសប៊ុក The CEROC បានបង្ហោះ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ដោយសរសេរសារ ថា “មិនយកអតិថិជនជាធំទេ មើលចុះពួកគេអោយ ពិន្ទុទាបខ្លាំងណាស់រឿងពុករលួយ សេវាកម្មអត់ល្អ និងថែមទាំងផ្តាំអ្នកដទៃមិនអោយឆ្លងកាត់ព្រលាន នេះថែមទៀត” រួមទាំងភ្ជាប់ជាមួយនិងការscreenshot ការសរសេរបញ្ចេញមតិរបស់ភ្លៀវបរទេសចំនួន ៣៧ គណនី ដែលការបញ្ចេញមតិនោះមាន ២៣គណនីបានបង្ហោះក្រោយ ការបើកឱ្យព្រលានយន្តហោះថ្មីខេត្តសៀមរាបទទួលភ្លៀវហោះហើរ និងមាន១៤គណនីបង្ហោះមុនការបើកព្រលានយន្តហោះថ្មីខេត្តសៀមរាបនេះ។
មួយវិញទៀតនៅពេលដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញសេចក្ដីបំភ្លឺ ម្ចាស់ហ្វេសប៊ុក The CEROC បានយកសេចក្ដីបំភ្លឺនោះទៅបង្ហោះ មានអ្នកចូលcomment បញ្ចេញមតិថា «បើតាមមើលទៅមែន ព្រោះរឿងខ្លះរូបនៅព្រលានយន្តហោះចាស់ រឿងខ្លះផុស៣ ៤ខែ ហើយរឿងខ្លះ១ឆ្នាំហើយ បើចង់កែលម្អយើងលើកយករឿងថ្មីៗទើបកើតមកល្អជាង»។ បើទោះបីជាមិននិយាយទទួលស្គាល់ដោយផ្ទាល់ថាការបង្ហោះរបស់ខ្លួនបានផុសមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ត្រូវបាន បើកដំណើរការ តែម្ចាស់ហ្វេសប៊ុក The CEROC បានឆ្លើយតបទៅវិញថា « រឿងចាស់មិនរាងចាលនិងកែតម្រូវ រឿងថ្មីកាន់តែអាក្រក់ឡើង» ហើយបន្ថែមទៀតថា « យើងអាចនិយាយបានថាចាស់មិនកែបានផង ទៅកែអីកើតអាថ្មីនោះ? ប៉ុន្តែជាគតិបណ្ឌិត គេរមែងយកចាស់ថ្មីមកពិចារណារួមទាំងអស់ »។
តាមរយៈខ្លឹមសារនេះអាចសបញ្ជាក់ថា សារមួយចំនួនរបស់ភ្ញៀវទេសចរបរទេស ដែលម្ចាស់ហ្វេសប៊ុក The CEROC បានscreenshot យកមកបង្ហោះ ពិតជាមានសារមួយចំនួន ផុសមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ត្រូវបាន បើកដំណើរការមែន។
យ៉ាងណាជាការកត់សម្គាល់ថា ប៉ុន្មានថ្ងៃមកនេះព្រលានយន្តហោះថ្មីសៀមរាបត្រូវបានមហាជនជាច្រើនរិះគន់អំពីបញ្ហាផ្សេងៗគ្នា ដោយអ្នកខ្លះលើកឡើងអំពីតម្លៃសេវាថ្លៃផ្លូវហាយវេចូលក្នុងព្រលាន តម្លៃចតយាន្តយន្តក្នុងព្រលាន ការយកលុយពីភ្ញៀវបរទេសរបស់មន្ត្រីអន្តោប្រវេសន៍ ហើយអ្នកខ្លះក៏បានលើកឡើងថា ម៉ូតូកង់បីបានឲ្យភ្លៀវអន្តរជាតិចុះដើរតាំងពីមុនផ្លូវចូលព្រលាន ការផ្ដល់សេវាបែបនេះ ខូចមុខមាត់ប្រទេសជាតិ។ ក៏ប៉ុន្តែករណីទាំងនេះ កំពុងត្រូវបានអាជ្ញាធរខេត្តសៀមរាបសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងភាគីពាក់ព័ន្ធផងដែរ៕