en     km
en     km

យុវជននិងសង្គមស៊ីវិលសាទរក្រសួងព័ត៌មានដែលចេញសារាចរណែនាំការផ្សព្វផ្សាយគ្រឿងស្រវឹងតែបារម្ភខ្លាចការអនុវត្តន៍គ្មានប្រសិទ្ធភាព

Share

 

យុវជននិងសង្គមស៊ីវិលសាទរចំពោះក្រសួងព័ត៌មានដែលបានចេញសារាចរណែនាំស្តីពីការផ្សព្វផ្សាយគ្រឿងស្រវឹង​ ដែលហាក់បង្ហាញការយកចិត្តទុកដាក់ពីក្រសួងសាមី ទៅលើបញ្ហាការផ្សព្វផ្សាយគ្រឿងស្រវឹង ដែលកំពុងបង្កផលប៉ះពាល់ ដល់សុខភាពពលរដ្ឋ និងការធ្លាក់ចុះនូវសីលធម៌សង្គម ​ ប៉ុន្តែពួកគេនៅតែបារម្ភខ្លាចការអនុវត្តន៍ពុំមានប្រសិទ្ធភាព។

លោក អ៊ុក ដែន សូមជូននូវសេចក្តីរាយការណ៍ ៖

ថ្មីៗនេះផ្ទុះការរិះគន់ជាច្រើននៅលើបណ្តាញសង្គម ទៅលើកម្មវិធីទូរទស្សន៍មួយដែលបានហៅយុវជនឡើងគាស់ស្រាបៀរផឹកបង្ហាញទស្សនិកជន លើសង្វៀនប្រដាល់ ដែលជារូបភាពអូសទាញពង្វក់ស្មារតី យុវជន ប្រជាពលរដ្ឋ ឱ្យវក់វ៉ល់នឹងការពិសារគ្រឿងស្រវឹង។ ដោយមើលឃើញផលប៉ះពាល់ដែលបង្កឡើងដោយគ្រឿងស្រវឹង នឹងការផ្សព្វផ្សាយដែលមានលក្ខណៈពង្វក់ហួសហេតុ ក្រសួងព័ត៌មាន កាលទី ៨ ខែមករា ឆ្នាំ២០២៤ បានចេញសារាចរណែនាំលេខ (០០១ ស​ ណ ន) ស្តីពីការផ្សព្វផ្សាយគ្រឿងស្រវឹង និងក្រឹត្យក្រមដែលត្រូវអនុវត្តន៍សម្រាប់ក្រុមហ៊ុន សហគ្រាស ផលិត ចែកចាយ និងផ្សព្វផ្សាយគ្រឿងស្រវឹង។ រាល់ការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មាន ប្រព័ន្ធអនឡាញ ព្រឹត្តប័ត្រអាហ្វីស ប៉ាណូ LED Screen និងផ្ទាំងផ្សាយពាណិជ្ជកម្មនានា ។យុវជននិងសង្គមស៊ីវិលមួយចំនួនសាទរចំពោះក្រសួងព័ត៌មានដែលបានចេញសារាចរណែនាំស្តីពីការផ្សព្វផ្សាយគ្រឿងស្រវឹង​ ដែលកំពុងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ការសិក្សារបស់កុមារ យុវជន និងការធ្លាក់ចុះនូវសីលធម៌សង្គម។ តែពួកគេនៅតែបារម្ភខ្លាច ការអនុវត្តន៍សារាចរនេះគ្មានប្រសិទ្ធភាព។

យុវជន ហេង រិទ្ធិ ជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ បានប្រាប់វិទ្យុស្ត្រីថា  ការណ៍ដែលក្រសួងព័ត៌មានបានចេញនូវសារាចរណែនាំ ពីការផ្សព្វផ្សាយគ្រឿងស្រវឹង​នេះ គឺជាសញ្ញាល្អសម្រាប់សង្គមជាតិ តែលោកបារម្ភ ពីប្រសិទ្ធភាពនៃការអនុត្តន៍ ព្រោះក្រុមហ៊ុនផលិតនឹងចែកចាយស្រា សុទ្ធតែជាក្រុមហ៊ុនធំៗ តើក្រសួងហ៊ានអនុត្ត ដាក់ពិន័យ ឬបិទការផ្សព្វផ្សាយណាដែលបំពានគោលការណ៍ ដែលក្រសួងបានដាក់ដែរឬទេ?

«នៅពេលដែលគាត់ចេញលិខិតខាងលើហ្នឹង បើសិនជាស្ថាប័នទាំងអស់ហ្នឹង អ្នកផ្សព្វផ្សាយស្រាឬក៏ក្រុមហ៊ុនផលិតស្រាអីផ្សេងៗហ្នឹង គាត់មិនអនុវត្តតាម ពួកគាត់ជាប់ជាទោស ឬក៏ជាប់ជាទណ្ឌកម្ម វិន័យរដ្ឋបាលអីផ្សេងទេ បើសិនជាគាត់ល្មើសទៀត គាត់នឹងត្រូវរងទណ្ឌកម្មរបស់ក្រសួងព័ត៌មានហ្នឹងអីគេខ្លះៗ អ៊ីចឹងគាត់ត្រូវពន្យល់កន្លែងហ្នឹងឱ្យច្បាស់លាស់ចំណុចសំខាន់ស្នូលជាទណ្ឌកម្ម ឬក៏អ្វីដែលគាត់អាចអនុវត្តបាន កម្រិតក្រសួងគាត់ ចូលបានប៉ុណ្ណា គាត់ធ្វើបានអត់? ព្រោះអីឆ្លងកាត់តាមការអនុវត្ត តាមការមើលឃើញ លិខិតចេញតាំងពីឆ្នាំ២០១៤ ឬក៏២០១៧ ដល់ឥឡូវប្រព័ន្ធផ្សព្វផ្សាយស្រា នឹងប៉ាន់ណូផ្សេងៗជាដើមគឺវាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទាំងនៅក្នុងក្រុង ទាំងនៅតាមផ្លូវបណ្តាខេត្តនាៗ ជាដើម »

 

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH)បានប្រាប់វិទ្យុស្ត្រីថា បច្ចុប្បន្នកំពុងតែមានការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងផុសផុល មានទាំងការដាក់រង្វាន់ដើម្បីអូសទាញអតិថិជន គ្រប់ទម្រង់ គ្រប់រូបភាព នឹងផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដែលធ្វើឱ្យ កុមារ យុវជន ប្រជាពលរដ្ឋ និងសង្គមរងផលប៉ះពាល់ដោយសារគ្រឿងស្រវឹង។ លោកពិតជាមានការសាទរចំពោះការចេញសារាចរថ្មីរបស់ក្រសួងព័ត៌មានដែលបានណែនាំស្តីពីការផ្សព្វផ្សាយគ្រឿងស្រវឹង ព្រោះបានបង្ហាញសញ្ញានៃការចាប់ផ្តើមយ៉ាងល្អមួយនាឆ្នាំថ្មី នីតិកាលថ្មីនេះ។ តែលោកលើកឡើងថា បើមានត្រឹមតែលិខិតណែនាំគឺមិនគ្រប់គ្រាន់ទេ ក្រសួងគួរតែមានលិខិតគតិយុទ្ធ ដែលបញ្ញត្តិ ទោសទណ្ឌចំពោះអ្នកដែលប្រព្រឹត្តល្មើស ហើយមានអ្នកទទួលខុសត្រូវ តាមដាន ធ្វើអន្តរាគមន៍បន្ទាន់ពីឃើញមានករណីល្មើសទៅនឹងសេចក្តីណែនាំ។

«បាទចំពោះសេចក្តីណែនាំរបស់ក្រសួងព័ត៌មានយើងសូមអបអរសាទរ ដោយសារថាវាគឺជាការចាប់ផ្តើមឡើងយ៉ាងល្អមួយ  ប៉ុន្តែខ្ញុំគិតថាវាអត់គ្រប់គ្រាន់ទេ ដើម្បីបង្ការកុមារ និងយុវជនកុំឱ្យប៉ះពាល់ កុំឱ្យក្លាយជាជនរងគ្រោះបន្ទាប់ កុំឱ្យប៉ះពាល់សុខភាព ក្លាយជាអ្នកប៉ះពាល់សតិបញ្ញាដោយគ្រឿងស្រវឹង វាគួរតែមានហៅថាលិខិតគតិយុទ្ធ ដែលមានអំណាចជាងនេះ ហើយដែលចែងអំពីទោសទណ្ឌចំពោះអ្នកដែលប្រព្រឹត្តល្មើស ថាតើបើសិនជាមានការផ្សាយពាណិជ្ជកម្មបន្តទៀតអ្នកណាអ្នកណាអ្នកទទួលខុសត្រូវ គួរមានបញ្ញត្តិជាស្ថាប័នជាក់លាក់ ថាតើអ្នកណាអ្នកតាមដាន អ្នកណាជាអ្នកធ្វើអន្តរាគមន៍បន្ទាន់បើសិនជាឃើញមានករណីល្មើសទៅនឹងសេចក្តីណែនាំហ្នឹង តើពិន័យយ៉ាងណាដើម្បីឱ្យមានការរាងចាលជាដើម»

 

កម្ពុជាឈរនៅលេខរៀងទី៣ ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនៅក្នុងតំបន់អាស៊ាន និងឈរនៅលេខរៀងទី៣៦ នៅលើពិភពលោក។  នេះបានន័យថា ប្រជាជនកម្ពុជាម្នាក់អាចផឹកស្រាបាន ២១.៧លីត្រ។ នេះបើយោងតាមរបាយការណ៍របស់ Wisevoter ចេញផ្សាយអំឡុងពាក់កណ្ដាលឆ្នាំ២០៣៣។ អំឡុងការផ្សាយនោះ សង្គមស៊ីវិលមួយចំនួនក៏អះអាងដែរថាអាចឆ្លុះបញ្ចាំងការពិតដែរ ដោយសារតែកម្ពុជាគ្មានច្បាប់កំណត់អាយុនៃការផឹកស្រា។  សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលគួរតែមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដោយកំណត់អាយុផឹកស្រា ពីព្រោះការផឹកស្រាក៏ជាចំណែកមួយធ្វើឲ្យមានអំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍។

លោក កើត សារ៉ាយ ប្រធានសមាគមន៍ និស្សិតបញ្ញាវន្តខ្មែរ មានប្រសាសន៍ថា  លោកមានការឈឺចាប់ ដែលពេលកន្លងមក​ ឃើញមាន យុវជនដែលជាអ្នកត្រូវបន្តវេនដឹកនាំ អភិវឌ្ឍន៍ប្រទេស បែរជា វក់វ៉ល់នឹងគ្រឿងស្រវឹង អបាយមុខ ភ្លើតភ្លើន។ តែលោកក៏សប្បាយចិត្ត សាទរចំពោះក្រសួងព័ត៌មានដែលបានចេញសារាចរណែនាំស្តីពីការផ្សព្វផ្សាយគ្រឿងស្រវឹង ដែលទាំងនេះគឺជាអ្វីដែលលោកចង់ឃើញ ចង់បាននាពេលកន្លងមក។ យ៉ាងណាលោកក៏ទទូចឱ្យក្រសួងអនុវត្តន៍ឱ្យបានតឹងរឹងតាមសារាចរដែលបានដាក់ចេញនេះ។

«ដូច្នេះ ខ្ញុំសារទចំពោះក្រសួងព័ត៌មានដែលបានចេញសេចក្ដីប្រកាសបែបនេះ តែទោះយ៉ាងណាក៏ដោយខ្ញុំនៅតែសង្ឃឹមថា វានិងមិនកើតរឿងដដែលទេ រឿងដដែលហ្នឹងមានន័យថា ចេញសេចក្តីប្រកាសបែបហ្នឹងទៅ គេអនុវត្តតាមក៏អនុវត្ត គេមិនអនុវត្តតាម ក៏ស្ងាត់ទៅ ចេញសេចក្តីប្រកាសហ្នឹងដើម្បីគ្រាន់តែឱ្យសាធារណជនហ្នឹងស្ងប់ចិត្ត និងគិតថាក្រសួងព័ត៌មានបានគិតគូខ្វាយខ្វល់ ដូច្នេះខ្ញុំសង្ឃឹមថានិងមានប្រសិទ្ធភាពនៃការអនុវត្ត ជាជាងដែលគ្រាន់តែមានតែសេចក្តីប្រកាស ។ ខ្ញុំក៏រំពឹងដែរថាក្រសួងព័ត៌មាននិងចាត់វិធានការយ៉ាងតឹងរឹងទៅលើក្រុមហ៊ុនឬក៏ស្ថាប័ន្ថទាំងឡាយណាដែលកំពុងពង្វក់យុវជនតាមរយៈគ្រឿងស្រវឹងនេះ»

លោក សារ៉ាយ អំពាវនាវដល់ក្រសួងពាក់ព័ន្ធផ្សេងៗក៏ត្រូវតែហ៊ានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់ដល់ការបណ្ដុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសកម្ពជាផងដែរ ។

ដោយផ្អែកលើបញ្ហាមួយចំនួននៃការប្រើប្រាស់គ្រឿងស្រវឹង ក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃទី៩ ខែមករាថា ការប្រើប្រាស់គ្រឿងស្រវឹង គឺផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គម ជាពិសេសសមាជិកគ្រួសារ មិត្តភ័ក្តិរួមការងារ និងអ្នកដទៃផងដែរ។បន្ថែមពីនេះ វាអាចបណ្តាលឱ្យយុវវ័យ ឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងថ្នាំជក់ ដែល ប្រាសចាកពីសីលធម៌សង្គម។ ទន្ទឹមនឹងនេះផងដែរ គ្រឿងស្រវឹងបង្កឱ្យមានផលប៉ះពាល់ជាច្រើន ដូចជា អំពើហឹង្សា ការប្រព្រឹត្តបទឧក្រិដ្ឋ ជម្លោះបុគ្គល ការចំណាយថវិកាទៅលើការទិញគ្រឿងស្រវឹង ការព្យាបាលសុខភាព គ្រោះថ្នាក់ចរាចរណ៍ និងការខាតបង់ផ្សេងៗជាដើម។ម្យ៉ាង ការទទួលទានគ្រឿងស្រវឹងច្រើន ពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀតផងដែរ។ ក្រសួងបានបន្ថែមទៀតថា ជាតិអាល់កុលក្នុងការផលិតគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ៕

អត្ថបទៈអ៊ុក ដែន

Share

Image
Image
Image