en     km
en     km

ក្រុមប្រឹក្សាសន្តិសុខUN ស្នើឱ្យក្រុមហ៊ូទី ឈប់វាយប្រហារនាវាពាណិជ្ជកម្មក្នុងសមុទ្រក្រហមជាបន្ទាន់

Share

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធបានទាមទារឱ្យក្រុមឧទ្ទាមហ៊ូទី(Houthis) ក្នុងប្រទេសយេម៉ែនបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារលើនាវាដឹកទំនិញនៅសមុទ្រក្រហម និងបានព្រមានប្រឆាំងនឹងការកើនឡើងភាពតានតឹង ខណៈពេលដែលមានការយល់ព្រមយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមការងារដែលដឹកនាំដោយសហរដ្ឋអាមេរិកថា នឹងបន្តការពារនាវាពាណិជ្ជកម្មទាំងនោះ។ លោក គីម ចាន់ចាវ រាយការណ៍

 

ការទាមទារនេះបានកើតឡើងនៅក្នុងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានអំពាវនាវផងដែរដល់ក្រុមឧទ្ទាមហ៊ូទី (Houthis )ឱ្យដោះលែងក្រុម Galaxy Leader ដែលជាក្រុមហ៊ុនដឹកជញ្ជូនយានជំនិះរបស់ជប៉ុនដែលមានទំនាក់ទំនងជាមួយពាណិជ្ជករអ៊ីស្ត្រាអែលដែលក្រុមនេះ បានចេញដំណើរ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមាននាវិក២៥នាក់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន reuters។

សមាជិក ១១ ប្រទេសបានបោះឆ្នោតសម្រាប់វិធានការទាមទារឱ្យក្រុមហ៊ូទី(Houthis)បញ្ឈប់ជាបន្ទាន់នូវការវាយប្រហារទាំងអស់ ដែលរារាំងពាណិជ្ជកម្មសកល សិទ្ធិ និងសេរីភាពនាវាចរណ៍ ព្រមទាំងសន្តិភាពក្នុងតំបន់។ ក៏ប៉ុន្តែទន្ទឹមគ្នានោះសមាជិក​៤ប្រទេស​រួម​ទាំង​រុស្ស៊ី​និង​ចិន​ បាន​ប្រើសិទ្ធិ​អនុប្បវាទ ឬបោះបង់សំឡេង ប៉ុន្តែពួកគេមិនបោះឆ្នោតវេតូប្រឆាំងការសម្រេចខាងលើឡើយ។

សូមជម្រាបថា ក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន បើកការវាយប្រហារលើកនាវាដឹកទំនិញ នៅក្នុងតំបន់សមុទ្រក្រហមបន្ទាន់នេះ ធ្វើឡើងស្របពេលដែលអ៊ីស្ត្រាអែលកំពុងអនុវត្តការប្ដេជ្ញារបស់ខ្លួន ក្នុងការធ្វើសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា រហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ទេច។

ការសម្រុកកម្លាំងវាយប្រហាររបស់ក្រុមហ៊ូទី នៃប្រទេសយេម៉ែនដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនធំៗ នៅក្នុងតំបន់សមុទ្រក្រហម ត្រូវធ្វើដំណើរតាមផ្លូវវៀងជុំវិញតំបន់ដែនសមុទ្រ Cape of Good Hope របស់អាហ្វ្រិកខាងត្បូង ដែលរំខានពាណិជ្ជកម្មធ្វើឱ្យការធ្វើដំណើរត្រូវចាយពេលយូរ ហើយចំណាយកាន់តែច្រើន។ កន្លងមក អង្គការសហប្រជាជាតិធ្លាប់បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍នៅក្នុងតំបន់សមុទ្រក្រហម ដែលការបារម្ភនេះ មិនត្រឹមតែនៅក្នុងតំបន់ទេ តែជះផលប៉ះពាល់ដល់ ពាណិជ្ជកម្មពិភពលោកតែម្ដង។

ទោះយ៉ាងណា នេះមិនមែនជាលើកទី១ទេ ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យបញ្ឈប់ការបាញ់ប្រហារនេះ។ ចាប់តាំងពី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ក្រុមប្រឹក្សាសន្តិសុខអង្គការពិភពលោកមួយនេះ ក៏បានថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើកនាវាដឹកទំនិញជាច្រើនលើក។ ក្រុមហ៊ូទី បានអះអាងថាការវាយប្រហាររបស់ខ្លួន បង្ហាញសាមគ្គីភាពជាមួយ ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ដោយនឹងបន្តការវាយប្រហាររហូតអ៊ីស្ត្រាអែលបញ្ឈប់សង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។ ចំណែកសហរដ្ឋអាមេរិក បាន បង្កើតក្រុមអន្តរជាតិចម្រុះមួយ ដើម្បីការពារសន្តិសុខ និងទប់ស្កាត់ការវាយប្រហាររបស់ក្រុមឧទាមហ៊ូទី នៅសមុទ្រក្រហមនេះ៕

Share

Image
Image
Image