en     km
en     km

ជាអ្នកដឹកជញ្ជូនម្ហូបអាហារធ្វើឱ្យជីវិតប្រសើរជាងមុន តែបញ្ហាប្រឈមក៏កើតទន្ទឹមគ្នាដែរ

Share

បច្ចុប្បន្នការងារអ្នកដឹកជញ្ចូនម្ហូបអាហារនៅកម្ពុជាមានសន្ទុះកើនឡើងជាខ្លាំង ខណៈនៅរាជធានីភ្នំពេញក្រឡេកទៅណាក៏ពោរពេញទៅដោយអ្នកដឹកជញ្ជូនដែរ។ បុរសជាអ្នកដឹកជញ្ជូនម្ហូបអាហារតាមអែប(App) ម្នាក់បាននិយាយថា តាំងពីចាប់យកអាជីពនេះមក ខ្លួនមានជីវិតប្រសើរជាងមុន ក៏ប៉ុន្តែបញ្ហាប្រឈមខ្លះក៏បានកើតមានទន្ទឹមគ្នានេះដែរ។

សូមនាង កញ្ញា លោក លោកស្រី ស្ដាប់ការរាយការណ៍របស់ កញ្ញា​ ងិន ស៊ាងលីម ដោយមេត្រី!

ជាអ្នកដឹកជញ្ជូនទាមទារឱ្យយើងត្រូវមានសុខភាពរឹងមាំ ធន់នឹងអាកាសធាតុ ទើបយើងអាចដឹកបានច្រើន ព្រោះមួយថ្ងៃៗត្រូវដឹកទៅរាប់សិបកន្លែងផ្សេងៗខុសពីគ្នា ត្រូវហាលក្តៅ ហាលខ្យល់ ពេលខ្លះត្រូវជិះកាត់ភ្លៀង​ និងពេលខ្លះទៀតត្រូវប្រឈមមុខទៅនឹងច្បាប់ចរាចរណ៍ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការងារនេះជាអាជីពមួយដែលអាចរកប្រាក់បានរហ័ស និងអាចទប់ទល់នឹងជីវិតគ្រួសារបានសមល្មមផងដែរ។ លោក ភារុន ជាមេគ្រួសារ មានអាយុ៣១ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាភ្នាក់ងារដឹកជញ្ជូននៅក្រុមហ៊ុនមួយ បានប្រាប់វិទ្យុស្រ្តី នៅថ្ងៃទី១០​ ខែមករា ឆ្នាំ២០២៤ថា ព្រោះកត្តាជីវភាព ខ្លួនស្វែងរកការងារតាមរយៈប្រព័ន្ធFacebook​ ហើយក៏សម្រេចធ្វើការងារមួយនេះ ខ្លួនត្រូវទិញធុង និងសំលៀកបំពាក់ដោយខ្លួន ចំណែកបណ្ណធានារ៉ាប់រងផ្សេងៗពុំមាននោះទេ។

«ណ្ណធានារ៉ាប់រងអត់មានផង!! និយាយទៅពេលចូលធ្វើការគេឱ្យតែសម្លៀកបំពាក់ហើយនិងធុងៗហ្នឹងទិញពីគេទៀត ៣៥ដុល្លា»

ប៉ុន្តែការងារនេះធ្វើឱ្យជីវភាពលោកល្អជាងមុន៣០%។

«វាប្រសើរជាងមុន ៣០%ដែរ»

លោកបានបញ្ជាក់ថា បន្ទាប់ពីទទួលបានការងារ ខ្លួនអាចដឹកជញ្ជូនបានជាង១០ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែក៏មានបញ្ហាប្រឈមខ្លះដែរ ជួនកាលកំពប់ម្ហូបភ្ញៀវត្រូវចេញលុយសង ឬពេលខ្លះត្រូវបកដំណើរមកទិញម្ហូបនោះសងភ្ញៀវវិញទៀតផង។

«កំពប់ម្ហូបភ្ញៀវជិះលឿនពេក ជាដំណោះស្រាយ បើគាត់អត់ទទួលយក យើងអាចសួរគាត់ថា អាចម្ហូបថ្មីបានអត់! បើយកយើងអាចជិះទៅទិញឱ្យគាត់សារថ្មីតែជាលុយរបស់យើង បើភ្ញៀវខ្លះគាត់ចិត្តល្អទៅ គាត់អត់យកលុយពីយើងទេ តែយើងដឹងឱ្យគាត់សារដើម»

ចំណែកបញ្ហាតាមដងផ្លូវលោកបន្តថា ចំពោះលោកកម្រជួបណាស់ ដ្បិតខ្លួនជិះគោរពច្បាប់ចរាចរណ៍។

«បញ្ហាតាមដងផ្លូវកម្រជួបហាស!ខ្ញុំ ព្រោះដោយសារជិះគោរពភ្លើងស្តុបដែរ» ។

លោកក៏បានបញ្ជាក់ផងដែរ ចំពោះបញ្ហាការមើលទូរសព្ទនៅពេលធ្វើដំណើរ ដោយសារពួកគេមិនសូវស្គាល់គឺត្រូវមើលផែនទី(Map)ជាចាំបាច់ តែសម្រាប់អ្នកស្គាល់ផ្លូវគ្រាន់តែមើលទីតាំងគឺជិះទៅផ្ទះភ្ញៀវតែម្តង។

«ភាគច្រើនអត់និយាយផងបង! ទាល់ទៅដល់ផ្ទះភ្លៀវបាននិយាយ បើអ្នកមើលទូរសព្ទហ្នឹង ភាគច្រើនអត់សូវស្គាល់ផ្លូវ គាត់មើលៗMap បើគេអ្នកស្គាល់ផ្លូវអ៊ីចឹង គេគ្រាន់តែមើលទីតាំងហើយគេជិះទៅផ្ទះភ្ញៀវតែម្តង»៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

Image
Image
Image