en     km
en     km

និស្សិត២រូបនៃខេត្តសៀមរាបផ្ដាំសិស្សទី១២ត្រូវសម្រេចចិត្តឱ្យបានច្បាស់មុនចូលរៀនសាកលវិទ្យាល័យ

Share

សៀមរាប៖ ក្រោយពីបញ្ចប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ មានសិស្សានុសិស្សមួយចំនួនជ្រើសរើសមុខជំនាញមិនត្រឹមត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួន ដែលធ្វើឱ្យមានការលំបាក និងជួបបញ្ហា អំឡុងពេលសិក្សានៅសាកលវិទ្យាល័យ។

សិស្ស២រូប ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ និងបច្ចុប្បន្នជានិស្សិតនៅសាកលវិទ្យាល័យក្នុងខេត្តសៀមរាប បានចែករំលែកអំពីបទពិសោធន៍ខ្លះៗក្នុងការជ្រើសរើសមុខជំនាញឱ្យបានត្រឹមត្រូវពេលទៅសិក្សានៅសាកល ខណៈដែលពួកគេបានឆ្លងកាត់ភាពលំបាកមួយចំនួនពីការសិក្សា ដោយសារខុសពីចំណង់ចំណូលចិត្តរបស់ខ្លួន។

លោក រិន វ៉ា និស្សិតឆ្នាំទី៤​ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អៀយសៀ (USEA) នៅខេត្តសៀមរាប

លោក រិន វ៉ា និស្សិតឆ្នាំទី៤ម្នាក់​ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អៀយសៀ (USEA) នៅខេត្តសៀមរាបបានឱ្យដឹងថា ពីដំបូងឡើយ​ខ្លួនជ្រើសរើសមុខជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច តែរៀនបានត្រឹមឆ្នាំទី១ ខាងគ្រួសារក៏បានណែនាំឱ្យលោកប្ដូរទៅមុខជំនាញខាងព័ត៌មានវិទ្យា(IT) វិញ។

ក្នុងអំឡុងពេលប្ដូរទៅសិក្សាខាងមុខជំនាញ IT លោករិន វ៉ា បាននិយាយក្នុងសម្ដីដើមថា “វាមានភាពលំបាកដោយសារតែខ្ញុំ មិនត្រូវនិងមុខជំនាញខាង IT មិនបានយូរប៉ុន្មាន ខ្ញុំក៏បានសម្រេចចិត្តប្ដូរមុខជំនាញពីIT ទៅមុខជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ចវិញ”។

លោកបានបន្ដថា “​ក្នុងការជ្រើសរើសមុខជំនាញ បើមិនត្រឹមត្រូវនិងចំណង់ចំណូលចិត្តរបស់ខ្លួន គឺមានផលប៉ះពាល់ជាច្រើន ទី១ គឺខាតពេលវេលា ទី២គឺខាតទាំងថវិកា​ និងខាតទាំងការទទួលនូវចំណេះដឹងនូវមុខជំនាញដែលខ្លួនពេញចិត្ត”។

ដោយខ្លួនមានបទពិសោធន៍បែបនេះ លោក រិន វ៉ា បានសំណូមពរថា សិស្សទី១២ដែលទើបបញ្ចប់ការសិក្សាក្ដី ឬមិនទាន់បញ្ចប់ការសិក្សាក្ដី ត្រូវជ្រើសរើសជំនាញណាដែលខ្លួនពេញចិត្ត និងស្រលាញ់មុនចូលថ្នាក់សាកល។ នៅពេលដែលជ្រើសរើសជំនាញដែលខ្លួនមិនស្រលាញ់ ឬក៏ជ្រើសរើសជំនាញតាមគ្រួសារ ឬក៏តាមមិត្តភក្តិ នឹងនាំឱ្យមានផលប៉ះពាល់ធ្លាក់មកលើខ្លួនឯង។

កញ្ញាជៀម ម៊ីហ្វុង

ជាមួយគ្នានេះដែរ  និស្សិតស្រីម្នាក់ទៀត ឈ្មោះថា ជៀម ម៊ីហ្វុង កំពុងសិក្សានៅសាកលវិទ្យាល័យតែមួយ​ និងយុវជនខាងលើបានរៀបរាប់ថា ដោយសារតែមិនសូវស្រលាញ់មុខវិជ្ជាដែលកំពុងរៀននៅសាកលវិទ្យាល័យ ធ្វើឱ្យកញ្ញាប្រឈមមុខនិងបញ្ហាក្នុងការសិក្សាដូចជា ការស្វែងរកការងារធ្វើ ពិបាកស្រាវជ្រាវ ចំណាយនានាលើការសិក្សា ។

គួរជម្រាបថា បន្ទាប់ពីបញ្ចប់បាក់ឌុបកាលពី២០២១ កញ្ញាទៅធ្វើជាគ្រូបង្រៀនភាសាចិននៅសាលាឯកជនមួយក្នុងខេត្តសៀមរាប រួមទាំងរៀនភាសាចិនបន្ថែមផងដែរ។ ដោយសារសាកលវិទ្យាល័យនៅសៀមរាបមានការបញ្ចូលមុខវិជ្ជាថ្មី​ ដែលគួរឱ្យចាប់អារម្មណ៍ គឺមុខវិជ្ជាសិល្បៈ មនុស្សសាស្ដ្រ និងភាសា ហើយគ្រួសារជំរុញផងនោះ កញ្ញាជៀម ម៊ីហ្វុង  ក៏បានចាប់យកទាំងភាសាចិន និងមុខវិជ្ជានៅសាកលវិទ្យាល័យក្នុងពេលតែមួយ។

កញ្ញា ជៀម ម៊ីហ្វុង  បាននិយាយថា “មុខជំនាញដែលខ្ញុំរៀនសព្វថ្ងៃនេះ គឺជាមុខជំនាញដែលប៉ាម៉ាក់ចង់ឱ្យក្លាយទៅជាគ្រូបង្រៀនភាសាខ្មែរ តែខ្ញុំមិនសូវមានចំណាប់អារម្មណ៍ខាងមុខវិជ្ជា សិល្បៈ មនុស្សសាស្ដ្រ និងភាសាហ្នឹងទេ ប៉ុន្តែដោយប៉ាម៉ាក់ជំរុញឱ្យរៀនខាងជំនាញមួយហ្នឹង ទើបខ្ញុំរៀនជំនាញតាមម៉ាក់ប៉ារបស់ខ្ញុំ។

ក្នុងស្ថានភាពបែបនេះហើយបានជាកញ្ញា ជៀម ម៊ីហ្វុង សំណូមពរឱ្យអ្នកដែលមានបំណងចង់បន្តការសិក្សានៅសាកល​​ សូមអោយគិតអោយបានច្បាស់លាស់​ កុំរៀនតាមគ្នា ឬក៏រៀនជំនាញណាដែលខ្លួនមិនស្រលាញ់ ​អាចធ្វើអោយយើងខាតពេលវេលាក្នុងការសិក្សា។

ទាក់ទិនបញ្ហានេះ លោក រស់ សុវាចា អតីតអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាធ្លាប់បានលើកឡើងថា ការជ្រើសរើសមុខវិជ្ជាសម្រាប់រៀនសូត្រនៅកម្រិតឧត្តមសិក្សា និងជំនាញ គឺជាជម្រើសបុគ្គលនិងគ្រួសារដោយផ្សារភ្ជាប់រវាងចំណង់ចំណូលចិត្ត និងឧបនិស្ស័យផ្ទាល់ខ្លួន រួមទាំងទីផ្សារការងារ។

តែអ្នកនាំពាក្យរូបនេះ យល់ថា កត្តារៀនសូត្របន្ត អាស្រ័យលើការពិចារណារបស់សាម៉ីខ្លួនដោយឈរលើមូលដ្ឋានចំនួន៤  គឺការយល់ដឹងច្បាស់ពីមុខជំនាញ ឧបនិស្ស័យបុគ្គល ការពិនិត្យមើលលទ្ធភាពផ្ទាល់ខ្លួន និងតម្រូវការទីផ្សារការងារ៕

អត្ថបទខ្លី សរសេរដោយយុវជន លួស មករា  សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង

Image