en     km
en     km

ទោះបីដៃមិនអាចសរសេរអក្សរ យុវជន ហ៊ាង ពៅ ប្តេជ្ញារៀនឱ្យបានចប់ចុងចប់ដើម

Share

​   ទោះបីកើតមកមានរាងកាយមិនដូចគេឯង ប៉ុន្តែយុវជនម្នាក់នៅតែមិនអស់សង្ឃឹម ហើយខិតខំតស៊ូចំពោះការសិក្សា។ យុវជន ហ៊ាង ពៅ មានអាយុ២២ឆ្នាំ កើតក្នុងត្រកូលកសិករ ដែលមានបងប្អូន៩នាក់ ស្រី៤នាក់ ហើយពៅជាកូនទី៨។ ក្នុងចំណោមបងប្អូនទាំងអស់ គឺមានតែពៅម្នាក់ប៉ុណ្ណោះដែលមានពិការភាពពីកំណើត។ បញ្ហាដែលពៅមានគឺ ដៃមិនអាចសរសេរអក្សរបាន ទោះបីយុវជននេះព្យាយាមយ៉ាងណាក៏នៅតែបរាជ័យមិនអាចសរសេរបាន។

សព្វថ្ងៃនេះ ពៅជាសិស្សថ្នាក់ទី១០ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស។ ចំពោះការសិក្សា ពៅបានត្រឹមតែមើលនិងស្តាប់គ្រូប៉ុណ្ណោះ ដោយមិនអាចសរសេរមេរៀនបានឡើយ ហើយសូម្បីតែប្រឡងម្តងៗក៏ត្រូវឱ្យមិត្តភក្តិជួយសរសេរជំនួសដែរ។ ទោះពៅមានបញ្ហាក្នុងការរៀនសូត្រក្តី ប៉ុន្តែពៅនៅតែជម្នះចំពោះឧបសគ្គនេះជានិច្ច។ ពៅតែងតែយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ ហើយពេលឆ្ងល់ ហ៊ានសួរនិងហ៊ានឆ្លើយជាមួយគ្រូ។

ក្រៅពីការរៀននៅសាលា ពៅបាននិយាយថា “ខ្ញុំចូលចិត្តរៀនតាមអនឡាញដូចជា មើលគ្រូបង្រៀន​តាមយូធូបនិងមើលសៀវភៅតាមអេបផ្សេងៗ”។ ពៅក៏បានបន្ថែមថា ការរៀនបែបនេះល្អណាស់ ព្រោះធ្វើឱ្យពៅទទួលបានគំនិតថ្មីៗនិងធ្វើឱ្យគាត់កាន់តែមានឆន្ទៈក្នុងការរៀនសូត្រ ដោយមិនអស់សង្ឃឹម​ឡើយ។ ដោយឡែកនៅពេលទំនេរ ពៅចូលចិត្តស្តាប់កំណាព្យលោកតាក្រមង៉ុយ ដែលច្រៀងដោយលោកតាប្រាជ្ញឈួន ព្រោះធ្វើឱ្យពៅទទួលបានគំនិតល្អៗនិងបំបែកគំនិតថ្មីៗផងដែរ។ ពេលនៅផ្ទះ ពៅប្រាប់ថា “ខ្ញុំឧស្សាហ៍​មើលលំហាត់និងរំឭកមេរៀនឱ្យបានច្រើនដង ហើយព្យាយាមរកគន្លឹះខ្លឹមសារមេរៀននីមួយៗ។ បើទំនេរៗ ខ្ញុំចូលចិត្តមើលគេដោះស្រាយលំហាត់តាមយូធូប ឬអង្គុយកន្លែងស្ងាត់រំឭកមេរៀនដែលបានមើលហើយ ដើម្បីចង់ដឹងថាខ្ញុំចាំបានប៉ុន្មានភាគរយ”​។

នៅសល់ពេលតែជាង២ឆ្នាំទៀត យុវជន ហ៊ាង ពៅ នឹងប្រឡងបាក់ឌុបហើយ ប៉ុន្តែយុវជនថ្នាក់ទី១០រូបនេះមិនអាចរំពឹងបានថា នឹងទទួលបាននិទ្ទេសល្អឡើយ។ ពៅនិយាយថា “ខ្ញុំមានបញ្ហាមិនអាចសរសេរបានដូចគេទេ ខ្ញុំខ្លាចពេលប្រឡង គេអត់​ឱ្យ​មានអ្នកសរសេរជំនួសខ្ញុំ ឬមិនមានអ្នកជួយសរសេរឱ្យខ្ញុំបាន”។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពៅនៅតែមានតាំងចិត្តថា នឹងខំប្រឹងឱ្យអស់ពីលទ្ធភាព ដោយមិនឱ្យភាពពិការនេះក្លាយជាឧសបគ្គមករារាំងជីវិតខ្ញុំបានឡើយ ហើយនៅថ្ងៃអនាគត ខ្ញុំចង់ធ្វើជាគ្រូបង្រៀនដ៏ល្អម្នាក់ ខ្ញុំនឹងធ្វើវាឱ្យ​បាន​”។

ជាមួយគ្នានេះដែរ អ្នកគ្រូ ង៉ែត ចិន្តា ដែលធ្លាប់បង្រៀនគាត់ ក៏បានមានប្រសាសន៍ថា “ពៅជាសិស្សល្អនិងជាកូនល្អ ព្រោះខ្ញុំធ្លាប់បានជួបម៉ាក់គាត់ម្តងដែរកាលបើកអាហាររូបករណ៍ឱ្យគាត់នៅសាលាភ្នំ​សរសៀ​។ ម្តាយគាត់និយាយថា ពៅមិនដែលធ្វើឱ្យអ្នកផ្ទះពិបាកឡើយ ហើយតែងតែចង់ជួយនេះជួយនោះ ទោះបីដឹងថាជួយមិនបានក៏ដោយ។ ចំណែកនៅសាលាវិញ ពៅជាក្មេងរួសរាយ ខិតខំស្តាប់គ្រូក្នុងម៉ោងបង្រៀនខ្លាំងណាស់។ ទោះបីពៅមិនអាចកត់មេរៀន តែពៅតែងជួយពន្យល់មិត្តរបស់គាត់ជានិច្ច ហើយគាត់អត់ចេះលាក់លៀមទេ។ និយាយរួមទៅ ពៅនៅតែប្រឹងប្រែងរៀនសូត្រ ហើយគាត់តែងតែឆាតមកសួរសំណួរខ្លះៗពីខ្ញុំនិងប្រាប់ពីពិន្ទុប្រចាំខែរបស់គាត់ជានិច្ច។ អ្នកគ្រូរូបនេះក៏បានប្រាប់ឱ្យសិស្សា​នុសិស្ស​ទាំងអស់ គួរតែមើលពៅជាគំរូ ហើយខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ។ ជាចុងក្រោយ អ្នកគ្រូសំណូមពរកុំឱ្យរើសអើងសិស្សដូចជាពៅ ព្រោះពៅចង់បានភាពកក់ក្តៅ ហើយទទួលបានក្តីស្រឡាញ់ពីអ្នក​ជុំវិញខ្លួន។

ជាមួយគ្នានេះដែរ មិត្តភក្តិស្និទ្ធរបស់ពៅក៏បានប្រាប់ថា ពៅជាមនុស្សម្នាក់ដែលតស៊ូ ព្យាយាម និងខិតខំប្រឹងប្រែងខ្លាំងណាស់ ទោះគ្មានកាយសម្បទារឹងមាំដូចសិស្សដទៃក៏ដោយ។ យុវសិសស្សរូបនេះបានបង្ហាញអារម្មណ៍ថា “កន្លងមក ខ្ញុំបានជួយសរសេរគាត់នៅពេលប្រឡង ហើយពេលជួយសរសេរគាត់ម្ដងៗ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនឹងធ្វើវា ព្រោះខ្ញុំបានជួយសម្រួលដល់គាត់ ហើយក៏ធ្វើឱ្យខ្ញុំទទួលបានចំណះដឹងនិងបទពិសោធពីការជួយសរសេរគាត់ខ្លះៗផងដែរ”។

គួរបញ្ជាក់ផងដែរថា ពៅ នឹងត្រៀមប្រឡងបាក់ឌុបនៅ២ឆ្នាំខាងមុខទៀត ប៉ុន្តែគេមិនអាចសរសេរអក្សរបានឡើយ ព្រោះមានបញ្ហាដៃរឹង ទោះគេព្យាយាមសរសេរយ៉ាងណាក៏មិនកើតដែរ។ យើងខ្ញុំសង្ឃឹមថា នឹងមានអ្នកជួយទំនុកបម្រុងការសិក្សាបន្ថែមដល់ពៅ ដើម្បីឱ្យពៅទទួលបានការអប់រំល្អដូចយុវជនផ្សេងទៀតដែរ។

 

ចំពោះករណីយុវជន ហ៊ាង ពៅ ដែលមិនអាចសរសេរអក្សរបាន លោកស្រី ឃួន វិច្ឆិកា មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ករណីនេះមិនធ្លាប់មានទេ ហើយការប្រឡងក៏មិនធ្លាប់មានឱ្យអ្នកជួយសរសេរជំនួសដែរ។ បើប្អូនៗពិការភ្នែក គឺត្រូវសរសេរខ្លួនឯងជាអក្សរប្រែល។

លោកស្រី ឃួន វិច្ឆិកា មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

យ៉ាងណាលោកស្រី ឃួន វិច្ឆិកា ប្រាប់ថា បច្ចុប្បន្ននេះកំពុងអនុវត្តន៍កម្មវិធីអប់រំពិសេសនៅតាមវិទ្យាល័យអប់រំពិសេសចំនួន៦នៅទូទាំងប្រទេស ក្នុងនោះមានសិស្សពិការភ្នែក សិស្សគថ្លង់ សិស្សពិការសតិបញ្ញា និងសិស្សអូទីហ្សឹមជាដើម។ លោកស្រីបានបន្ថែមថា ការប្រឡងបាក់ឌុបថ្មីៗនេះ ក្រសួងអប់រំក៏បានអនុញ្ញាតឱ្យសិស្សានុសិស្សដែលទទួលការអប់រំពិសេសឱ្យចូលប្រឡងបាក់ឌុបដូចបេក្ខជនទូទៅដែរ ដោយមានមណ្ឌលប្រឡងចំនួន៤។ ចំពោះបេក្ខជនពិការភ្នែក គឺបានឱ្យគ្រូមកអានឱ្យគាត់ស្តាប់។ វិធីសាស្ត្រមួយទៀត គឺគាត់អាចសរសេរអក្សរស្ទាប ឬអក្សរប្រេល (អក្សរសម្រាប់អ្នកពិការភ្នែក) ហើយឱ្យគ្រូជំនាញអក្សរប្រេលកែកិច្ចការរបស់គាត់តែម្តង៕

អត្ថបទខ្លីសរសេរដោយ លោក សាត ឌិច សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)

Share

Image
Image
Image