en     km
en     km

យុវជនបរិស្ថានថាសមត្ថកិច្ចឃាត់ខ្លួនពួកគេកាលពីថ្ងៃ៧មករាគឺជារូបភាពនៃការរឹតត្បិតសិទ្ធិលំហសេរីភាព

Share

 

ក្រុមយុវជនមាតាធម្មជាតិ១៣នាក់ ក្នុងនោះមានយុវតី៥នាក់ និងបុរសជនជាតិ អាល្លឺម៉ង់ម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួននៅម្តុំវត្តឧណ្ណាលោម កាលពី ម៉ោង១០ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ និងនាំយកទៅសាកសួរនៅសាលាខណ្ឌដូនពេញបន្ទាប់ពីពួកគេបញ្ចប់ការជួបជុំហាត់ប្រាណ និងផ្សព្វផ្សាយអំពីសក្កដានុពលទេសចរណ៍តំបន់កោះកុងក្រៅ។ក្រុមយុវជនទាំង១៣នាក់នេះត្រូវដោះលែងវិញនៅម៉ោង ១៧:៣០នាទីល្ងាច បន្ទាប់ពីសមត្ថកិច្ចធ្វើនិតិវិធីសាកសួរចប់។ទោះយ៉ាងណាក្រុមយុវជនថា ការឃាត់ខ្លួនពួកគេនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតសិទ្ធិសេរីភាពខាងការបញ្ចេញមតិ។

លោក អ៊ុក ដែន សូមជូននូវសចក្តីរាយការណ៍

 

 

យុវតី សំ សីម៉ា ជានិស្សិតនៅរាជធានីភ្នំពេញដែលបានចូលរួមយុទ្ធនាការហាត់ប្រាណនេះដែរបានប្រាប់វិទ្យុស្ត្រីថា គោលបំណងយុវជនជួបជុំគ្នា គឺគ្រាន់តែហាត់ប្រាណធម្មតាដើម្បីសុខភាព ដើម្បីបង្កើតទំនាក់ទំនងល្អរវាងយុវជននិងយុវជនផ្សេងទៀត និងចង់បង្ហាញសាធារណជនអំពីសក្កដានុពលទេសចរណ៍តំបន់កោះកុងក្រៅ ប៉ុណ្ណោះ។ កញ្ញាបានលើកឡើងពីក្តីបារម្មណ៍ចំពោះតំបន់កោះកុងក្រៅ ព្រោះក្រសួងបរិស្ថានថា នឹងសិក្សាដាក់កោះកុងក្រៅជាតំបន់ឧទ្យានសមុទ្រនៅឆ្នាំ២០២១ តែមកទល់និងពេលនេះគឺស្ងាត់ឈឹងនៅឡើយ ទើបក្រុមយុវជនលើកបដា ដើម្បីរម្លឹក និងជំរុញឱ្យក្រសួងបរិស្ថានពន្លឿនដំណើរការ ដាក់កោះកុងក្រៅជាតំបន់ការពារ។

« គាត់និយាយថា គាត់សន្យាថានឹងដាក់កោះកុងក្រៅទៅជាតំបន់ឧទ្យានសមុទ្រហ្នឹងតាំងពីឆ្នាំ ២០២១តែមកដល់ឥឡូវដើមឆ្នាំ ២០២៤ ហើយអត់ទាន់ឃើញមានការ ធ្វើការងារណារបស់គាត់ថា នឹងដាក់កោះកុងក្រៅហ្នឹង ជាឧទ្យានសមុទ្រទេ។ គាត់ចូលចិត្តតែធ្វើការងារណាបែបស្ងាត់ៗ។ អត់មានបង្ហាញឱ្យពួកយើងដឹងទេ ពេលដែលពួកគាត់ដាក់ការងារទៅឱ្យ ជាមួយនឹងក្រុមហ៊ុនអាល្លឺម៉ង់ឯកជនណាមួយ អញ្ចឹងធ្វើឱ្យពួកយើងនៅតែបារម្ភថា  ខ្លាចពួកយើងអត់បានដឹងពីពត៌មានហ្នឹង ហើយស្ងាត់ៗទៅកោះកុងក្រៅហ្នឹងក្លាយទៅជាកន្លែងរបស់ក្រុមហ៊ុនឯកជន »

កញ្ញា មាន លីសា អាយុ២០ឆ្នាំ ជានិស្សិត នៅភ្នំពេញ នឹងជាយុវជនមាតាធម្មជាតិបានប្រាប់វិទ្យុស្ត្រីថា ទង្វើរបស់អាជ្ញាធរដែលបានឃាត់ខ្លួនក្រុមយុវជនកាលពីម្សិលម៉ិញ គឺជាការរឹតត្បិតសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាការបំបាក់ស្មារតីរបស់យុវជន និងពលរដ្ឋតាមរតាមរយៈរូបភាពការគម្រាមកំហែង ការឃាត់ខ្លួន ធ្វើឱ្យយុវជន បាក់ស្បាត លែងហ៊ានបញ្ចេញមតិ ។

«ច៎ា បងរឿងដែលបានកើតឡើងចំពោះពួកយើងកាលពីម្សិលមិញវាជាការធ្វើទុក្ខបុកម្នេញមួយដែលមិនមែនជារឿងថ្មីហើយ ក៏មិនមែនជារឿងធម្មតាសម្រាប់ពួកយើងដែរ។ រយៈពេល 8 ម៉ោងនៅក្នុងបន្ទបបិទជិតវាជារឿងមួយដែលពិបាកទទួលយកមែនទែនហើយវាប៉ះពាល់ដល់ផ្លូវចិត្តរបស់យើង    ។  ហើយរឿងម្សិលមិញ  មែនទែនទៅហាត់ប្រាណ  វាមិនមែនជាអីដែលត្រូវមកមានចម្ងល់ជាមួយនឹងគំនិត  ការគិតរបស់ពួកយើង  វាសុទ្ធតែជាសេរីភាព  របៀបនៃការបញ្ចេញមតិ  ដើម្បីប្រយោជន៍សាធារណៈ ដោយអត់មានបានប៉ះពាល់ទៅដល់រូបរាងកាយ  ឬក៏ប៉ះពាល់ដល់ប្រយោជន៍របស់អ្នកដទៃទេបងចា៎»

 

នាព្រឹកថ្ងៃទី ៧ខែ មករា ឆ្នាំ២០២៤ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសពត៌មានថា មានមនុស្សមួយក្រុមដែលអះអាងថាសកម្មជនមាតាធម្មជាតិ បានធ្វើសកម្មភាពខុសច្បាប់បង្កឱ្យប៉ះពាល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។ការធ្វើសកម្មភាពនេះមិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច ស្របតាមនីតិវិធីច្បាប់ឡើយ។

លោក វណ្ណ សុផាត  អ្នកសម្របសម្រួលគម្រោង ធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា

ពលរដ្ឋលោកមានសិទ្ធិក្នុងការដើរហើរ និយាយស្តី ទាំងនេះគឺជាសិទ្ធិសេរីភាពដែលមានចែងក្នុងច្បាប់  ។ពលរដ្ឋក៏មានកាតព្វកិច្ចក្នុងការចូលរួមការពារធនធានធម្មជាតិ  ដែលជាសម្បត្តិរួមរបស់ជាតិផងដែរ។

 

«ខ្ញុំដូចជាមិនយល់ស្របជាមួយនឹងការលើកឡើងរបស់អាជ្ញាធរហ្នឹងទេ ព្រោះថាប្រជាពលរដ្ឋគ្រប់រូប ទីមួយគាត់មានសិទ្ធិនៅក្នុងការដើរហើរ ក្នុងការបញ្ចេញមតិយោបល់ ក្នុងការហាត់ប្រាណ នរណាក៏ហាត់ប្រាណបានដែរ ។  ហើយទីពីរ រឿងការពារធនធានធម្មជាតិដូចកោះកុងក្រៅអីនេះ ទាក់ទងនឹងបរិស្ថានអី សូម្បីតែក្រមបរិស្ថានថ្មីអនុម័តដោយរដ្ឋសភាជាតិនៅពេលថ្មីៗនេះ ហើយនិងអនុវត្តនៅឆ្នាំ ២០២៤ និងក៏លើកឡើងអំពីប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិ ក្នុងការចូលរួមការពារ អភិរក្សបរិស្ថានធនធានធម្មជាតិអ៊ីចឹងអញ្ចឹងវាអត់មានអីថាខុសច្បាប់»

លោក វណ្ណ សុផាតយល់ថា  រដ្ឋាភិបាលគួរយកចិត្តទុកដាក់ពិនិត្យមើលទៅលើ សកម្មភាពរបស់អ្នកអនុវត្តច្បាប់ ហើយពន្យល់ពួកគាត់អំពីស្មារតីនៃរដ្ឋធម្មនុញ្ញនិងច្បាប់ដែលពាក់ព័ន្ធមួយចំនួន ពិសេសបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ដែលរដ្ឋបានផ្តល់សច្ចាប័ណ្ណ ដើម្បីអនុវត្តនិងគោរពទៅតាមស្មារតី នៃរដ្ឋធម្មនុញ្ញ។

«រាជរដ្ឋាភិបាលថ្មីនេះគួរតែពិនិត្យមើលទៅលើសកម្មភាពរបស់អាជ្ញាធរទាំងអស់ហ្នឹងម្ដងទៀត។ ហើយពន្យល់គាត់អំពីស្មារតីនៃរដ្ឋធម្មនុញ្ញនិងច្បាប់ដែលពាក់ព័ន្ធមួយចំនួនពិសេសបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ដែលរដ្ឋយើងបានផ្ដល់សច្ចាប័ណ្ណ ។​ ប្រមុខរាជរដ្ឋាភិបាលថ្មីរួមទាំងរដ្ឋមន្ត្រីជាន់ខ្ពស់អីជាដើមនិងក្រសួងពាក់ព័ន្ធសុទ្ធតែមានចំណេះដឹង  ជាធនធានមនុស្សល្អរបស់ប្រទេសជាតិយើង ខ្ញុំជឿជាក់ថាគាត់យល់ច្បាស់អំពីបញ្ហាហ្នឹង អញ្ចឹងខ្ញុំយល់ថាគាត់អាចផ្ដល់ជាទស្សនៈទានមួយខាងផ្នែកច្បាប់ម្ដងទៀត ណែនាំទៅដល់មន្ត្រីទាំងអស់ហ្នឹងដើម្បីឱ្យគាត់អនុវត្ត  និងដើម្បីគោរពទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់យើងបាទ»

 

កាលថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២០ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសពត៌មានដោយអះអាងថា និងធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ ដាក់តំបន់កោះកុងក្រៅជាតំបន់ឧទ្យានជាតិសមុទ្រ អំឡុងឆ្នាំ ២០២១ តែរហូតមកទល់និងពេលនេះកោះកុងក្រៅមិនទាន់ត្រូវបានដាក់ជាតំបន់ឧទ្យានជាតិសមុទ្រនៅឡើយទេ៕

Share

Image
Image
Image