បណ្តាញសហគមន៌ព្រៃឡង់ខេត្តព្រះវិហារអះអាងថា បានរកឃើញបទល្មើសថ្មីៗជាច្រើនក្នុងតំបន់ព្រៃឡង់នៅពេលដែលពួកគេចុះល្បាតព្រៃ រយៈពេល៣យប់៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣។ ក៏ប៉ុន្តែមន្ត្រីបរិស្ថានខេត្តព្រះវិហារបដិសេធថា ករណីនេះមិនមែនជាបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទេ។
(លោក អ៊ុក ដែន រាយការណ៍)
ពេលចុះល្បាត ក្រុមបណ្ដាញសហគមន៍ព្រៃឡង់បានជួបនឹងគោយន្តចំនួន៧គ្រឿង-មនុស្សចំនួន១៣នាក់ ម៉ូតូចំនួន១គ្រឿង ព្រមទាំងភស្ដុតាងបទល្មើសជាច្រើនករណីដូចជា គល់ឈើកាត់រួចថ្មីចំនួន៣០គល់-ឈើអារជ្រៀករួចចំនួន៥,៣ម៉ែត្រគូប(ក្នុងនោះមាន ឃ្នាបចំនួន៩១សន្លឹក និងក្តារចំនួន៥០សន្លឹក )ភាគច្រើនជាប្រភេទឈើមាន សុក្រំ ឈើទាល ត្រាច ផ្តៀក និង គគី ស្ថិតត្រង់ទីតាំងចំណុច- ភ្នំគគឹល- កំប៉ុលយោក- ជាំតាង៉ុត-អូអាចម៌ដែក- ព្រានអាំ ស្ថិតក្នុងភូមសាស្ត្រស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ ។
តាមរយៈកិច្ចសម្ភាសលោក ឃុត សឿម អាយុជាង៣០ឆ្នាំ បានប្រាប់វិទ្យុស្ត្រីថា លោកនិងប្រជាសហគមន៍ប្រមាណ៣០នាក់ បានចុះល្បាតព្រៃឡង់កាលពីថ្ងៃទី២៥-២៨ខែធ្នូ ឆ្នាំ២០២៣ បានប្រទះឃើញបទល្មើសថ្មីៗជាច្រើន ក្នុងតំបន់ ភ្នំ គគឹល កំប៉ុលយោក ជាំតាង៉ុក អូរអាចម៍ដែក និងព្រានអាំ ។ លោកថាការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់នៅតែបន្តកើតមានជាហូរហែ ដែលលោកបារម្ភពីការបាត់បង់ព្រៃនេះនៅពេលខាងមុខ ។
«និយាយរួមបទល្មើសនៅក្នុងព្រៃឡង់ក៏វានៅតែមានកាប់ដូចតែបានផុសឬក៏ដូចជាបានបង្ហាញនៅក្នុងព័ត៌មានរបាយការណ៏នៃព្រៃឡង់។ កាលដែលខ្ញុំទៅហ្នឹងនៅមានម៉ាស៊ីននៅមានគោយន្តអីដឹកជាធម្មតានឹងណា៎ បើប្រៀបនឹងឆ្នាំមុនវាខ្លាំងជាង ឆ្នាំឥឡូវនេះ ប៉ុន្តែនេះក៏វាជាចំណុចដែលវាអាចនឹងបាត់បង់»។
សកម្មជនសហគមន៍ព្រៃឡង់ម្នាក់ទៀតលោក ចាន់ សារិន បានប្រាប់វិទ្យុស្ត្រីថា ការណ៍ដែលប្រជាសហគមន៍ចុះល្បាតមានការប្រទះឃើញទាំងស្លាកស្នាមកាប់បំផ្លាញ ជាច្រើនករណី ក្នុងនោះក៏មានជនល្មើសប្រដាប់ដោយសម្ភារៈមាន ម៉ាស៊ីនអាឈើ ម៉ូតូ ចូលកាប់ និងដឹកជញ្ជូនយ៉ាងអនាធិបតេយ្យក្នុងតំបន់ព្រៃឡង់ ។
លោកសម្តែងក្តីបារម្ភចំពោះការបាត់បង់ព្រៃឈើ និងធនធានធម្មជាតិ ក្នុងតំបន់ព្រៃឡង់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះជីវិតសត្វ និងមនុស្សដែលរស់នៅ និងអាស្រ័យផល ពីអនុផលព្រៃឈើជុំវិញតំបន់នោះ។
«គឺថាយើងបារម្ភខ្លាំងបំផុត គឺខ្លាចបាត់បង់ធនធានទាំងអស់នោះ នៅពេលដែលបាត់បង់ធនធានទាំងអស់នោះខ្លួនយើងនឆងប៉ះពាល់អីខ្លះ មិនមែនប៉ះពាល់តែបុគ្គលម្នាក់ទេ វាប៉ះពាល់ដល់សាធារណជនទាំងអស់។ និយាយទៅ វាមានជីវៈចម្រុះច្រើននៅទីនោះ មានទាំងដកផ្សិតៗ បុរាណ នៅទីនោះមានទាំងអស់ មានទាំងដកផ្សិតបោចវល្លិ៍ ជីកអាពីង ខែនេះមានអាពីង មានស្លឹកស្មាច់ ផ្ដៅ ចុងផ្ដៅអីផ្សេងៗ »។
លោក ស្រី ថី អាយុ៦០ ឆ្នាំ ជាអ្នកសម្របសម្រួលសហគមន៍ព្រៃឡង់បានប្រាប់វិទ្យុស្ត្រីថា កាលដែលត្រឡប់ពីល្បាតព្រៃវិញ សហគមន៍បានផ្តល់ព័ត៌មាន និងចំណុចយាមការទីតាំងបទល្មើសឱ្យទៅមន្រ្តីបរិស្ថានដែលប្រចាំការនៅទីស្នាក់ការ ភូមិស្រែវាល ប៉ុន្តែមន្ត្រីនោះបែរជានិយាយថាមិនដឹងទៅរកនៅឯណាទេ ។ លោកសម្តែងការខកចិត្តចំពោះមន្ត្រីជំនាញដែលគ្មានវិជ្ជាជីវៈបែបនេះ។
« កន្លែងដែលបទលួចកាប់បំផ្លាញព្រៃឈើហ្នឹងណា ពូបានដាក់ទៅគេហើយ ប៉ុន្តែខាងមន្ត្រីបរិស្ថានសួរជជីកថានៅទីណាកន្លែងណា ខ្ញុំឆ្លើយប្រាប់គាត់ថាក្មួយឯងមើលតាមយាមការទៅ យើងបានដាក់យាមការហើយណា ដឹងទៅពីត្រង់ណាមកត្រង់ណី អ្ហា បើមន្រ្តីធ្វើការអ៊ីចឹងធ្វើការម៉េចកើត បើគេដាក់យាមការឱ្យហើយរកមិនឃើញអាគោលដៅបទល្មើសកាប់បំផ្លាញព្រៃឈើផងហ្នឹង នេះនៅទីស្នាក់ការយើងស្រែវាលនេះ ខ្ញុំសោកស្ដាយមួយ ដែលយកមនុស្សអត់ដឹងអីទៅធ្វើការ ពិបាកដែរក្នុងមន្រ្តីមួយៗ »។
ឆ្លើយតបនឹងរឿងនេះលោក មាស ញឹម អនុប្រធាន និងជាអ្នកនាំពាក្យមន្ទីរបរិស្ថានខេត្តព្រះវិហារបានប្រាប់វិទ្យុស្ត្រីថា លោកមិនយល់ពីអ្វី ដែលបណ្ដាញសហគមន៏ធ្វើនោះទេ ព្រោះឱ្យគាត់ចុះទៅធ្វើការជាមួយ ពួកគាត់អត់ទៅ តែបែរជាផ្សព្វផ្សាយព័ត៌មានបំពុលសង្គមទៅវិញ។ លោកបានបដិសេធចំពោះព៌ត៌មាន ដែលសហគមន៍បានផ្សព្វផ្សាយនោះថា ជារឿងមិនពិត និងមិនមែនបទល្មើសក្នុងខេត្តព្រះវិហារទេ។ លោកអះអាងថា មន្ត្រីរបស់លោកស្ថិតនៅក្នុងព្រៃឡង់ បើបទល្មើសក្នុងខេត្តព្រះវិហារគឺជំនាញក្តាប់បានទាំងអស់ ហើយមន្ទីរបានធ្វើនីតិវិធីប្ដឹងទៅតុលាការអស់ហើយដែរ ។
«មិនមែនអ៊ីចឹងទេបង មិនមែនអ៊ីចឹងទេ ការងារយើងបានប្តឺងអស់ហើយ ម្យ៉ាងទៀតអាតំបន់ដែលគេទៅរកមិនឃើញហ្នឹងមិនមែននៅក្នុងខេត្តព្រះវិហារទេ នៅក្នុងខេត្តព្រះវិហារគេរកឃើញទាំងអស់ អ៊ីចឹងមិនមែនឋិតក្នុងខេត្តព្រះវិហារទេ តែខ្ញុំមិនថានៅក្នុងខេត្តណាទេ អ៊ីចឹងហើយមិនអាចទេ ហើយយើងហៅគាត់ទៅធ្វើការគាត់អត់ទៅជាមួយ អ៊ីចឹងគាត់ចេះតែដាក់កំហុសលើគេអ៊ីចឹងទៅណា៎ »។
នៅក្នុងរឿងនេះអ្នកសម្របសម្រួលគម្រោងនៃសមាគមន៍ បណ្តាញយុវជនកម្ពុជា លោក អូត ឡាទីន មានប្រសាសន៍ថា បញ្ហាបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ មិនមែនជារឿងថ្មីនោះទេ ។ លោកថាបើទោះបីជាវាស្ថិតនៅក្នុងរដ្ឋបាលខេត្តព្រះវិហារក្តី ឬក៏ស្ថិតក្នុងរដ្ឋបាលខេត្តណាមួយក្នុងចំណោមខេត្តក្រចេះ ខេត្តស្ទឹងត្រែង កំពង់ធំ ក៏វាស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មន្រ្តីបរិស្ថានដែរ ដែលគាត់អាចសហប្រតិបត្តិការដើម្បីទប់ស្កាត់និងចុះធ្វើកិច្ចអន្តរាគមន៏បាន ។ តែបទល្មើសនៅតែបន្តកើតមាន គឺវាបង្ហាញពីភាពកម្សោយក្នុងការអនុវត្តន៍តួនាទីរបស់មន្ត្រីបរិស្ថាន។
«កន្លងទៅគាត់តែងតែធ្វើការបដិសេធ ហើយនៅពេលដែលអាជ្ញាធរថ្នាក់ជាតិលួចឆ្មក់ចុះទៅជាមួយសហគមន៍ក៏បានរកឃើញបញ្ហានិពិតប្រាកដកើតមាននៅក្នុងតំបន់ព្រៃឡង់ ពេលនោះហើយគាត់នៅតែអត់មានការទទួលខុសត្រូវ គាត់នៅតែច្រានចោលអ៊ីចឹងនេះវានៅតែឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ពួកគាត់ អត់ទាន់មានសមត្ថភាពពេញលេញនៅក្នងការបំពេញតួនាទី ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ព្រៃឡង់ឱ្យបានទាន់ពេលវេលានោះទេ »។
លោក អូត ឡាទីនយល់ថា៖ រដ្ឋាភិបាលគួរតែបើកចំហ សិទ្ធិ សេរីភាព ឱ្យសហគមន៍មូលដ្ឋាន សកម្មជន បរិស្ថាន និង អង្គការ ដៃគូ អភិវឌ្ឍន៍ មួយចំនួនទៀតជាពិសេស បណ្ដាញសហគមន៍ ព្រៃឡង់ដើម្បីឱ្យពួកគាត់ចូលរួមជាមួយគ្នា ក្នុងការការពារ ធនធានធម្មជាតិឡើងវិញ ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានប្រកាសដាក់ចេញវិធានការចំនួន ៤ ដើម្បីទប់ស្កាត់និងការការពារធនធានធម្មជាតិឱ្យបាន ១០០ ភាគរយ ត្រូវអនុវត្តច្បាប់ និងមិនលើកលែងឱ្យជនល្មើសទៀតនោះទេ ហើយជំរុញឱ្យមានការ ដាំដុះ គម្របព្រៃឈើឡើងវិញឱ្យបាន ៦០% នៅឆ្នាំ ២០៥០៕
អត្ថបទៈអ៊ុក ដែន