រូបភាពតំណាងឱ្យស្រ្តីម្នាក់កំពុងទទួលរងនូវឧក្រិដ្ឋកម្មផ្លូវភេទ។ រូបភាព៖ INTERNATIONAL COMMITTEE OF THE RED CROSS (ICRC)
ភ្នំពេញ៖ កន្លងមកករណីស្រ្តីរងគ្រោះដោយអំពើហិង្សាផ្លូវភេទនៅរបបខ្មែរក្រហមត្រូវបានស្ថាប័ន និងអង្គការពាក់ព័ន្ធមួយចំនួនលើកជាប្រធានបទក្នុងការវែកញែក និងគាំទ្រឱ្យជនរងគ្រោះនិយាយចេញមកក្រៅ ដើម្បីរំដោះក្តីកង្វល់ ព្រមទាំងភាពតក់ស្លុតដែលដក់ទុកប្រៀបដូចជារបួសផ្លូវចិត្តនៃជនរងគ្រោះ។ ក៏ប៉ុន្តែមកទល់នឹងបច្ចប្បន្ននេះមនុស្សមួយចំនួនមើលឃើញថាមានជនរងគ្រោះជាច្រើនទៀតដែលមិនបាននិយាយចេញ ក៏ព្រោះតែផ្នត់គំនិតសង្គមហាក់មិនទាន់បើកទូលាយក្នុងជជែកទៅលើករណីផ្លូវភេទ ដែលជាមូលហេតុបណ្តាលឱ្យពួកគេនៅមានក្តីបារម្ភក្នុងការចែករំលែក។ ជាមួយគ្នានេះពលរដ្ឋ និងភាគីពាក់ព័ន្ធចាត់ទុកថាករណីហិង្សាផ្លូវភេទ នៅតែជាប្រធានបទសំខាន់ ដោយពួកគេអះអាថានេះសុទ្ធសឹងតែជាមេរៀនសម្រាប់មនុស្សគ្រប់រូប ហើយពួកគេអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ថែមទៅលើករណីនេះ។ ដើម្បីជ្រាបកាន់តែច្បាស់សូមនាង កញ្ញា លោក លោកស្រីស្តាប់បទយកការណ៍របស់ កញ្ញា គុជ ស៊ីកុល ដែលអានដោយកញ្ញា សៃ ចន្ធី ដូចតទៅ៖
ករណីអំពើហិង្សាផ្លូវភេទនៅរបបខ្មែរក្រហមដែលមនុស្សមួយចំនួនស្ទើតែមិនជឿថាអាចនឹងកើតមានឡើង ក៏ព្រោះតែជនរងគ្រោះពីឧក្រិដ្ឋកម្មផ្លូវភេទភាគច្រើនបានលាក់ទុកការឈឺចាប់ របស់ពួកគេអស់រយៈពេលច្រើនខែ ច្រើនឆ្នាំកន្លងមក។ ក៏ព្រោះតែរឿងរ៉ាវទាំងនោះត្រូវបានមនុស្សជាច្រើនវែកញែក និងសិក្សាស្រាវជ្រាវផ្ទាល់ទើបបង្ហាញថា អំពើមិនគប្បី ការរំលោភបំពាន និងការប្រើប្រាស់អំពើហិង្សាផ្លូវភេទ ពិតជាកើតមានមែន ហើយកើតឡើងចំពោះមនុស្សស្រីជាច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមកទល់នឹងបច្ចប្បន្នគេនៅតែសង្កេតឃើញថាជនរងគ្រោះ មិនទាន់មានឱកាសក្នុងការនិយាយនូវរឿងរ៉ាវដែលខ្លួនជួបប្រទះបានគ្រប់គ្នានៅឡើយ។ ក្នុងនោះក៏មានមូលហេតុខ្លះដែលគេមើលឃើញថាជាបញ្ហារារាំងពួកគេដូចជា បរិបទសង្គមមិនទាន់បើកទូលាយក្នុងការជជែកលើ ប្រធានបទទាក់ទងនឹងផ្លូវភេទ ការប្រកាន់យកផ្នត់គំនិតចាស់មិននិយាយរឿងផ្លូវភេទដែលជាទូទៅគេតែងគិតថាជាក្តីអាម៉ាស់។ ចំណុចទាំងអស់នេះហើយដែលយុវជន និងពលរដ្ឋមួយចំនួនយល់ឃើញថាជាបញ្ហាមិនអាចឱ្យជនរងគ្រោះមានសេចក្តីក្លាហ៊ានគ្រប់គ្រាន់ដើម្បីចែករំលែកក្តីឈឺចាប់ខ្លួនទៅកាន់មនុស្សជុំវិញ។
ពាក់ព័ន្ធករណីនេះ យុវតីវ័យជាង២០ឆ្នាំ កញ្ញាសៀងលី សង្កេតឃើញថានៅមានជនរងគ្រោះជាច្រើននាក់ទៀតដែលមិនទាន់និយាយពីក្តីឈឺចាប់ និងបញ្ហាដែលខ្លួនទទួលរងពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មផ្លូវភេទ។ កញ្ញាក៏បានមើលឃើញនូវចំណុចខ្លះៗដែលកញ្ញាចាត់ទុកថាជាកត្តារារាំង បង្កឱ្យជនរងគ្រោះនិងពលរដ្ឋផ្សេងទៀតហាក់ស្ទាក់ស្ទើរក្នុងការនិយាយពីករណីដែលខ្លួនប្រឈមនឹងបញ្ហាការរំលោភបំពានផ្លូវភេទ។
«បើមែនទែនទៅនៅក្នុងសង្គម គេហៅថា the context of Cambodia (បរិបទសង្គមកម្ពុជា) ឥឡូវហ្នឹង គឺការនិយាយទាក់ទងផ្លូវភេទគឺមានកំណត់ហើយជាពិសេសពេលនិយាយទាក់ទងទៅនឹងផ្លូវភេទ ឬមួយក៏ការប្រើប្រាស់អំពើហិង្សាផ្លូវភេទ អ៊ីចឹងហើយជាមូលហេតុធ្វើឱ្យពួកគាត់អត់មានឱកាសនិយាយពីភាពឈឺចាប់របស់គាត់ទៅកាន់គេហៅថាសាធារណ ឬគេហៅថាបើកចំហភាពឈឺចាប់របស់គាត់មកខាងក្រៅទេ ប៉ុន្តែសង្គមយើងនៅមានផ្នត់គំនិតមួយថានៅពេលដែលយើងនិយាយពីរឿងហ្នឹងដូចហែកកេរ្តិ៍ខ្លួនឯងអ៊ីចឹង នៅពេលដែលយើងនិយាយពីរឿងហ្នឹងគេហៅថាដូចយើងចាប់ផ្តើមទម្លាយនូវភាពអាក្រក់ខ្លួនឯងចេញមកខាងក្រៅ ចឹងទៅធ្វើឱ្យគាត់ជាជនរងគ្រោះហ្នឹងគាត់មានគំនិតក្នុងការដែលនិយាយវាចេញមកខាងក្រៅ។»
ផ្អែកតាមមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាស្ថាប័នចងក្រង និងកត់ត្រាឯកសារទាក់ទងនឹងរបបខ្មែរក្រហម ឲ្យដឹងថា នៅក្នុងឆ្នាំ២០០៣ ពួកគេបានកត់ត្រាឯកសារអំពីស្រ្តីចំនួន១៩០នាក់ ដែលត្រូវបានគេចាប់រំលោភកាលពីសម័យខ្មែរក្រហម។
បន្ថែមពីនេះ សៀវភៅ «អំពើហិង្សាខាងផ្លូវភេទនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ» បានឲ្យដឹងថា គោលនយោបាយផ្លូវភេទរបស់ខ្មែរក្រហមរួមមានពេស្យាកម្មដោយបង្ខំ ការបង្ខំអាក្រាតកាយ ការចាប់រំលោភ ការមានផ្ទៃពោះដោយបង្ខំ ការកាត់អវយវៈផ្លូវភេទ និងអំពើហិង្សាផ្លូវភេទនៅក្នុងមន្ទីរឃុំឃាំងជាដើម។
ស្រដៀងគ្នាទៅនឹងកញ្ញាសៀងលី ដែរ អ្នកស្រី សុភា ធ្លាប់ចូលរួមសម្ភាសន៍ជនរងគ្រោះនៅរបបខ្មេរក្រហម អ្នកស្រីកត់សម្គាល់ឃើញថាមូលហេតុចម្បងដែលរារាំងមិនឱ្យពួកគេនិយាយពីព្រឹត្តិការណ៍ដែលពួកគេទទួលរងការរំលោភបំពានផ្លូវភេទ គឺភាពខ្មាស់អៀន និងការភ័យខ្លាចប៉ះពាល់កិត្តិយស។
«តើឥឡូវនេះតើយើងត្រូវធ្វើមិចដើម្បីឱ្យគាត់បាននិយាយហា៎ណាស់ ដោយសារតែរឿងនេះពួកគាត់អៀន ពួកគាត់អៀនណាស់គាត់អត់ហ៊ាននិយាយចេញមកទេ ព្រោះខ្មាស់គេហើយមួយទៀតក៏អត់មានអ្នកណាត្រូវឱ្យគាត់និយាយជាមួយដែរ ភាគច្រើនអ្នកដែលជាធ្វើការលើផ្លូវច្បាប់ហ្នឹងជាបុរស ជួនកាលអាចសើចគាត់ អ៊ីចឹងសំណួរសួរទៅវិញថាតើយើងត្រូវធ្វើមិចព្រោះយើងអត់មានប្រព័ន្ធអ្នកខាង Psychology ខាងរដ្ឋាភិបាលដូចជាអត់ទាន់មានទេ មានខ្ញុំគិតថាមានប៉ុន្តែអត់ប្រើការ។»
ដោយសង្កេតឃើញថាមកទល់នឹងបច្ចប្បន្នជនរងគ្រោះមួយចំនួននៅតែរារែកចិត្តក្នុងការចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន មជ្ឈមណ្ឌលវប្បធម៌ខ្មែរអាល្លឺម៉ង (ផ្ទះមេត្តា) ទើបតែចាក់បញ្ចាំងវីដេអូឯកសារមួយដែលជាវេទិកាឱ្យជនរងគ្រោះហ៊ាននិយាយបញ្ហាដែលខ្លួនជួបប្រទះទៅនឹងអំពើហិង្សា និងការរំលោភបំពានផ្លូវភេទនៅរបបខ្មែរក្រហម ដែលមានចំណងជើងថា«និយាយចេញមក បងប្អូនស្រីទាំងអស់គ្នា» ឬ«Speak out Sister!» ។ តាមរយៈវីដេអូឯកសារមួយនេះ អ្នកស្រី សុភា ដែលជាសមាជិកអ្នកផលិតសាច់រឿងមួយនេះផងនោះសង្ឃឹមថា គម្រោងនេះនឹងជាវិធីមួយដែលជួយដល់ជនរងគ្រោះដទៃផ្សេងទៀតមានភាពក្លាហ៊ានក្នុងការនិយាយទៅកាន់មនុស្សជុំវិញខ្លួន ហើយវីដេអូនោះអ្នកស្រីចាត់ទុកថាជាការស្តុកទុកនូវសាច់រឿងពិតនៃប្រវត្តិសាស្រ្ត។
«និយាយរួមទៅអ្នកដែលត្រូវបានគេរំលោភបំពានផ្លូវភេទគាត់អត់ហ៊ាននិយាយចេញមកទេ អ៊ីចឹយើងត្រូវធ្វើមិចឱ្យគាត់បាននិយាយចេញមកដើម្បីឱ្យបានធូរ ឱ្យបានធូរចិត្តចឹងទៅណា៎ ហ្នឹងហើយ ហើយគាត់មានជំងឺសតិអារម្មត្រូវហ្អេស គាត់មានជំងឺផ្លូវចិត្ត ចឹងSpeak out នឹងជាផ្នែកមួយដើម្បីឱ្យគាត់និយាយចេញមក និយាយឱ្យធូរចិត្ត។»
ចំណែកឯ លោក Matthew Robinson អ្នកដឹកនាំខ្សែភាពយន្តសញ្ជាតិខ្មែរ-អង់គ្លេស ហើយលោកក៏ជាអ្នកដឹកនាំវីដេអូឯកសារ «និយាយចេញមក បងប្អូនស្រីទាំងអស់គ្នា» ឬ«Speak out Sister!» សង្ឃឹមថា នៅពេលដែលវីដេអូនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ ទស្សនិកជនជាពិសេសយុវជន នឹងទទួលបាននូវខ្លឹមសារអប់រំ ហើយបើកចិត្តរៀនសូត្រពីវីដេអូមួយនេះ ដោយធ្វើយ៉ាងណានឹងជៀសឆ្ញាយពីការប្រព្តឹត្តិអំពើឃោរឃៅដូចជាការរំលោភបំពាន និងហិង្សាផ្លូវភេទទៅលើស្រ្តី។
«ខ្ញុំខ្ញុំគិតថារឿងសំខាន់គឺយុវ័យយល់ពីខ្លឹមសារនៃភាពយន្ត ជាពិសេសយុវជន ពួកគែគួរគិតម្តងទៀត ពួកគេគួរតែគោរពនិងឱ្យតម្លៃ ជំនួសឱ្យការគ្រាន់តែចាត់ទុកស្ត្រីដូចជាវត្ថុមួយ ព្រោះមនុស្សស្រីពួកគេក៏ជាមនុស្សដូចគេឯងដែរ។ ចំពោះអត្រានៃ ការរំលោភបំពានផ្លូវភេទ លើស្ត្រី ក្នុងប្រទេសកម្ពុជាប្រហែល ជាមានការ ថយចុះ ខណៈដែល ខ្ញុំមិនដឹងថាមា អ្វីកើតក្នុង រយៈពេល ៥ ឆ្នាំចុងក្រោយនេះ ឬ អត់ទេ ព្រោះខ្ញុំមិនបានឃើញស្ថិតិ ជាក់លាក់ ប៉ុន្តែ ខ្ញុំ សង្ឃឹមថានឹង មាន ប្រតិកម្មអ្វីមួយចំពោះភាពយន្តនេះនៅពេលដែលវាត្រូវបានចាក់បញ្ចាំង ឱ្យបានទូលំទូលាយតាមរយៈអ៊ីនធឺណិត ហើយទទួលបានអ្នកមើលកាន់តែច្រើន នោះនឹងធ្វើឱ្យយុវវ័យមានការគិតកាន់តែច្រើនអំពីស្រ្តី។»
ជាការស្នើសុំកញ្ញា សៀងលី កញ្ញាចង់ឃើញប្រធានបទផ្លូវភេទត្រូវបើកទូលាយឱ្យមានការជជែកស្វែងរក បញ្ហា និងដំណោះស្រាយដើម្បីឱ្យជនរងគ្រោះករណីរំលោភបំពានផ្លូវភេទ ទាំងនៅរបបខ្មែរក្រហម និងក្នុងសង្គមបច្ចប្បន្នហ៊ាននិយាយការពិត និងស្នើសុំជំនួយក្នុងការដោះស្រាយបញ្ហាពួកគេ។
«ខ្ញុំគិតថាបច្ចប្បន្នស្ថាប័ន និងអង្គការ គឺគាត់មានតួនាទីសំខាន់មែនទែនក្នុងការដើរតួរជួយជ្រផមជ្រែងទៅកាន់បង បង ឬក៏ស្រ្តីដែលគាត់ពាក់ព័ន្ធជាមួយនឹង គេហៅថាអ្នកដែលរងគ្រោះជាមួយនឹងបញ្ហាផ្លូវភេទហ្នឹងហាស៎ មានន័យថាស្ថាប័ន ឬមួយអង្គការគាត់គួរតែរៀបវិធានការ ការណាត់ជួបជាក្រុមតូច ឬក៏មានកិច្ចប្រជុំ ឬក៏មានកិច្ចពិភាក្សាណាមួយក្នុងការដែលនិយាយគ្នាបែបលក្ខណៈស៊ីជម្រៅប៉ុន្តែមានសុវត្ថិភាពទៅគាត់ជាអ្នកចែករំលែកចឹងហា៎ណាស់។»
កន្លងមកក៏មានអង្គការមួយចំនួនចូលរួមដោះស្រាយបញ្ហាដល់ជនរងគ្រោះជាច្រើនប៉ះពាល់ស្មារតីដោយសារតែទង្វើរបស់ក្រុមខ្មែរក្រហមប្រព្រឹត្តិអំពើហិង្សាផ្លូវភេទទៅលើអ្នកជិតខ្លួន និងខ្លួនជនរងគ្រោះផ្ទាល់។ ក្នុងនោះរួមមានអង្គការចិត្តសង្គម អន្តរវប្បធម៌(TPO) ជាមួយអង្គការដទៃផ្សេងទៀតដែលបានសហការណ៍ចូលរួមយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនេះ៕