en     km
en     km

🔴ការអនុវត្តតាមច្បាប់លើ​​ក្រុម​ក្មេងដៃ​ដល់​ប្រើ​ហិង្សា​លើ​សិស្ស​ស្រីម្នាក់​ ដោយសារពួកគេកូនអ្នកក្រ ឬយ៉ាងណា?

Share

ក្នុងករណីព្រួតវាយសិស្សស្រីម្នាក់នៅខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជាផ្លូវការហើយ។ ក្រោយការចោទប្រកាន់ សំណុំរឿងនេះ នឹងត្រូវគេបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការតាមផ្លូវច្បាប់ នោះមានន័យថាជនត្រូវចោទទាំង៥នាក់ ត្រូវឃុំខ្លួន ឬមិនឃុំខ្លួនដាក់ពន្ធនាគារ ជាឆន្ទានុសិទ្ធរបស់ចៅក្រមដែលទទួលបន្ទុកក្នុងសំណុំរឿងខាងលើនេះ។ លើករណីនេះ នាំឱ្យមានសាធារណៈមតិខ្លះ ចោទសួរដែរថា តើការអនុវត្តវិធានការនេះ ដោយសារតែយុវជនបង្កទាំងនោះជាកូនអ្នកក្រ​ គ្មានអំណាចឬយ៉ាងណា? លោក គីម ចាន់ចាវ រាយការណ៍

 

នីតិវិធីដែលត្រូវសម្រេចថាគួរត្រូវឃុំខ្លួន ឬមិនឃុំខ្លួនដាក់ពន្ធនាគារ នឹងត្រូវអនុវត្តក្រោយពេល លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់ជនសង្ស័យម្នាក់(ជាភេទទី៣) និងបក្ខពួកសរុបចំនួន៥នាក់ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដោយមានមនុស្សច្រើន ជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកជាច្រើនថា សមត្ថកិច្ចបានឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៥នាក់ និងបានធ្វើតេស្តសារធាតុញៀន តែមិនមាន។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សំណុំរឿងរបស់ក្រុមក្មេងទំនើងទាំង៥នាក់ ត្រូវបញ្ជូនទៅកាន់តុលាការ ដោយមិនមានការអប់រំនៅត្រឹមស្នងការនគរបាលរាជធានីភ្នំពេញឡើយ។

ទន្ទឹមនឹងការសាទរចំពោះចំណាត់ការក៏មានដែរ សាធារណៈមតិមួយចំនួនបង្ហាញអារម្មណ៍ឃ្នើសចិត្តចំពោះចំណាត់ការនេះ។ ក្នុងនោះក៏មានដែរប្រិយមិត្តរបស់វិទ្យុស្ត្រីម្នាក់បានចោទសួរមកកាន់វេបសាយផ្ទៀតផ្ទាត់ព័ត៌មានរបស់វិទ្យុស្ត្រីលើករណីនេះថា «គ្មានអំណាចឬបានជាត្រូវអនុវត្តតាមផ្លូវតុលាការដោយមិនអនុវត្តការអប់រំដូចករណីមុនៗ?អ្នកគិតថាវានឹងប៉ះពាល់ដល់ អនាគតវែងឆ្ងាយរបស់ពួកគេដែរឬទេ ជាពិសេសក្មេងស្រីទាំងនោះ?»

ឆ្លើយតបនឹងចម្ងល់នេះ ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មាន នៃវិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការបំភ្លឺពីខាងស្នងការនគរបាលរាជធានីភ្នំពេញ ដែលអន្តរាគមន៍តាមចាប់ជនសង្ស័យ ឈានដល់ការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការលើករណីនេះ។ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មានវិទ្យុស្ត្រីថា ដើម្បីឱ្យមានការសម្របសម្រួលមិនឡើងដល់តុលាការលុះត្រាតែ ករណីហិង្សារបស់យុវជននោះមានសភាពមិនសូវធ្ងន់ធ្ងរ ហើយភាគីរងគ្រោះស្ម័គ្រចិត្តដកពាក្យបណ្ដឹង។ ប៉ុន្តែក្នុងករណីដែលសភាពធ្ងន់ធ្ងរ ឬគ្រួសារជនរងគ្រោះមិនសុខចិត្តដកពាក្យបណ្ដឹង នោះសមត្ថកិច្ចត្រូវតែបន្តនីតិវិធីតាមវិធានការច្បាប់ជូនពួកគាត់។

«សកម្មភាពខ្លះវាជាសកម្មភាពមួយ យើងមើលទៅហាក់បីដូចជា សកម្មភាពកាចសាហាវ យើងនឹងអនុវត្តវិធានការច្បាប់។ ដោយឡែកសកម្មភាពខ្លះដែលយើងយល់ថាសកម្មភាពដែលមើលទៅ អ្វីធ្ងន់ធ្ងរហើយជាពិសេស យើងអនុវត្តទៅតាមបណ្ដឹងរបស់អាណាព្យាលបាល ឬមួយក៏ជនរងគ្រោះ។ បើអញ្ចឹងសមត្ថកិច្ចមិនមានអ្វីដើម្បីសម្របសម្រួលសម្រាប់វិធានការអប់រំគឺមានការសម្របសម្រួល ដកពាក្យបណ្ដឹងក្នុងករណីថាជនរងគ្រោះដកពាក្យបណ្ដឹង ហើយរាយការណ៍ទៅព្រះរាជអាជ្ញាទើប សុំការអនុញ្ញាតពីស្នងការដ្ឋាន(នគរបាល) ជាពិសេសឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបសមត្ថកិច្ចយើងមានការអនុញ្ញាតឱ្យមានវិធានការអប់រំ គឺមានន័យថា បើសិនជា ក្នុងករណីដែលជនរងគ្រោះ ឬគ្រួសារជនរងគ្រោះ មិនមានការសម្របសម្រួល ឬក៏ការដកពាក្យបណ្ដឹងទេ គឺមានតែអនុវត្តតាមវិធានការច្បាប់។»

ទន្ទឹមទៅនឹងការចោទសួរ អំពីការផ្ទៀតផ្ទាត់លើការអនុវត្តវិធានការច្បាប់ និងការសម្របសម្រួលអប់រំក្រៅប្រព័ន្ធតុលាការ ប្រិយមិត្តវិទ្យុស្ត្រីដដែលក៏ចោទសួរ ពីការប្ដេជ្ញាចិត្តរបស់សមត្ថកិច្ចផងដែរ ក្នុងសំណេរដើមថា «តើមានការប្តេជ្ញាចិត្តពីសមត្ថកិច្ចសម្រាប់ការអនុវត្តដូចគ្នាចំពោះកូនអ្នកមាន ឬអ្នកមានអំណាចដែរឬទេ?»

ឆ្លើយតបនឹងការចោទសួរនេះ លោក សំ វិច្ឆិកា បានឆ្លើយប្រាប់តាមរយៈក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យស្ត្រីថា សមត្ថកិច្ចអនុវត្តដោយស្មើភាព ចំពោះអ្នកមាននិងអ្នកក្រ រួមទាំងអ្នកមានឥទ្ធិពលក្នុងសង្គមផងដែរ។

លោក សំ វិច្ឆិកា ៖  គឺយើងអនុវត្តស្មើភាពគ្នា មិនមានការអនុវត្តប្រកាន់អ្នកមាន អ្នកក្រឬមួយអ្នកមានឥទ្ធិពលអីយ៉ាងម៉េចទេ។ អញ្ចឹងការអនុវត្តកន្លងមក កូនអ្នកមានឥទ្ធិពល ឬមួយកូនអ្នកមានមុខមាត់អីនៅក្នុងសង្គម ក៏យើងធ្វើការអនុវត្តទៅតាមវិធានការច្បាប់។ ចំពោះអ្វីដែលប្រជាពលរដ្ឋរបស់យើងបានលើកឡើងនោះ គ្រាន់តែការលើកឡើងរបស់គាត់ អត់បានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែង ដែលសមត្ថកិច្ចរបស់យើងកន្លងមកបានអនុវត្តរួចហើយ។… ចឹងកូនអ្នកធំកន្លងមកក៏យើងបានអនុវត្តរួចហើយប៉ុន្មានវិធានការរួចហើយ ពាក់ព័ន្ធនឹងការបញ្ជូនទៅតុលាការណា៎»

វីដេអូហិង្សាលើសិស្សស្រីក្នុងសំណុំរឿងខាងលើត្រូវបានអ្នកលេងបណ្ដាញសង្គមយកមកចែកចាយ ជាច្រើនអំឡុងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ក្នុងន័យរិះគន់ថាជាទង្វើអសីលធម៌ ។ នៅក្នុងវីឌីអូ នោះ ភាគីសងខាងបានទាស់សម្តីគ្នា​ ហើយជនដៃដល់ជាភេទទី៣ពាក់អាវពណ៌ខ្មៅ បានហក់វាយជនរងគ្រោះក្នុងសំលៀកបំពាក់ឯកសណ្ឋានសិស្សពីក្រោយចំកមួយទំហឹង ហើយទាញគ្រវ៉ាត់ជនរងគ្រោះឲ្យដួលទៅនឹងដី ចង្អុលមុខជេរប្រមាថ​ និងគំរាមគំហែងទៅជនរងគ្រោះ រួចខ្លួននិងបក្ខពួកនាំគ្នាសើចយ៉ាងក្អាកក្អាយ។ បន្ទាប់ពីភាគីទាំងសងខាងប្រកែកតគ្នាមួយសន្ទុះហាក់មិនត្រូវគ្នា ភ្លាមៗជនបង្កផ្សេងទៀតបានស្រវ៉ាទាញសក់ជនរងគ្រោះដួលនៅដី និងវ៉ាយយកៗមិនសំចៃដៃទៅលើមុខនិងរាងកាយជនរងគ្រោះ ខណៈនោះគ្នីគ្នាជាភេទទី៣ក៏បានយកទឹកកកជះទៅលើជនរងគ្រោះផងដែរ។ ដោយសារវីដេអូឃ្លីបនោះហើយ ទើបស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បានចុះអនុវត្ត និងបានឃាត់ខ្លួនក្រុមក្មេងដៃដល់ដែលបានប្រើអំពើហិង្សាលើក្មេងស្រីម្នាក់នេះ និងឈានដល់ការអនុវត្តតាមនីតិវិធី៕

 

 

Share

ព័ត៌មានទាក់ទង

Image