en     km
en     km

តំណាងអយ្យការ សម្រេច​ចោទ​ប្រកាន់​​ក្រុម​ក្មេងដៃ​ដល់​ប្រើ​អំពើ​ហិង្សា​លើ​សិស្ស​ស្រីម្នាក់​ នៅខណ្ឌកំបូល

Share

រូបភាពក្រុមក្មេងដៃដល់ ថ្ងៃចាប់ឃាត់ខ្លួន (ប្រភពពីស្នងការនគរបាលរាជធានីភ្នំពេញ)

 

ក្នុងករណីព្រួតវាយសិស្សស្រីម្នាក់នៅខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ពេលនេះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជាផ្លូវការហើយ។ ក្រោយការចោទប្រកាន់ សំណុំរឿងនេះ នឹងត្រូវគេបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការតាមផ្លូវច្បាប់ នោះមានន័យថាជនត្រូវចោទទាំង៦នាក់ ត្រូវឃុំខ្លួន ឬមិនឃុំខ្លួនដាក់ពន្ធនាគារ ជាឆន្ទានុសិទ្ធរបស់ចៅក្រមដែលទទួលបន្ទុកក្នុងសំណុំរឿងខាងលើនេះ។

នីតិវិធីនេះនឹងត្រូវអនុវត្តក្រោយពេល លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់ជនសង្ស័យម្នាក់(ជាភេទទី៣) និងបក្ខពួកសរុបចំនួន៥នាក់ទៀត ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដោយមានមនុស្សច្រើន ជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

វីដេអូហិង្សាលើសិស្សស្រីក្នុងសំណុំរឿងខាងលើត្រូវបានអ្នកលេងបណ្ដាញសង្គមយកមកចែកចាយតាមរយៈជាច្រើនអំឡុងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ក្នុងន័យរិះគន់ថាជាទង្វើអសីលធម៌ ។ នៅក្នុងវីឌីអូ នោះ ភាគីសងខាងបានទាស់សម្តីគ្នា​ ហើយជនដៃដល់ជាភេទទី៣ពាក់អាវពណ៌ខ្មៅ បានហក់វាយជនរងគ្រោះក្នុងសំលៀកបំពាក់ឯកសណ្ឋានសិស្សពីក្រោយចំកមួយទំហឹង ហើយទាញ់គ្រវ៉ាត់ជនរងគ្រោះឲ្យដួលទៅនឹងដី ចង្អុលមុខជេរប្រមាថ​ និងគំរាមគំហែងទៅជនរងគ្រោះ រួចខ្លួននិងបក្ខពួកនាំគ្នាសើចយ៉ាងក្អាកក្អាយ។ បន្ទាប់ពីភាគីទាំងសងខាងប្រកែកតគ្នាមួយសន្ទុះហាក់មិនត្រូវគ្នា ភ្លាមៗជនបង្កផ្សេងទៀតបានស្រវ៉ាទាញសក់ជនរងគ្រោះដួលនៅដី និងវ៉ាយយកៗមិនសំចៃដៃទៅលើមុខនិងរាងកាយជនរងគ្រោះ ខណៈនោះគ្នីគ្នាជាភេទទី៣ក៏បានយកទឹកកកជះទៅលើជនរងគ្រោះផងដែរ។ ដោយសារវីដេអូឃ្លីបនោះហើយ ទើបស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នគរបាលខណ្ឌកំបូលបានចុះអនុវត្ត និងបានឃាត់ខ្លួនក្រុមក្មេងដៃដល់ដែលបានប្រើអំពើហិង្សាលើក្មេងស្រីម្នាក់នេះ និងឈានដល់ការអនុវត្តតាមនីតិវិធី៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង