en     km
en     km

ជនពិការម្នាក់បើកសាលាបង្រៀនភាសារអង់គ្លេស និងកុំព្យូទ័រ ដល់ក្មេងៗនិងជនពិការ មិនយកកម្រៃ

Share

 

ក្នុងសភាពជាជនពិការ ពិតជាមានការលំបាកទាំងជីវភាពនិងការរស់ប្រចាំថ្ងៃ។លោក គឹម នី ក៏មិនខុសពីជនពិការដទៃទៀតដែរ ជីវិតរបស់លោក រស់នៅជាមួយនិងភាពពិការតាំងពីតូច និងជាក្មេងកំព្រាក្រីក្រ តោកយ៉ាកជាខ្លាំង។ប៉ុន្តែអ្វីដែលលោកខុសប្លែកពីជនពិការដទៃ គឺលោកបានជម្នះក្នុងភាពជាជនពិការ ខិតខំសិក្សារៀនសូត្រ និងបានយកចំណេះដឹងដែលលោកមាន មកចែករំលែកដល់ក្មេងៗក្នុងភូមិ តាមរយៈការបើកសាលាបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ ដោយមិនយកកម្រៃ។

តើខ្សែរជីវិតលោក គឹម នី យ៉ាងណា និងឆ្លងកាត់អ្វីខ្លះ? ហើយបុព្វហេតុអ្វីដែលជំរុញចិត្តលោកឱ្យមានឆន្ទៈចែករំលែកចំណេះដឹងដល់ក្មេងៗក្នុងភូមិ ?

លោក អ៊ុក ដែន និងជម្រាបជូនលោកអ្នកនូវខ្សែរជីវិតរបស់លោក គឹម នី ដូចតទៅ ៖

លោក គឹម នី អាយុ៤៤ឆ្នាំ រស់នៅព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោកគឺជាជន ដែលមានពិការភាពតាំងពីកុមារ ជាក្មេងកំព្រា តាំងពីអាយុ៧ខែ ដែលត្រូវម្ដាយស្លាប់ចោល ជាអកុសល ពេលអាយុបានមួយខួបកន្លះ ឪពុកក៏ចាកចេញទៅរួមរស់ និងគ្រួសារថ្មី ដែលលោក ត្រូវរស់នៅជាមួយបងស្រីតូចៗពីរនាក់ និងជីដូនចាស់ ដែលពិការភ្នែកហើយមានជំងឺលើសឈាមទៀត។     លោក គឹម នី បានរៀបរាប់ពីខ្សែរជីវិតរបស់លោកដូច្នេះថា ៖

«ឆាកជីវិតរបស់ខ្ញុំមួយមុននឹងបានដល់ដំណាក់កាលនេះ មានការលំបាកមែនទែន ក្នុងស្ថានភាពមួយដែលហៅថាក្រីក្រីក្រលំដាប់តែម្ដង ហើយភាពកុមារភាពនេះគឺវាមានភាពជូចត់ច្រើនដោយសារតែ ម្តាយត្រូវបានស្លាប់ចោលនៅពេលដែលខ្ញុំនៅជាទារកនៅឡើយ ដែលមានអាយុ ៧ ខែ រីឯឪពុកត្រូវបានចាកចេញពីខ្ញុំ នៅពេលដែលខ្ញុំមានអាយុមួយខួបកន្លះ បន្ទាប់ពីប៉ាគាត់ចេញទៅគឺខ្ញុំអត់ដែលបានទទួលនូវលិខិតសួរសុខទុក្ខ ឬក៏ទទួលបានប្រាក់ឧបត្ថម្ភណាមួយដើម្បីជីវិតរស់នៅទេ គឺអត់តែម្ដង ហើយអ្វីដែលកាន់តែជាងនោះទៀត គឺជីវិតរបស់ខ្ញុំ ត្រូវរស់នៅជាមួយនឹងលោកយាយពិការភ្នែកហើយគាត់មានជំងឺឈាមទៅទៀត»

មិនត្រឹមតែពិការ ហើយក្រីក្រតោកយ៉ាកទេ ជីវិតកុមាដ៏កំសត់នេះត្រូវរស់នៅក្នុង ផ្ទះខ្ទមដំបូលធ្លុះធ្លាយ ដែលខ្យល់បក់មកស្ទើរតែរលំ និងត្រូវ គេចទៅសុំផ្ទះគេជ្រក នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ។

«បើនិយាយអំពីផ្ទះសម្បែងវិញគឺមានដំបូលតែដំបូលយើងមើលឃើញមេឃ មើលឃើញផ្កាយបើនិយាយពីជញ្ជាំងយើងមានជញ្ជាំងប៉ុន្តែយើងមើលឃើញសព្វសារពើដើមឈើទាំងអស់ដែលនៅខាងៗជុំវិញផ្ទះរបស់យើង ពីព្រោះជញ្ជាំងក៏ធ្លុះ ដំបូលក៏ធ្លុះ  អញ្ចឹងយើងដេកទាំងរងាពេលដែលមានភ្លៀងខ្លាំងធ្លាក់មកមិនស្រួលទេ  ហើយផ្ទះខ្ញុំចេះរាំ ខ្យល់បក់មកម្ដងៗរង្គើអស់ហើយ ពេលខ្លះយើងទៅសម្រាកនៅផ្ទះអ្នកជិតខាង។នៅពេលដែលយាយគាត់ទទួលមរណភាព គឺជីវិតបងប្អូនរបស់ខ្ញុំគឺអាស្រ័យទៅលើអុំ ដែលជាម្ដាយធំ ដែលជាបងស្រីរបស់ម្ដាយខ្ញុំតែម្ដង»

ចូលដល់វ័យសិក្សា កុមារ គឹម នី ត្រូវរំកិលតាំងពីផ្ទះទៅសាលាដើម្បីបានរៀនសូត្រ និងរំកិលពីសាលាមកផ្ទះវិញ ពេលខ្លះមិត្តភក្កិឃើញ គេអាណិត គេជួយលើកដាក់កង់ដើម្បីទៅរៀន តែដោយសារជំងឺពុកឆ្អឹង បើគេលើកមិនទំនងនឹងបណ្តាលឱ្យបាក់ លើខ្លួនប្រាណបាក់ស្ទើរគ្រប់កន្លែង ហើយកាលណោះក៏គ្មានពេទ្យវិទ្យាសាស្ត្រព្យាបាលត្រឹមត្រូវ គឺមានតែរុំតាមបែបបុរាណ ដែលធ្វើឲ្យ ដៃជើងរបស់កុមារូបនេះរួញទៅស្វិតទៅ។ ឈានដល់យុវវ័យ យុវជន គឹម នី មិនអាចបន្តការសិក្សាឱ្យចប់ថ្នាក់វិទ្យាល័យបានឡើយ ដោយសារពិការភាពរបស់លោក។

«នៅពេលដែលខ្ញុំឈានជើងទៅដល់ថ្នាក់ទី ១០ ខ្ញុំត្រូវបានបញ្ឈប់រៀនដោយសារតែថ្នាក់រៀននៅជាន់លើហើយយើងត្រូវវាឡើង ខ្ញុំគិតថាបើនៅពេលដែលខ្ញុំដួលរមៀលពីលើកាំជណ្ដើរ តើខ្ញុំត្រូវទីពឹងអ្វីទៀត។  អង្គុយក្បែរកាំជណ្ដើរមើលទៅលើថ្នាក់រៀនចិត្តគឺចង់ទៅណាស់ ប៉ុន្តែដល់ងាកមើលទៅកាយសម្បទារបស់យើងវិញ គឺយើងមិនអាចតស៊ូទៀតបានទេ ហើយខ្ញុំក៏សម្រេចចិត្តថាឈប់រៀនទៅ នៅត្រឹមថ្នាក់ទី ១០»

 

យុវជន គឹម នី សោកស្តាយការសិក្សា និងសម្រក់ទឹកភ្នែកនៅពេលដែលមិត្តភក្តីសួរថា នី ទៅរៀនទេ?។ក្រោយមក ដោយសារមានមិត្តភក្កិក្នុងភូមិបាន ទៅចូលរួម វគ្គបណ្ដុះបណ្ដាល ជាមួយអង្គការជនពិការមួយ គឺអង្គការ(ម៉ារីណុល) ដែលកាលនោះមានទីតាំងនៅវត្តថាន់ លោកក៏ទទួលបានឱកាសចូលរួមវគ្គបណ្ដុះបណ្ដាល ជំនាញ ភាសាអង់គ្លេសនិងកុំព្យូទ័រដើម្បីសម្រេចបំណង។  ជាជនពិការភាពតាំងពីតូច ហើយកំព្រាក្រីក្រ តោកយ៉ាកតាំងពីក្មេង ដូច្នេះលោកក៏យល់ពីទុក្ខលំបាកនៃកុមារក្រីក្រ និងអ្នកមានពិការភាព ហើយការឈឺចាប់របស់លោក បានក្លាយជាកម្លាំងចិត្ត និងការបំផុសនូវឆន្ទៈ ចែករំលែកចំណេះដឹងដល់ក្មេងៗក្នុងភូមិតាមរយៈការបើកសាលាបង្រៀនភាសារអង់គ្លេសដោយមិនយកកម្រៃ ។ ស្ថិតក្នុងសភាពជាជនពិការ លោក គឹម នី ត្រូវជិះលើរទេះដើរដោយម៉ាស៊ីនដើម្បីសម្រួលដល់ការធ្វើដំណើរ និងការបង្រៀនរបស់លោក។

«ជីវិតរបស់ខ្ញុំជាគំរូមួយទៅហើយពីតូចមក អញ្ចឹងខ្ញុំអត់ចង់ឃើញពួកគាត់អតចេះទៀតទេ ខ្ញុំចង់ឃើញក្មេងៗ រស់នៅមានបាយហូបមានផ្ទះជ្រកត្រឹមត្រូវ  មានឱកាស មានលទ្ធភាព មានអទិភាពបានរៀនដូចគេ ពីព្រោះចំណេះដឹងគឺសំខាន់ណាស់  ហើយជម្រកក៏សំខាន់ដែរ បើសិនជាយើងមានតែសាលារៀន ហើយពួកគាត់អត់មានកន្លែងភាពកក់ក្តៅដើម្បីជ្រកឬក៏រៀនអញ្ចឹងគឺពិបាក»

សព្វថ្ងៃសាលារបស់លោកមានអាគារកំពុងសិក្សាពីរខ្នង  ដែលទាំងនេះគឺជាការជួយជ្រោមជ្រែងពីសប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុក និងនៅលើបណ្ដាញសង្គមផងដែរ។ លោកបញ្ជាក់ថា កាលដើមឡើយសាលា មានសិស្សត្រឹមតែ៧នាក់ រៀននៅក្នុងទ្រុងគោ ក្រោយមកដោយមានការជួយជ្រោមជ្រែងពី ពីសប្បុរសជនរហូតដល់បានរៀនសាលាស័ង្កសីចាស់ នឹងក្រោយមកទៀតតាមរយៈការអំពាវនាវសាលាក៏បានអាគារសិក្សាថ្មមួយខ្នង និងពេលនេះសាងសង់ថែមបានមួយខ្នងទៀត ។ បច្ចុប្បន្នសាលាមានសិស្សជាង៣០០នាក់កំពុងសិក្សា លោក គឹម នី ចង់ឃើញក្មេងៗនៅជនបទ និងជនមានពិកាភាព មានឱកាសបានសិក្សារៀនសូត្រ  ដូចគេឯងដែរ ។

«ខ្ញុំចង់ឃើញនៅកន្លែងនេះមានបណ្ណាល័យដែលជាបណ្ដុំឯកសារមេរៀនដែលចងក្រងដោយពហុគ្រូទាំងអស់សាស្ត្រាចារ្យទាំងអស់ រួមដៃគ្នាបង្កើត អញ្ចឹងទៅខ្ញុំចង់ឃើញកន្លែងនេះមានបណ្ណាល័យដើម្បីផ្ដល់ឱកាស នៅកុមារដែលនៅតំបន់នេះ ជាតំបន់ដាច់ស្រយាល តែគាត់មានប្រភពមួយដែលអាចឲ្យគាត់មានឱកាសក្នុងការពង្រីកនិងពង្រឹងចំណេះដឹង របស់គាត់នៅវិសាលភាពទៅថ្ងៃមុខ របស់គាត់ផ្នែកធនធានមនុស្សផងដែរ»

លោក គឹម នី អំពាវនាវដល់សប្បុរសជនបន្ត ជួយដល់សាលារបស់លោក ព្រោះសិស្សកំពុងមានតម្រូវការចូលមករៀនកាន់តែច្រើន ហើយ សម្ភារៈមិនមានគ្រប់គ្រាន់ ។ លោកមានបំណង ឃើញកន្លែងនេះក្លាយជាមជ្ឈមណ្ឌលដ៏កក់ក្តៅ សម្រាប់កុមារកំព្រាទីទាល់ក្រ ជនពិការ  លោកយាយលោកតា ចាស់ជរា និងទុរគតជនដែលគ្មានទីពឹង បានស្នាក់អាស្រ័យ រៀនសូត្រទាំងចំណេះ និងជំនាញ។

 

«បច្ចប្បន្នភាពគឺយើងមានហើយផ្នែកភាសាអង់គ្លេស ជំនាញកុំព្យូទ័រ ជំនាញកសិកម្មខ្នាតគ្រួសារ ហើយកន្លែងនេះខ្ញុំសង្ឃឹមថានឹងក្លាយទៅជាកន្លែងមួយដែលចាក់ស្រេះសម្រាប់ផ្ដល់នូវសេចក្តីសង្ឃឹមទៅដល់កុមារកំព្រា លោកយាយលោកតាចាស់ជរា ដែលគាត់ជាទុរគត់ជន និងយុវជនផ្សេងៗដែលគាត់ខ្វះកន្លែងស្វែងរកចំណេះដឹងផ្សេងៗ ក៏ដូចជាបំណិនជីវិតភាពប៉ិនប្រសប់ចេះទៅលើជំនាញណាមួយជាក់លាក់ដើម្បីកសាងអមជាមួយនឹងចំណេះដឹងផ្សេងៗផងដែរ»

ទោះបីជារាងកាយពិការ តែលោក គឹម នី មិនពិការចិត្តឡើយ។ លោកលើកឡើងថា មិនថារូបរាងកាយ៉ាងណានោះទេ ឱ្យតែនៅមានជីវិត យើងកុំអង្គុយដកដង្ហើមចោល យើងត្រូវរិះគិតគ្រប់ពេលវេលា ឱ្យតែយើងគិតត្រូវ មានគោលដៅច្បាស់លាស់ ហើយមានសេចក្តីព្យាយាម នោះនិងបានសម្រេច ហើយយើងក៏អាចជួយខ្លួនឯងបាន និងជួយសង្គមជាតិបានផងដែរ ។

ស្ថានភាពគ្រួសារសព្វថ្ងៃលោក គឹម នី មានប្រពន្ធនិងកូនបួននាក់ ស្រីមួយ និងប្រុសបីនាក់ ក្នុងនោះកូនប្រុសពីរនាក់ពិការ ។ បច្ចុប្បន្នលោកទ្រទ្រង់ជីវភាពដោយប្រកបរបរ កសិកម្ម ចញ្ចឹម ត្រី បង្កងនិងលក់សត្វលម្អរដូចជា ព្រាប ក្ងាន មាន់ពូជ ជាដើម ។ ចំណែកភរិយារបស់លោកលក់ដូរបន្តិចបន្ដួចនៅផ្ទះ៕

អត្ថបទ​ដោយ៖ អ៊ុកដែន

Share

Image
Image
Image