លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចាត់តាំង លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធ ស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វ ការធ្វើបំណែកសាច់តាមប្រភេទនិងស្តង់ដាគុណភាព ដើម្បីទទួលបានតម្លៃបន្ថែម និងធានាស្ថិរភាពតម្លៃទីផ្សារល្អ និងធានាផលចំណេញសមរម្យសម្រាប់អ្នកផលិត ចែកចាយ និងអ្នកបរិភោគ។
រដ្ឋមន្ត្រីក្រសួងកសិកម្មបានចាត់តាំងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វនៅកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។
ការជំរុញការងារនេះពីរដ្ឋមន្ត្រីក្រសួងកសិកម្មធ្វើឡើង ស្របពេលដែល កសិករចិញ្ចឹមសត្វនៅកម្ពុជាកំពុងបាក់ទឹកចិត្ត និងប្រឈមមុខទៅនឹងវិបត្តិក្ស័យធន។ តាមការអង្កេតរបស់ប្រធានសមាគអ្នកចិញ្ចឹមសត្វប៉ុន្មានឆ្នាំកន្លងមកនេះ ឃើញថាប្រជាកសិករចិញ្ចឹមសត្វនៅក្នុងស្រុក ពិសេសកសិករចិញ្ចឹមសត្វជ្រូកកំពុងបាក់ទឹកចិត្តជាខ្លាំងដែលអាចក្ស័យធន ព្រោះខាតបង់ផលប្រយោជន៍ច្រើន ដោយសារសាច់ជ្រូករស់ចុះថោក ខណៈការចិញ្ចឹមក៏ដូចជាការផលិតមានតម្លៃថ្លៃ។
ក្រោយការចាត់តាំងពី លោករដ្ឋមន្ត្រី ឌិត ទីណា, លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងភាគីពាក់ព័ន្ធរួមមានអ្នកចិញ្ចឹមសត្វ អ្នកនាំចូល កុងស៊ីឬអ្នកកាប់ អ្នកចែកចាយ និងអ្នកលក់ រួមទាំងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាផងដែរ បានជួបប្រជុំគ្នាស្វែងរកដំណោះស្រាយនៅព្រឹកថ្ងៃទី៥ ខែមករានេះ។
លោកស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ ដែលធ្លាប់តែស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធឈឺឆ្អាលដោះស្រាយបញ្ហាចិញ្ចឹមសត្វនេះ បានប្រាប់វិទ្យុស្ត្រីក្រោយចូលរួមក្នុងកិច្ចប្រជុំនៅព្រឹកនេះ អំពីក្ដីសង្ឃឹមរបស់ខ្លួនចំពោះវិស័យចិញ្ចឹមសត្វថាកំពុងតែមានពន្លឺឡើងវិញក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខ។
សូមស្ដាប់ការលើកឡើងរបស់លោក ស្រ៊ុន ពៅ៖
ពាក់ព័ន្ធបញ្ហានេះវិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមពីលោក លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលទទួលបន្ទុកលើការងារនេះ ប៉ុន្តែលោកបដិសេធក្នុងការផ្ដល់ព័ត៌មានដោយឱ្យទាក់ទងទៅអ្នកនាំពាក្យក្រសួងកសិកម្ម។ ចំណែក កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ប្រាប់វិទ្យុស្ត្រីតាមតេឡេក្រាមថាមិនទាន់មានលទ្ធផលនៃកិច្ចប្រជុំខាងលើឡើយ ហើយកញ្ញាមិនឆ្លើយតបសំណួរអ្នកសារព័ត៌មានវិទ្យុស្ត្រីអំពីវឌ្ឍនភាពនៃវិស័យចិញ្ចឹមសត្វឡើយគិតត្រឹមល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ៕
អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕