en     km
en     km

ភរិយាលោក នី ណាក់៖ប្ដីរបស់ខ្លួនត្រូវបានសមត្ថកិច្ចចាប់ទៅតុលាការ ក្រោមបណ្ដឹងលោក ហេង សួរ

Share

លោកស្រី សុខ ស៊ីណេត ភរិយាសកម្មជនបញ្ចេញមតិរិះគន់ការងាររាជរដ្ឋាភិបាល បានឱ្យដឹងថា លោក នីណាក់ ជាប្ដីត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីសួរចម្លើយ ពីបទញុះញង់ និងបរិហារកេរ្ដិ៍ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ។

លោកស្រីបានបញ្ជាក់លើហ្វេសប៊ុកថា ការដែលសមត្ថកិច្ចចាប់ខ្លួនប្ដីលោកស្រី ដោយសារ លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្ដឹងទៅកាន់លោក ខណៈដែលលោក នី ណាក់ បានរិះគន់ពីព័ត៌មានមួយ ដែលសារព័ត៌មានក្នុងស្រុកហ្វ្រេសញូ បង្ហោះថា មានក្រុមហ៊ុនដល់ទៅ១ម៉ឺនទើបបើកថ្មីនៅដើមឆ្នាំ២០២៤។

ហ្វេសប៊ុកឈ្មោះ នី ណាក់ និង IMan-KH ដែលគ្រប់គ្រងដោយលោក នី ណាក់ បានបង្ហោះសារក្នុងសម្ដីដើមថា “FN, មួយម៉ឺនក្រុមហ៊ុនបើកថ្មីនៅ២០២៤។ សង្ស័យរាប់តាំងពីក្រុមហ៊ុនលក់លៀសហាល ក្រុមហ៊ុនដើរសុំទាន ក្រុមហ៊ុនលក់ថ្នាំញៀន។ល។ បើកច្រើន បិទវិញអត់រាប់ឡើយ។ ប្រទេសខ្លាសេដ្ឋកិច្ចលក់តាំងពីភ្នំមិនសល់”។

យ៉ាងណា លោកស្រី សុខ ស៊ីណេត នៅត្រឹមថ្ងៃត្រង់ ថ្ងៃទី៥ ខែមករានេះដដែលថា លោក នី ណាក់ កំពុងនៅតុលាការ ដើម្បីធ្វើការសាកសួរ។ ចំណែកលោក ថុន រដ្ឋា សកម្មជនបរិស្ថាន ដែលត្រូវបានភរិយាលោក នី ណាក់ ប្រាប់ពីបច្ចុប្បន្នភាពប្ដីរបស់ខ្លួន បានបញ្ជាក់លើហ្វេសប៊ុកនារសៀលម៉ោង៣ ថ្ងៃនេះថា រហូតមកដល់ពេលនេះ លោក នី ណាក់ កំពុងនៅក្នុងបន្ទប់សាកសួរក្នុងតុលាការក្រុងភ្នំពេញនៅឡើយ។

គួររម្លឹកថា លោក នី ណាក់ក៏ធ្លាប់ត្រូវបានលោក វេង សាខុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្ដឹងពីបទញុះញង់ និងបរិហាកេរ្ដិ៍ ដាក់ពន្ធធនាគារ១៨ខែដែរ ពេលលោករិះគន់យុទ្ធនាការរបស់ក្រសួងកសិកម្ម និងបន្ថែមភាពឌឺដង។ កាលពីពេលថ្មីៗនេះ លោកក៏ត្រូវបានជនមិនស្គាល់មុខស្ទាក់វាយក្បាលយ៉ាងដំណំ និងបានអំពាវនាវរកថវិកា ដើម្បីព្យាបាលនៅប្រទេសថៃផងដែរ៕

Share

Image
Image
Image