កម្មភាពមន្រ្តីផ្នែកសុខភាពចុះអប់រំប្រជាពលរដ្ឋតាមលំនៅឋាននៅភូមិស្ទឹងចក។
ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងអង្គការ ហេឡែន ខេលល័រ អន្តរជាតិ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពី៖ «គម្រោងព្យាបាល និងថែទាំកុមារកង្វះអាហារូបត្ថម្តស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរនៅកម្ពុជា» នៅឯសណ្ឋាគារភ្នំពេញ។
សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួងសុខាភិបាល មន្ទីសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល យុវជនជើងឯកអាហារូបត្ថម្ត និងអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្តផងដែរ។
លោក ហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា តាមការអំពាវនាវរបស់ក្រសួងសុខាភិបាលនាអំឡុងពេលឆ្នាំ២០២២កន្លងទៅនេះ អង្គការ ហេឡែន ខេលល័រ អន្តរជាតិបានផ្ដល់អាទិភាពខ្ពស់លើការព្យាបាល និងការថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរដោយបានចាប់ផ្ដើមគាំទ្រកម្មវិធីជាតិអាហារូបត្ថម្ភក្នុងការអនុវត្តគម្រោងនេះ នៅខែមករា ឆ្នាំ២០២៣ នៅខេត្តចំនួន៣ រួមមាន ខេត្តតាកែវ កំពង់ឆ្នាំង និងខេត្តសៀមរាប។
លោកបានបន្ថែមទៀតថា៖ «គម្រោងរបស់យើងបានធ្វើការបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាលថ្នាក់ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពចំនួន ៣៣នាក់ និងក្រុមទ្រទ្រង់សុខភាពភូមិចំនួន ១,៦៦៦នាក់»។
លោកវេជ្ជបណ្ឌិត ភឹម លាន់ តំណាងរដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថាដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្តស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរនៅកម្ពុជា អង្គការ ហែឡែន ខេលល័រ អន្តរជាតិ ប្រចាំនៅប្រទេសកម្ពុជាគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើនការព្យាបាល និងថែទាំកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរក្នុងរយៈពេលប្រាំឆ្នាំ (២០២៣-២០២៧) ដែលរួមមាននៅក្នុងខេត្តគោលដៅចំនួន៦គឺ ខេត្តតាកែវ សៀមរាប កំពងស្ពឺ កំពត កំពង់ឆ្នាំង និងពោធិ៍សាត់។
លោក ភឹម លាន់ ថ្លែងថា៖ «អង្គការហេឡែន ខេលល័រ អន្តរជាតិ ពិនិត្យមើលលទ្ធភាពដើម្បីបន្តការអនុវត្តគម្រោង ក្នុងខេត្តគោលដៅ និងអាចបង្កើតនៅខេត្តផ្សេងៗ ទៀត។ ចំពោះកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជាជាច្រើនទៀតដែលតម្រូវឱ្យមានការថែទាំ និងព្យាបាលដើម្បីអោយពួកគេផុតពីបញ្ហាកង្វះអាហារូបត្ថម្ភ»។
គួរបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងសំខាន់បី គឺដើម្បីផ្ដល់ឱកាសដល់ការចូលរួមអនុវត្តគម្រោង ដើម្បីពិនិត្យមើលពីវឌ្ឍនភាពរបស់គម្រោងបញ្ហាប្រឈមដែលបានជួបប្រទះនិងបទពិសោធន៍ល្អៗ ក្នុងឆ្នាំ២០២៣។ ពិភាក្សាលើយុទ្ធសាស្រ្ត និងនីតិវិធីនានាដើម្បីអនុវត្តគម្រោងឱ្យរិតតែមានប្រសិទ្ធភាពនៅពេលអនាគត និងពិភាក្សាផែនការសកម្មភាព ពេលវេលា ធនធានសម្រាប់ឆ្នាំ២០២៤។
យោងតាមរបាយការណ៍អង្កេតប្រជាសាស្រ្ត និងសុខាភិបាលកម្ពុជាឆ្នាំ ២០២១-២០២២ កុមារកម្ពុជាប្រមាណ១០% មានបញ្ហាស្គមស្គាំង។ បើតាមរបាយការណ៍នេះអាចបញ្ជាក់បានថារយៈពេល១៥ឆ្នាំកន្លងមក បញ្ហាស្គមស្គាំងរបស់កុមារក្រោមអាយុ៥ឆ្នាំនៅតែធ្ងន់ធ្ងរ ដោយកុមារប្រហែល ៥០,០០០នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលមិនអាចទទួលបានការព្យាបាលបាន បន្ថែមលើពីនេះមានកុមារជាង ១៦,០០០០នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលមធ្យម៕
អត្ថបទខ្លីសរសេរដោយ កញ្ញា ជួន រក្សា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពី «មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប» រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC)