en     km
en     km

អ្នកដំណើរជាង៥០០នាក់ជម្លៀសចេញពីឧប្បត្តិហេតុធ្លាក់យន្តហោះនៅជប៉ុន ដោយសុវត្ថិភាព

Share

 

ប្រភព៖ BBC news ចុះថ្ងៃព្រហស្បត្តិ ទី០៤ ខែមករា ឆ្នាំ២០២៤

ជើងហោះហើរលេខ ៥១៦ របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines របស់ជប៉ុន បានឆាបឆេះដោយភ្លើងសន្ធោសន្ធៅ បន្ទាប់ពីកើតមានឧប្បត្តិហេតុបុកជាមួយយន្តហោះឆ្មាំសមុទ្រនៅពេលចុះចត ហើយឧប្បត្តិហេតុនេះ បានធ្វើឱ្យមនុស្ស ៥នាក់ ក្នុងចំណោមមនុស្ស ៦នាក់ស្លាប់ ប៉ុន្តែអ្នកដំណើរជាង៥០០នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។

(លោក គីម ចាន់ចាវ រាយការណ៍)

 

ទាក់ទិននឹងឧប្បត្តិហេតុនៃការបុកទង្គិចគ្នារវាងជើងហោះហើរលេខ ៥១៦ របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និងយន្តហោះឆ្មាំសមុទ្រនៃប្រទេសជប៉ុន បានបង្កឱ្យមានភ្លើងឆាបឆេះឡើង ដោយអ្នកដំណើរបានប្រញាប់ប្រញាល់ទៅកាន់ច្រកចេញសង្គ្រោះបន្ទាន់នៃយន្តហោះ ដោយគ្មានអីវ៉ាន់ក្នុងដៃ និងបានគោរពតាមការណែនាំរបស់អាកាសយានិក។ នេះបើយោងតាមសារព័ត៌មាន BBC news ចុះផ្សាយថ្ងៃព្រហស្បត្តិ ទី០៤ ខែមករា ឆ្នាំ២០២៤។

ទង្វើដ៏សាមញ្ញនៃការទុកវត្ថុមានតម្លៃរបស់អ្នកដំណើរក្នុងអំឡុងពេលកើតហេតុជាកត្តាចម្បងក្នុងការបន្ថែមល្បឿននៃការជម្លៀស ដោយមនុស្សចុងក្រោយបានរត់គេចខ្លួន មុនពេលដែលយន្តហោះត្រូវបានឆាបឆេះនៅក្នុងអណ្តាតភ្លើងនៅលើផ្លូវរត់ចេញនៃអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ។

គួរបញ្ជាក់ថា អ្នកដំណើរនៃជើងហោះហើរលេខ ៥១៦ បានរួចរស់ជីវិត ជាមួយនឹងការជម្លៀសចេញពីកាប៊ីនក្នុងយន្តហោះបានយ៉ាងល្អ ខណៈយន្តហោះពោរពេញដោយភ្លើងឆេះ និងមានផ្សែងអួរអាប់ ។ យ៉ាងណាមិញ អ្នកជំនាញផ្នែកអាកាសចរណ៍ និងអ្នកជំនាញក្នុងឧស្សាហកម្មនេះបានប្រាប់ BBC ថា ឧប្បត្តិហេតុនេះ បានធ្វើឱ្យបុគ្គលិកនៅលើយន្តហោះអនុវត្តការហ្វឹកហ្វឺនរបស់ពួកគេបានយ៉ាងម៉ត់ចត់ និងភ្ជាប់ជាមួយអាកប្បកិរិយាល្អដើម្បីធានាថាអ្នកដំណើរដែលគោរពតាមការណែនាំទទួលបានសុវត្ថិភាព។

យោងតាម លោកសាស្ត្រាចារ្យ Ed Galea នាយកក្រុមវិស្វកម្មសុវត្ថិភាពអគ្គីភ័យនៅសាកលវិទ្យាល័យ Greenwich ក្នុងទីក្រុងឡុងដ៍បាននិយាយថា នៅពេលលោកមើលវីដេអូ លោកមិនបានឃើញអ្នកដំណើរនៅលើដីមានវ៉ាលីជាប់ខ្លួនទេ ប្រសិនបើមនុស្សព្យាយាមយកអីវ៉ាន់ក្នុងកាប៊ីនរបស់ពួកគេ នោះពិតជាគ្រោះថ្នាក់ណាស់ ព្រោះការជម្លៀសខ្លួននឹងយឺតពេលជាងនេះ។

សូមជម្រាបថា បច្ចុប្បន្នការស៊ើបអង្កេតកំពុងដំណើរការ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងជើងហោះហើរលេខ ៥១៦ របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និងយន្តហោះឆ្មាំសមុទ្រនៃប្រទេសជប៉ុនលើផ្លូវរត់នៅពេលចុះចត កាលពីថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤ នៅអាកាសយាន្នដ្ឋាននៃទីក្រុងតូក្យូ។ ប៉ុន្តែយោងតាមការសន្ទនាជាមួយប៉មបញ្ជាដែលបានធ្វើឡើងកាលពីថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០២៤ ឃើញថា យន្តហោះឆ្មាំឆ្នេរសមុទ្រមិនត្រូវបានអនុញ្ញាតដំណើរការឡើយ ខណៈពេលដែលយន្តហោះដឹកអ្នកដំណើរត្រូវបានអនុញ្ញាតឱ្យចុះចត ។

សូមរំលឹកថា ដោយបានរៀនពីមេរៀនពីអតីតកាលនៃការធ្លាក់យន្តហោះ   ការបុកទង្គិចគ្នារវាងយន្តហោះ Boeing ៧៤៧ ចំនួនពីរនៅអាកាសយានដ្ឋាន Los Rodeos ក្នុងរដ្ឋ Tenerife ក្នុងឆ្នាំ ១៩៧៧ ដោយបានសម្លាប់មនុស្សចំនួន ៥៨៣ នាក់ ទើបធ្វើឱ្យបទប្បញ្ញត្តិសុវត្ថិភាពអាកាសចរណ៍ត្រូវបានពង្រឹងយ៉ាងខ្លាំងបន្ទាប់ពីកើតមានគ្រោះថ្នាក់មុនៗហើយ៕

អត្ថបទប្រែសម្រួលដោយ កញ្ញា សៃ ចន្ធី

 

 

 

 

 

 

Share

Image
Image
Image