ភាគីពាក់ព័ន្ធបានជួបប្រជុំគ្នាលើកឡើងពីបញ្ហាស្ត្រី ប្រឈមអំពើហិង្សាក្នុងសង្គម ដែលនៅតែបន្តកើតមាន។ ក្នុងនោះសង្គមស៊ីវិល និងសហជីពលើកឡើងថា ក្នុងវិស័យការងារស្ត្រីទទួលរងនូវអំពើហិង្សាទាំងការងារក្នុងប្រព័ន្ធ និងការក្រៅប្រព័ន្ធ។ ពាក់ព័ន្ធនឹងបញ្ហាហិង្សាក្នុងគ្រួសារវិញ ទាំងសង្គមស៊ីវិល និងតំណាងរដ្ឋាភិបាល ទទួលស្គាល់ថា ដោយមើលឃើញ ពីភាពចន្លោះ ក្នុងច្បាប់ស្តីពីអំពើហិង្សានៅក្នុងគ្រួសារមាន។
លោក អ៊ុក ដែន សូមជូននូវសេចក្តីរាយការណ៍៖
ករណីអំពើហិង្សាលើស្ត្រី ទាំងក្នុង គ្រួសារ កន្លែងការងារ និងផ្នត់គំនិតក្នុងសង្គមដែលដាក់បន្ទុកទៅលើ ស្ត្រី និងក្មេងស្រី បានក្លាយជាប្រធានបទសំខាន់លើកឡើងយកមកជជែកក្នុងកម្មវិធី ប្រកាសរបាយការណ៍ពិនិត្យនិងតាមដានការអនុវត្ត អនុសញ្ញា ស៊ី-ដ (NGO CEDAW) ឆ្នាំ២០២២ របស់អង្គការ ស៊ី-ដ (NGO CEDAW) នៅសណ្ឋាគារ (POULO WAI HOTEL)កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។
ពួកគេបានសាកសួរ និងលើកឡើងមកជជែកគ្នាអំពីការប្រឈម និងបញ្ហាជាច្រើនដែលទាក់ទងស្ត្រី និងអំពើហិង្សាក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន រួមទាំងការលើកបង្ហាញពីរបាយការណ៍ស្រាវជ្រាវរបស់អង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការតាមដានលើរឿងស្ត្រីនិងការប្រឈមអំពើហិង្សាក្នុងសង្គម។ សង្គមស៊ីវិល និងសហជីព បានបង្ហាញពីការប្រឈមជាច្រើនដែលស្ត្រីកំពុងជួបប្រទះទាំងក្នុង គ្រួសារ កន្លែងធ្វើការ និងសង្គម។
ប្រធានគម្រោងនៃ អង្គការនារីដើម្បីសន្តិភាព (WPM) អ្នកស្រី អយ ម៉ារីនី បានលើកឡើងថា ផ្នត់គំនិតក្នុងសង្គមសង្គមគ្រួសារមួយចំនួនតែងតែហាមឃាត់មិនឱ្យកូនស្រី ទៅរៀនសូត្រ ឬធ្វើការឆ្ងាយពីផ្ទះឡើយដែលទាំងនេះបានធ្វើឱ្យស្ត្រីបាត់បង់ឱកាសទទួលបាន ចំណេះដឹង ការងារ សេរីភាពហិរញ្ញវត្ថុ ហើយក៏អាចចាត់ថា ជាអំពើហិង្សាលើផ្លូវចិត្ត ហើយក៏អាចក្លាយជាអំពើហិង្សាសេដ្ឋកិច្ចទៅលើស្ត្រីផងដែរ។
«ស្ត្រីត្រូវបានគ្រួសាររបស់គាត់ស្ដីបន្ទោសនៅពេលដែលករណី គាត់ចេញទៅធ្វើការនៅខាងក្រៅ ដោយសារតែគ្រួសារគាត់មើលឃើញថា ស្ត្រីដែលល្អ គាត់គួរតែនៅក្នុងផ្ទះ ធ្វើកិច្ចការងារផ្ទះ គាត់អត់គួរដើរចេញទៅខាងក្រៅទេ អ៊ីចឹងប្រសិនបើយើង មើលទាក់ទងទៅជាមួយនឹងចំណុចកន្លែងនេះ វាជាហិង្សាទាក់ទងនឹង ទី ១ សេរីភាពនៅក្នុងការដើរហើរដែលគ្រប់គ្នាត្រូវតែមាន ប៉ុន្តែពួកគាត់ត្រូវបានបាត់ អ៊ីចឹងវាប៉ះពាល់ដល់ផ្លូវចិត្តរបស់គាត់ និងទី២ ទាក់ទងជាមួយនឹងសេដ្ឋកិច្ចដោយសារតែគាត់អត់អាចចេញទៅខាងក្រៅ គាត់ប្រកបរបរដើម្បីរកចំណូល ដើម្បីផ្គត់ផ្គង់ខ្លួនឯងអញ្ចឹងវាទាក់ទងជាមួយនឹងការសេដ្ឋកិច្ច កត្តាជីវភាពរបស់ពួកគាត់ អញ្ចឹងអានេះត្រូវជាមួយនឹងអំពើហិង្សាផ្អែកលើ(យ៉ែនឌ័រ) »។
ចំណែកកញ្ញា សង្វា ភួងវីណា ប្រធានផ្នែកតស៊ូមតិ និងបណ្តាញ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) បានលើកឡើងថា ស្ត្រីក៏ប្រឈមនិងការបញ្ឈប់ពីការសិក្សាដើម្បីរៀបការ ឬការបញ្ឈប់ពីការសិក្សាដើម្បីជួយការងារក្នុងគ្រួសារ និងការដាក់បន្ទុកដោយផ្នត់គំនិតទៅលើយេនឌ័រនៅក្នុងសង្គមខ្មែរថាស្ត្រីមុជមិនជ្រៅទៅមិនឆ្ងាយ ដែលទាំងនេះបានក្លាយជាសម្ពាធទៅដល់ស្ត្រីទាំងផ្លូវចិត្ត និងសេដ្ឋកិច្ច ដែលពួកគេត្រូវបាត់បង់ឱកាស់ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង និងត្រូវរស់នៅដោយពឹងផ្អែកលើឳពុកម្តាយ ឬក្រុមគ្រួសារជាដើម។
«ឯចំណែកក្មេងស្រី កត្តាចម្បងដែលធំបំផុតដែលរកឃើញនោះគឺការឈប់រៀនដើម្បីរៀបការ ហើយកត្តាចម្បងទីពីរគឺឈប់រៀនដើម្បីជួយគ្រួសារវិញ ហើយមួយវិញទៀតការរឹតត្បិតនៅក្នុងការនិយាយស្ដី ជុំវិញភាពជាក្មេងស្រី និងភាពជាស្ត្រី របស់ពួកគាត់ហ្នឹង អាហ្នឹងយើងដឹងហើយគឺមិនថាតែនៅក្នុងសាលារៀនទេ នៅក្នុងសហគមន៍ ឬមួយក៏នៅតាមគ្រួសារអី គឺតែងតែមានហើយ ក្មេងស្រីធ្វើអ៊ីចេះអត់សម ធ្វើអ៊ីចុះបានសម ហើយក្មេងប្រុសធ្វើបែបនេះបានសមធ្វើបែបនោះអត់សម តែងតែមានផ្នត់គំនិតផ្អែកទៅលើ (យេនឌ័រ)ដែលដាក់បន្ទុកទៅលើពួកគាត់ទៅហើយ»។
លោកស្រី អ៊ូ ទេពផល្លីន ប្រធាន សហជីព ចំណីអាហារ និងសេវាកម្ម កម្ពុជា (CFSWF) បានលើកឡើងថា ក្នុងវិស័យការងារស្ត្រីក៏ទទួលរងនូវអំពើហិង្សាទាំងការងារក្នុងប្រព័ន្ធ និងការក្រៅប្រព័ន្ធ ពិសេសស្ត្រីដែលធ្វើការក្នុងវិស័យសេវាកំសាន្ត និង ទេសចរណ៍ដែលទទួលរងហិង្សាទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយសារតែស្ថានភាពសេដ្ឋកិច្ច។
«អ្នកដែលធ្វើការនៅតាមអូតែលទទួលរងនៅអំពើហិង្សាសាហាវបំផុតគឺ អ្នករៀបចំបន្ទប់ដែលយើងអត់នឹកស្មានដល់ទេ ដែលយើងគិតថាគាត់រៀបចំបន្ទប់តើអ្នកណាទៅបៀតបៀនគាត់ ប៉ុន្តែ គឺគាត់ប្រាប់ថា នៅពេលដែលគាត់ទៅរៀបចំបន្ទប់ពេលខ្លះអតិថិជន ពេលខ្លះអត់មានស្លៀកពាក់ខោអាវទេ ហើយជួនណាទៅ គាត់ចូលទៅដល់ ក៏មានការលូកលាន់ដល់រាងកាយគាត់ និយាយពីបងប្អូនកម្មករ និយោជិត ផ្នែកកាស៊ីណូ ចែកបៀរអី បើភ្ញៀវឈ្នះ រៀងសំណាងបន្តិចអត់សូវរងហិង្សា តែបើចាញ់វិញមានទាំងគប់បារីមកលើបងប្អូនកម្មករនិយោជិត មានពេលខ្លះរហូតដល់គប់ចានបារី មានពេលខ្លះរហូតដល់គប់កែវ ។កាស៊ីណូ នៅកំពង់សោមយើងកម្រឃើញស្ត្រីដែលមានផ្ទៃពោះធ្វើការនៅទីនោះណាស់ ហេតុអីអាចមានកត្តាមួយ បើសិនជាគាត់មានផ្ទៃពោះត្រូវតែ គេបញ្ឈប់គាត់ពីការងារឬក៏ មានការពិនិត្យទឹកនោមទៅទៀត បើសិនជាគាត់មានកូនគេ អត់ប្រើពាក្យបង្ខំឱ្យពន្លូតដោយផ្ទាល់ទេ ប្រើពាក្យថាអាចសម្រាកទៅ បើសិនជាចង់ធ្វើការនៅកន្លែងហ្នឹង គឺទាល់តែអត់មានកូន បានធ្វើការបាន កន្លែងហ្នឹងដែល ស្ត្រីខ្លះត្រូវបង្ខំចិត្តនៅក្នុងការ រំលូតកូនដោយសារតែស្ថានភាពសេដ្ឋកិច្ច» ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) មានប្រសាសន៍ថា បើតាមរបាយការណ៍ស្រាវជ្រាវរបស់ លីកាដូ ឆ្នាំ២០២០-២០២៣ កន្លងមកមានអំពើឃាតកម្មដោយករណីអំពើហិង្សាក្នុងគ្រួសារ២៦ ករណីភាគច្រើនជាស្ត្រី និងកុមារ ក្នុងនោះក៏មានបុរសម្នាក់ដែរ ដែលបានស្លាប់ក្នុងករណីអំពើហិង្សាក្នុងគ្រួសារនេះ ។ការវិវត្តអំពើហិង្សាទៅជាអំពើឃាតកម្មនេះភាគច្រើនគឺ នៅពេលដែលមានអំពើហិង្សាហើយចំណាត់ការបានត្រឹមតែសម្របសម្រួល ហើយមិនបានយកអ្នកប្រព្រឹត្តិទៅអនុវត្តទោស ធ្វើឱ្យអំពើហិង្សានៅតែបន្តកើតមាន និងឈានដល់អំពើឃាតកម្ម។
«នៅពេលដែលកើតចេញជាអំពើហិង្សាហើយ ចំណាត់ការគឺអាជ្ញាធរភាគច្រើនគាត់ដោះស្រាយបែបសម្របសម្រួលឲ្យរួមរស់ជាមួយគ្នាវិញទៅ។ អញ្ចឹងនៅពេលដែលរួមរស់ជាមួយគ្នាហិង្សាក៏កើតបន្ត អញ្ចឹងម្ដងហើយម្ដងទៀត ម្ដងហើយម្ដងទៀត នៅពេលដែលមានការសុំលែងលះ ឬក៏ខាងស្ត្រីហ្នឹងគាត់សុំបែក អីអញ្ចឹងទៅ គឺបង្កើតទៅជារឿង ក៏កើតទៅជាហិង្សាមួយ រហូតដល់កើតជាឃាតកម្ម ដល់ការសម្លាប់ ហើយសម្លាប់នេះវាជារឿងមួយឃោរឃៅណាស់ សម្លាប់ស្ត្រីហើយសម្លាប់ទាំងកូនទៅទៀត »។
លោកសំអាតបានបញ្ជាក់ថា ដោយសារច្បាប់ស្តីពីអំពើហិង្សានៅក្នុងគ្រួសារមានចន្លោះមួយ ដែលបើកឲ្យមានការសម្របសម្រួលនៅក្នុងបទ លហុ ឬ បទព្រហ្មទណ្ឌកម្រិតស្រាល ដែលច្បាប់នោះមិនមានការចែងលំអិតច្បាស់លាស់ដែលធ្វើឱ្យការអនុវត្តមានការស្រពេចស្រពិល។
«យើងឃើញថាច្បាប់ស្តីពីអំពើហិង្សានៅក្នុងគ្រួសារមានចន្លោះមួយ ដែលបើកឲ្យមានការសម្របសម្រួលនៅក្នុងបទ ព្រហ្មទណ្ឌកម្រិតស្រាល ប៉ុន្តែមិនដឹងថា អាស្រាលហ្នឹងប៉ុណ្ណាទេ ជួនកាលមួយ ដុំឥដ្ឋបែកក្បាលហើយនៅតែស្រាលដែរ បាទ អាហ្នឹងជាការសម្របសម្រួលមួយដែលធ្វើឲ្យមានអំពើឃាតកម្មកើតឡើង »។
លោក មាស សាវុធ ប្រធានការិយាល័យគោលនយោបាយ នៃក្រសួងកិច្ចការនារី មានប្រសាសន៍ថា ក្នុងច្បាប់បានចែងថា បើករណីជាអំពើ ហិង្សាព្រហ្មទណ្ឌលហុ ឬ មជ្ឈិមស្រាល អាចសម្របសម្រួលបាន ប៉ុន្តែបានតែម្ដងទេ ក្នុងករណីលើកទីពីរ ត្រូវតែយកទៅអនុវត្តតាមច្បាប់ព្រហ្មទណ្ឌ។ លោកក៏បានទទួលស្គាល់ថាច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារពិតជាមានខ្វះចន្លោះត្រង់ចំណុចដែលអនុញ្ញាតឱ្យមានការសម្របសម្រួល ដោយមិនបានលំអិតជាក់លាក់ ប៉ុន្តែក្រសួងកិច្ចការនារីកំពុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ហ្នឹងហើយ»។
«បើករណីហ្នឹង ជាអំពើហិង្សាសេដ្ឋកិច្ច និងអំពើហិង្សាផ្លូវចិត្ត ជាករណីហិង្សាព្រហ្មទណ្ឌ ប៉ុន្តែជារឿងលហុ ឬក៏រឿងមជ្ឈិមស្រាល អាហ្នឹងអាចសម្របសម្រួលបាន ប៉ុន្តែសម្របសម្រួលបានតែម្ដងទេ ក្នុងច្បាប់និយាយអញ្ចឹង ប៉ុន្តែលើកទី ពីរ ត្រូវតែយកទៅអនុវត្តតាមច្បាប់ព្រហ្មទណ្ឌ ជាទូទៅអញ្ចឹងហើយ ។ជាការពិតណាស់ដែលលោកសំអាតគាត់បានលើកឡើងថាក្នុងច្បាប់ មានការស្រពិចស្រពិលថាស្អីទៅទោសស្រាល មជ្ឈិមស្រាលហ្នឹង វាអត់បានញែក អត់បានចែកអាចំណុចត្រង់ហ្នឹងលំអិត ទាំងអស់ហ្នឹងយើងត្រូវនិយាយវាឲ្យច្បាស់ អញ្ចឹងទៅអ្នកអនុវត្តពេលខ្លះមិនដឹងថា មែនទែនទៅ វាអត់ច្បាស់ម្ដងហ្នឹងពេលណា ដែលហៅថាម្ដងហ្នឹងទៅទៀត ហើយពេលណាដែលស្រាលហ្នឹង ការអនុវត្ត វានៅស្រពិចស្រពិល អញ្ចឹងទទួលស្គាល់ថាច្បាប់ហ្នឹងនៅមានភាពខ្វះចន្លោះអញ្ចឹង ប៉ុន្តែក្រសួងកិច្ចការនារីកំពុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ហ្នឹងហើយ»។
អនុវត្តអនុសាសន៍របស់គណៈកម្មាធិការទទួលបន្ទុកអនុសញ្ញាស៊ី-ដ ឆ្នាំ២០១៣ ត្រូវបានបង្កើតឡើង ដើម្បីធានាឱ្យបានថាករណីអំពើហិង្សាលើស្ត្រី – ត្រូវបានកាត់ទោសប្រកបដោយប្រសិទ្ធិភាព ហើយមិនបញ្ជូនទៅរកយន្តការសម្រុះ
សម្រួលជាលក្ខណៈប្រព័ន្ធឡើយ” ។ ការធានាបែបនេះតម្រូវអោយបញ្ចប់នូវការអនុវត្តការផ្សះផ្សាទាំងស្រុង ហើយបង្កើតអោយមានការអនុវត្តជាស្តង់ដារក្នុងការបញ្ជូនករណីហិង្សាទៅតុលាការ ជាជាងទៅរកយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ។
ក្រោយមក អនុវត្តអនុសាសន៍របស់គណៈកម្មាធិការទទួលបន្ទុកអនុសញ្ញាស៊ី-ដ ឆ្នាំ២០១៩ បានកើតឡើង ក្នុងការធ្វើកំណែទម្រង់ច្បាប់ ដោយធ្វើអោយទៅជាបទព្រហ្មទណ្ឌគ្រប់ទម្រង់នៃអំពើហិង្សាក្នុងគ្រួសារ និងផ្តល់នូវសិទ្ធិទទួល បានយុត្តិធម៌ និងដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព៕