បុរសឈកាន់ទង់ជាតិតំណាងឱ្យអ្នកស្រលាញ់ភេទដូចគ្នា ឬក្រុម LGBTQ។រូបភាព៖ អ៊ីនធឺណេត។
ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅតែលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួន ដែលជាឧបសគ្គប៉ះពាល់ផ្លូវចិត្ត។ បញ្ហាទាំងនោះមានបញ្ហា ផ្ទាល់ខ្លួន បញ្ហាគ្រួសារ បញ្ហាសង្គម ដែលពួកគេអះអាងថាមានការរើសអើងនិងមិនពេញចិត្តពីអ្នកជុំវិញខ្លួនដោយប្រកាន់ផ្នត់គំនិតចាស់ និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តែនៅមានកម្រិត។ ចំណែកកត្តាជីវភាពក៏កើតមានចំពោះពួកគេផងដែរ ដែលទាមទារឱ្យមានការដោះស្រាយ។
………….កញ្ញា សួ សុវណ្ណិកា ជូននូវរាយការណ៍……….
បច្ចុប្បន្ននេះ បើទោះបីជារដ្ឋាភិបាលបើកសិទ្ធិសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែគេសង្កេតឃើញថា បញ្ហាប្រឈមចំពោះអ្នកស្រឡាញ់ភេទដូចគ្នាគឺនៅតែមាន ជាពិសេសគឺមានស្របតាមស្ថានភាពផ្សេងៗគ្នា។ស្របពេលជាមួយគ្នានេះដែរមានយុវជនបីរូបដែលបានចូលរួមលើកឡើងពីបញ្ហារបស់ពួកគាត់ដែលស្ថិតក្នុងភាពខុសៗគ្នា។
យុវជនឈ្មោះស្រីហ្គេច អាយុ២៧ឆ្នាំ ជាអ្នករស់នៅខេត្តសៀមរាម និងជាយុវជនតំណាងឱ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បាននិយាយប្រាប់វិទ្យុស្រ្ដីពីបញ្ហាប្រឈមនៅក្នុងសហគមន៍អ្នកស្រឡាញ់គ្នាដូចគ្នាដែលខ្លួនតែងតែជួបប្រទះ ប៉ុន្តែយុវជនរូបនេះផ្ដោតសំខាន់លើបញ្ហាខ្លួនឯង។ ដ្បិតថាទាំងស្រីហ្គេច និងអ្នកស្រឡាញ់ភេទដូចគ្នាដ៏ទៃទៀតពីដំបូងឡើយមិនបានកំណត់ខ្លួនឯងថាជាអ្វីទេ នេះជាបញ្ហាមួយដែលពួកគេមិនស្គាល់ខ្លួនឯង ហើយម្យ៉ាងទៀតគឺផ្លូវចិត្តនិងការភ័យខ្លាចព្រោះខ្លួនយើងមានការភ័យខ្លាចច្រើននៅពេលដែលយើងមិនហ៊ានបញ្ចេញអត្តសញ្ញាណរបស់យើងទៅខាងក្រៅ ខ្លាចអ្នកខាងក្រៅគិតអវិជ្ជមានមកលើខ្លួន។ ចំណែកបញ្ហាបន្ត ស្រីហ្គេចផ្ដោតលើបញ្ហាគ្រួសារ។
«បញ្ហាគ្រួសារគឺយើងខ្លាចនៅពេលដែលយើងបង្ហាញពីអត្តចរិតពិតរបស់យើងទៅ គេព្រមទទួលស្គាល់យើងហើយគាំទ្រយើងឬអត់ពេលខ្លះអាចធ្លាយទៅដល់ការប្រើប្រាស់អំពើហិង្សានៅលើខ្លួនប្រាណថែមទៀត។ ដូចខ្ញុំកាលពីក្មេងគឺចូលចិត្តតែងខ្លួនដូចជាមនុស្សស្រីស្លៀកសំពត់ លាបក្រេម លាបម្សៅម៉ែអីចឹងទៅ ឪឃើញ បងមិនពេញចិត្ត គាត់ថាឲ្យគាត់ទៅយករំពត់មកវ៉ៃ វ៉ៃក្នុងអត្ថន័យដែលពួកគាត់ចង់ឱ្យយើងប្ដូរអត្តចរិតឱ្យទៅធ្វើជាមនុស្សប្រុសពេញលក្ខណៈ។មួយចំណុចទៀតអាចឈានទៅដល់ការកាត់កែកូនចោលឬក៏បណ្ដេញចេញផ្ទះដែលជារូបភាពមួយដែលយើងឃើញមានច្រើនដែលភេទទី 3 ទាំងអស់ដែលមិនសូវឃើញនៅជុំផ្ទះទេ។នៅពេលដែលមានការមិនពេញចិត្តពីគ្រួសារពួកគាត់តែងតែទៅនៅជាមួយនឹងមិត្តភិក្តឬអ្នកដ៏ទៃ អីចឹងទៅ។»
ងាកមកយុវជនម្នាក់ទៀតមានអាយុ២៣ឆ្នាំ ឈ្មោះ វ៉ាន់ ប៉ូយ រស់នៅក្នុងភូមិទឹកថ្លា ក្រុងសៀមរាប ខេត្តសៀមរាប បានបង្ហាញពីបញ្ហាក្នុងសហគម៍អ្នកស្រឡាញ់ភេទដូចគ្នានិងការផ្សព្វផ្សាយគឺមិនទាន់ទូលំទូលាយទេ ដ្បិតថាតាមក្រុង សង្កាត់ ភូមិ ឃុំមួយចំនួននៅតែមានការរើសអើង។ចំពោះTG MSM ក៏នៅមានការរើសអើងពីសំណាក់វិស័យការងារមួយចំនួន ទោះបីមានការទទួលស្គាល់និងផ្ដល់ឱកាសការងារពីសំណាក់ស្ថាប័នអង្គការក៏ដោយ។ជាក់ស្ដែងនៅប្រទេសកម្ពុជានៅមិនទាន់ទទួលស្គាល់ការចុះអេតាស៊ីវិលចំពោះអ្នកស្រឡាញ់ភេទដូចគ្នានៅឡើយទេ ហើយក៏មានករណីប្រើអំពើហិង្សាទៅលើកុមារផងដែរ ព្រោះមិនចង់អោយកូនៗស្រឡាញ់ភេទដូចគ្នា ព្រោះមិនអាចមានអ្នកបន្តវេនបាន។ នេះជាការបញ្ជាក់របស់យុវជន វាន់ ប៉ូយ។
ដោយសារបញ្ហាទាំងអស់នេះហើយ ទើបធ្វើអោយ យុវជន វាន់ ប៉ូយ មិនហ៊ានស្លៀកពាក់ក្នុងសភាពជាមនុស្សស្រីឡើយ ទាំងដែលក្នុងចិត្តចង់ស្លៀកក៏ពិតមែន ព្រោះមានឥរិយាបទមិនពេញចិត្ត ហើយការមិនគោរពសិទ្ធមិនឲ្យតម្លៃគឺមិនទាន់ទូលំទូលាយ។
«ពេលដែលបងទៅចូលរួមកម្មវិធីផ្សេងៗ បងអត់ដែលស្លៀកពាក់ស្រីទេអូន បងខ្លាចគេរើសអើង ឬក៏ក្រុមគ្រួសាររើសអើងហាស៎អូន បងស្លៀកពាក់ធម្មតាៗ ប៉ុន្តែបើក្នុងចិត្តបង បងចង់ស្លៀកពាក់ជាមនុស្សស្រី តែតែងឃើញគេពេបមាត់ពេបករ តែងតែឃើញអកប្បកិរិយាមួយដែលគេតែងមិនពេញចិត្តហា៎ណាស់ គេមិនសូវគោរពឱ្យតម្លៃដូចអ្នកស្រលាញ់ភេទដូចគ្នាហា៎ណាស់អូន ហ្នឹងហើយអូនគេអត់ទាន់បើកឱកាស គេអត់ទាន់បើកចំទូលំទូលាយឱ្យយើងជាស្រលាញ់ភេទដូចគ្នាហ្នឹងទេអូន»
យុវជនស្រីហ្គេច បន្តលើកឡើងពីបញ្ហាប្រឈមដែលខ្លួនបានកត់សម្គាល់រួមមានបញ្ហាសង្កម ដែលមានការរើសអើងនិងមិនពេញចិត្តពីអ្នកជុំវិញខ្លួនដោយប្រកាន់ផ្នត់គំនិតចាស់ និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តែនៅតែមានកម្រិត)និងមួយទៀតគឺកត្តាជីវភាព(ពិបាករកការងារធ្វើ ) ដែលសុទ្ធសឹងតែជាបញ្ហាដែលតែងតែកើតមានក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ។
គាត់បានបន្តទៀតថា ចំពោះរូបភាពដែលតែងតែកើតមានជាចម្បងមកលើពួកគាត់រួមមាន ការប្រើពាក្យសម្ដីមិនសមរម្យ ការមិនអោយតម្លែ (ការចំអក ឡកលើយ មាក់ងាយមិនអោយតម្លៃ)។ មួយវិញទៀតគឺតាមរយ: បណ្ដាញសង្គម គឺនៅមានការចែករំលែកបន្តគ្នា ក្នុងរូបភាពអវិជ្ជមាន ដែលជាកត្តាជាន់ពន្លិច និងមូយចំនុចទៀតគឺកត្តាហិង្សា គាត់បានបង្ហាញថា
« នៅក្រុងសៀមរាមមានការដេញវ៉ៃ ដេញទាត់ ដេញធាកក់មកលើក្រុមបុរសបម្លែងភេទ ក្រុមស្រ្តីបម្លែងភេទ នៅតាមទីសាធារណ: ដោយមនទាន់ឃើញមានការអន្តាគមន៍នៅឡើយទេ ជាពិសេសនៅតំបន់បឹងគីឡូ កន្លែងហាត់ប្រាណ »
ចំពោះករណីពេលដែលគាត់ចេញទៅចូលរូមកម្មវិធី ឬមួយចេញទៅក្រៅ គាត់និយាយថា មានការមាក់ងាយ សើចចំអកលើការតុបតែងខ្លួន , ឥរិយាបទមិនពេញចិត្តក្នុងការរួមតុជាមួយ , ការប្រើអំពើហិង្សាជាដើម។
យុវជន ឈ្មោះ ប៉ា ប៊ុនប៉ាវ អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២នៅវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាប។ យុវជនរូបនេះបានលើកឡើងពីបញ្ហាផ្ទាល់ខ្លួនដែលបានជួបប្រាប់វិទ្យុស្រ្តីថា ខ្លួនបានជួបប្រទះក្នុងនាមជាអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសហគមន៍មាន៣គឺ :ទី១-អ្នកជិតខាង អ្នកភូមិ អ្នកស្រុក,ទី២- គ្រូបង្រៀនមានការដៀមដាម មិនពេញចិត្ត និងទី៣-អ្នកធ្វើអាជីវកម្មនិងភោជនីយដ្ឋានផ្សេងៗ។
យុវជនរូបនេះក៏បានបញ្ជាក់ពីមូលហេតុដែលគាត់ចាត់ទុកសកម្មភាពខាងលើជាការរើសអើងផងដែរ។
«ដោយសារតែមានការពេបជ្រាយ និយាយដើម មិនពេញចិត្ត មិនអើពើ ដើរបុកជាដើម ទាំងដែលគាត់និងក្រុមមិនបានទៅប៉ះពាល់ ឬបង្កររឿងជាមួយជាមួយអ្នកដែលរើសអើងទេ តែងផ្ដល់តម្លៃទៅអោយសហគមន៍និងអ្នកភូមិ បន្ថែមពីនេះ ពេលដែលទៅចូលរួមកម្មវិធី គឺមានការមិនពេញចិត្តអោយចូលរួមក្នុងកម្មវិធី និងមិនគោរពសិទ្ធិត្រង់ថាមិនចង់អោយចូលរួម ទោះបីជាមានលិខិតអញ្ជើញក៏ដោយ។»
របាយការណ៍របស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាបានបញ្ជាក់ក្នុងលិខិតមួយដែលបានចែកជូនដល់សិក្ខាកាមក្នុងកម្មវិធីការបោះជំរំអង្គរលើកទី៩ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅលើទឹកដីអង្គរនៃខេត្តសៀមរាមក៏បានបង្ហាញពីបញ្ហាផ្សេងៗទៀតរួមមាន៣ផងដែរ។ ទី១-ពុំមានឯកសារផ្លូវច្បាប់ស្របតាមអត្តសញ្ញាណយេនឌ័រ ទី២-ការរើសអើងនិងអំពើហិង្សានៅទីសាធារណ:(៩២.៤៨%ស្ថិតក្នុងការបៀតបៀនដោយពាក្យសម្ដី), (៤៣.២៣%ការបំពារបំពានរាងកាយ) ,( រំលោភសេពសន្ធវ: ២៥.១៣% )និង (៣១.១៦% ការបំពារបំពានផ្លូវភេទ) ទី៣-ការរើសអើង និងអំពើហិង្សានៅក្នុងគ្រួសារមាន៥៧% ដោយមាន៣ករណីបន្ថែមគឺ(៥៣.៤៩ គឺបង្ខំកូនឲ្យរៀបការ, ១៨.១%បណ្ដេញចេញពីផ្ទះ និង ២៤% គ្រួសារមិនឲ្យទៅរៀនឬធ្វើការ)។
បន្ថែមពីនេះខាងសហគមន៍បានស្នើរសុំអោយភាគីពាក់ព័ន្ធចូលរួម ក្នុងការទទួលស្គាល់និងការមិនរើសអើង រួមមានខាងតាមកន្លែងការងារ , តាមផ្នែកច្បាប់ និង តាមប្រព័ន្ធផ្សព្វផ្សាយផងដែរ។ក្នុងនោះនៅកន្លែងការងារ បានការពារផលប្រយោជន៍របស់អ្នកស្រលាញ់ភេទដូចគ្នាក្នុងវិស័យការងារ,ផ្តល់ឱកាសស្មើគ្នាក្នុងការបណ្តុះ បណ្តាលវិជ្ជាជីវៈ និងការអប់រំដល់អ្នកស្រលាញ់ភេទដូចគ្នា និងមួយចុងក្រោយគី ច្បាប់ការងារដែលការពារដល់ អ្នកស្រលាញ់ភេទដូចគ្នា។
យុវជនស្រីហ្គេចក៏បានសំណូមពរផងដែរថា «ខ្ញុំសុំសំណូមពរក្នុងនាមខ្ញុំជាតំណាងក្រុមLGBT(ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា) គឺសុំលើកម្រាមដៃដប់សំណូមពរទៅកាន់រាជរដ្ឋាភិបាលអោយគាត់ជួយលើកកម្ពស់សិទ្ធកាន់តែទូលំទូលាយ ក៏ដូចជាធ្វើការអប់រំ ណែនាំ ផ្សព្វផ្សាយអំពីការប្រើប្រាស់អំពើហិង្សាទៅលើស្រ្តីបម្លែងភេទបុរសបម្លែងភេទ»៕