en     km
en     km

🟢បុរសជាប្ដីស្នើសុំតុលាការពន្លឿនដំណោះស្រាយរកយុត្តិធម៌ករណីភរិយាស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍

Share

រូបភាពលោក លោក នន់ ឌឿន និងកូនទាំងបីថ្ងៃបុណ្យសពភរិយា

តាមរយៈឃ្លីបវីដេអូមួយដែលត្រូវបានអ្នកលេងបណ្ដាញសង្គមចែកចាយ និងយកមកផុសតៗ បង្ហាញថា បុរសម្នាក់ស្នើសុំឱ្រយថ្នាក់ដឹកនាំ និងសមត្ថកិច្ចពាក់ព័ន្ធជួយពន្លឿនដំណោះស្រាយរកអយុត្តិធម៌បន្ទាប់ពីរភរិយារបស់ខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ជិតមួយឆ្នាំហើយៗសមត្ថកិច្ច និងតុលាការ បែរមិនឃើញមានចំណាត់ការ។ ចំណែកជនបង្កបន្តរស់នៅយ៉ាងមានសេរីភាព។ រីឯគ្រួសាររបស់លោកត្រូវរស់ខ្លោចផ្សាមិនដឹងពេលណា ទទួលបាននៅពន្លឺយុត្តិធម៌។

លោក គីម ចាន់ចាវ រាយការណ៍

 

ថ្មីៗនេះមានការចាប់អារម្មណ៍តាមរយៈការ​ចែករំលែកតៗគ្នានៅលើបណ្តាញសង្គម(Facebook)ពីបុរស់ម្នាក់ដែលបានស្នើសុំឱ្យអ្នកសារពត៌មានជួយផ្សព្វផ្សាយពីរឿងរបស់ខ្លួនដែលរងនូវភាពអយុត្តិធម៌បន្ទាប់ពីភរិយាគាត់ជួបគ្រោះថ្នាក់ចរាចរណ៍រយៈជិតមួយឆ្នាំហើយ មិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយគិតមកទល់នឹងពេលនេះ។

ដោយឃើញ ពីទុក្ខលំបាកវេទនាដែលបានបង្ហាញតាមរយៈវីដេអូ (Facebook) ក៏មានប្រិយមិត្តសំណូមពរមកកាន់វិទ្យុស្រ្តីឱ្យធ្វើការផ្ទៀងផ្ទាត់ ថាតើព័ត៌មានដែលបានចែករំលែកតៗគ្នាលើបណ្តាញសង្គមនេះ ជាការពិតដែរឬទេ ដ្បិតថាបើជាការពិតវាជាបញ្ហាយុត្តិធម៌សង្គម?

តាមរយៈការសម្ភាសជាមួយក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មានរបស់វិទ្យុស្ត្រី លោក នន់ ឌឿន អាយុ ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិពាម សង្កាត់ ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាស្វាមីជនរងគ្រោះបានរៀបរាប់ថា  កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៣០នាទីព្រឹក មានគ្រោះថ្នាក់ចរាចរណ៏មួយ បានកើតឡើងនៅតាមបណ្តោយដងផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គង់ចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រវាងម៉ូតូ និង ម៉ូតូ ដែលបណ្តាលឲ្យភរិយារបស់លោកឈ្មោះ សាម ស្រីវ៉េត អាយុ ៣៧ ឆ្នាំរងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត។

លោកបញ្ជាក់ថា  បច្ចុប្បន្នសំណុំរឿងក្តីនេះកំពុងស្ថិតក្នុងដៃលោកចៅក្រមស៊ើបសួរ ឈ្មោះ ស៊ិន សុវណ្ណរ័ត្ន ប៉ុន្តែជាងប្រាំបួនខែហើយមិនទាន់ទទួលបានការជំនុំជម្រះនៅឡើយទេ ហើយឈ្មោះ បឿន ក្រែន ដែលលោកហៅថាជាជនបង្ក ក៏បន្តរស់នៅក្រៅឃុំមិនទាន់ចូលខ្លួនមកទទួលខុសត្រូវរឿងនេះនៅឡើយដែរ។ លោកថា ក្រោយកើតហេតុចាប់បានជនបង្ក ហើយភស្តុតាងក៏មានទៀត បែរជាគ្មានចំណាត់ការរហូតមកដល់សព្វថ្ងៃ ហើយជនបង្ករស់នៅយ៉ាងមានសេរីភាព ឯគ្រួសាររបស់លោកបែរជាបន្តទទួលរងនៅភាពអយុត្តិធម៌។

«ខ្ញុំក៏ឆ្ងល់ដែរហេតុអ្វីក៏នៅតែស៊ើបអង្កេត បើសិនជាបុកនៅកន្លែងដែលជាទីជនបទហើយអត់មានកាមេរ៉ា ផ្លូវបែកជាបួនមែនតែអត់មានកាមេរ៉ា ហើយចាប់អត់បានអាហ្នឹងខ្ញុំអត់បន្ទោសទេណា៎ស! ខ្ញុំអត់បន្ទោសខាងច្បាប់ទេ ប៉ឹនហេតុអីចាប់បានហើយមានប្រវត្តិរូប នៅទន្លេបាទី ឈ្មោះនេះៗហេតុអីក៏អត់ធ្វើការ ខ្ញុំឈឺចាប់បំផុតដែលសម្តេចគាត់មានប្រសាសន៍ថា បើសិនជាមានបញ្ហាការចាក់ស្តែងបង្កឱ្យបាត់បង់ជីវិតអ្នកដ៏ទៃ ត្រូវវ៉ៃខ្នោះឬមួយក៏ឃុំខ្លួនភ្លាមៗអីចឹងណា៎ ខ្ញុំគ្រាន់តែលឺសម្តីសម្តេចពេលហ្នឹង ខ្ញុំរឹតតែឈឺចាប់ទៀត ហេតុអីគ្រួសារខ្ញុំស្លាប់នៅក្នុងទឹកដីខ័ណ្ឌដង្កោ ហើយចេញពីប៉ូលីសខ័ណ្ឌដង្កោ ហេតុអីក៏អត់ធ្វើការ បងឯងមើលមួយរយលុយខ្មែរកាច់ជាដប់ក៏អត់»

ដើម្បីលម្អិតរឿងនេះបន្ថែមក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រី បានព្យាយាមទាក់ទងសុំការផ្ដល់សម្ភាសន៍បន្ថែមពីម្ចាស់ផ្ទះជួល និងអ្នកជិតខាងលោក នន់ ឌឿន ។

អ្នកស្រី អ៊ំ សាអ៊ឹម អាយុ៧៥ ឆ្នាំ រស់នៅភូមិ សង្កាត់ ខាងលើនិងជាអ្នកជិតខាងលោក នន់ ឌឿន បានប្រាប់វិទ្យុស្ត្រីថា  លោក នន់ ឌឿន ពិតជាមានភាពលំបាកនិងខ្វះខាតខ្លាំង   ដោយលោកត្រូវធ្វើការផងមើលកូនផង ហើយរាល់ថ្ងៃពេលលោកទៅធ្វើការ លោកត្រូវផ្ញើរកូនតូចៗជាមួយនិងអ្នកជិតខាង។ អ្នកស្រីថា  កាលពីប្រពន្ធគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់សូម្បីតែលុយធ្វើបុណ្យសពឱ្យប្រពន្ធក៏គ្មានដែរ ទើបអ្នកស្រុកអ្នកភូមិ និងព្រះសង្ឃ ជួយធ្វើបុណ្យឱ្យ។

«កាលប្រពន្ធស្លាប់ហ្នឹងគ្នាកំសត់ណាស់មានលុយតែដប់ម៉ឹនទេទៅពេទ្យ យកប្រពន្ធទៅពេទ្យអត់លុយ កូននៅខ្ញុំមើលកូនតូចហ្នឹងណាស ឳពុកទៅមើលប្រពន្ធនៅឯពេទ្យឯណោះ យកលុយយកប្រពន្ធមកពីពេទ្យមកធ្វើបុណ្យ នៅវត្តហ្នឹង ហើយវត្តលោកក៏បានជួយជាថវិការដល់ក្មួយហ្នឹងដែរ។ វេទនាខ្លាំងណាស់ក្មួយអើយ អត់មានបងប្អូនណាមកជិតទេ ដល់តែហើយបានអ្នកស្រុកហ្នឹងទាំងអស់ ធ្វើបុណ្យហ្នឹងនៅវត្តហ្នឹងគ្រប់ គ្រប់បានសល់លុយធ្វើដល់ប្រាំពីរថ្ងៃតិចតួចឱ្យប្រពន្ធទៀត។ ដល់ហើយគ្នាដោះស្រាយដឹងទៅនៅឯណា ក៏មកនៅផ្ទះកូនខ្ញុំហ្នឹង ខ្ញុំឱ្យនៅទៅ ឯប្រាក់ខែ ប្រាក់ថ្ងៃហ្នឹងក៏អត់ទាន់មានឱ្យគ្រប់ចំនួនដែរ។ អត់អីហូបចុកហ្នឹង ខ្ញុំចេះតែមើលថែកូនហ្នឹងទាំងពីរ ទាំងបីអ្នកហ្នឹងទៅ ផ្ញើខ្ញុំនឹងមក ផ្ញើគេខ្លះ ឥឡូវវេទនាខ្លាំងរាល់ថ្ងៃហ្នឹងអត់មានអីទេ»

អ្នកស្រី អ៊ុយ ចិន្តា អាយុ ៣៨ឆ្នាំ  ជាម្ចាស់ផ្ទះជួលនៅ ភូមិពាម សង្កាត់ ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញបានប្រាប់ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រីថា  បច្ចុប្បន្នលោក នន់ ឌឿនស្នាក់នៅផ្ទះជួលរបស់អ្នកស្រី ក្រោយពីភរិយាគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ដំណោះស្រាយក៏គ្មានដែរ គ្រួសារគាត់ត្រូវរងនូវភាពអយុត្តិធម៌ លោកត្រូវធ្វើការផងមើលកូនផង  ឯជីវភាពក៏លំបាកខ្លាំង។

«ពេលខ្លះក៏អត់មានអីហូប អត់មានអង្កខ្ញុំជាម្ចាស់ផ្ទះក៏ឱ្យគាត់ហូបខ្លះទៅ ជួនកាលកាលក៏អត់ជួនកាលក៏មានឱ្យគាត់អញ្ចឹងទៅណាបងណា៎  ហើយផ្ទះជួលក៏គាត់មិនដែលបានបង់ខ្ញុំដែររយៈពេលបួនខែហើយ ហើយខ្ញុំក៏មិនដឹងជាទាយ៉ាងម៉ិចដែរ ណាពូណាស បើគាត់រកវាអត់បាន និយាយរួមពិបាកខ្លាំង ពិបាកទាំងពីការហូបចុក រស់នៅ។ តាំងពីប្រពន្ធស្លាប់ទៅ ដំណោះស្រាយគឺគ្មានឱ្យគាត់ទេ សូម្បីសំណងមួយរៀលលុយខ្មែរក៏អត់ទាន់បានដែរបងអើយ  ដោះស្រាយបានតែម៉ូតូមកវិញទេ តែអាសំណងមនុស្សស្លាប់បាត់ទាំងមូលនោះគឺអត់បានទេបងអើយ ។ កូនបីនាក់ ពេលគេរកធ្វើការម្តងៗ កូនដើរផ្ញើគេអស់ហើយ ផ្ញើខ្ញុំខ្លះទៅ ផ្ញើគេផ្ទះផ្សេងខ្លះទៅ ម្តងម្នាក់អញ្ចឹងទៅណាបង ផ្លាស់វេនគ្នាផ្ញើរ បាយទឹកជួនកាលពងទា បីគ្រាប់បីនាក់ឳកូនម្នាក់មួយគ្រាប់អញ្ចឹងទៅបងអើយ ខ្ញុំអ្នកនៅជាប់គាត់ផ្ទាល់ខ្ញុំជាម្ចាស់ផ្ទះនេះជារឿងពិតរបស់គាត់ ជីវិតសព្វថ្ងៃរបស់គាត់ »។

លោក នន់ ឌឿន និងភរិយាឈ្មោះ សាម ស្រីវ៉េត គឺជាកូនកំព្រាម្ដាយឪពុក គ្មានបងប្អូនសាច់ញាតិឡើយ។ ជីវិតអាពាហ៍ពិពាហ៍ អ្នកទាំងពីរទទួលបានកូនចំនួន ០៣នាក់ ប្រុសមួយ ស្រីពីរ រស់ក្នុងបន្ទុក ។ បន្ទាប់ពីភរិយាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលទៅ លោកត្រូវដើរតួជាឪពុកផង ម្តាយផង មើលថែរក្សាកូន ចំនួន ០៣នាក់ ជាហេតុធ្វើឲ្យជីវភាពសព្វថ្ងៃជួបប្រទះនូវបញ្ហាលំបាកខ្វះខាតខ្លាំង។

ដោយយល់ថាជារឿងអយុត្តិធម៌ មិនអាចទ្រាំចាំយូរទៀតបាន លោក ឌឿន សំណូមពរដល់ថ្នាក់ដឹកនាំ រដ្ឋាភិបាល និងក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ ពន្លឿនការដោះស្រាយ សំណុំរឿងព្រហ្មទណ្ឌ លេខ២២៩៧ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ  ដែលភរិយារបស់លោកជួបគ្រោះថ្នាក់ចរាចរណ៏កាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៣ បណ្តាលឲ្យ បាត់បង់ជីវិត ហើយមកទល់នឹងពេលនេះមិនទាន់ទទួលបាននូវពន្លឺយុត្តិធម៌នៅឡើយ៕

អត្ថបទដោយ៖ លោក អ៊ុក ដែន

Share

Image
Image
Image