en     km
en     km

ពលរដ្ឋជប៉ុនជាប់ក្រោមគំនរបាក់បែកនៃគ្រោះរញ្ជួយដី ខណៈក្រុមសង្គ្រោះកំពុងអន្តរាគមន៍

Share

ប្រទេសជប៉ុនបានទទួលរងនូវគ្រោះរញ្ជួយដីដ៏ធំបំផុតមួយនៅដើមឆ្នាំ២០២៤នេះ ដែលបណ្ដាលឱ្យពលរដ្ឋជាច្រើននាក់បាត់បង់ជីវិត និងខ្លះទៀតកប់នៅក្រោមគំនរបាក់បែកនៃអគារដែលដួលរលំ។

(កញ្ញា សៃ ចន្ធី រាយការណ៍)

យោងតាមនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា ប្រទេសជប៉ុនកំពុងប្រឈមនឹងការវាយប្រហារដ៏ខ្លាំងក្លាពីសំណាក់គ្រោះរញ្ជួយដីក្នុងកម្រិត ៧.៦រិចទ័រ និងនៅជម្រៅ ១០គីឡូម៉ែត្រ បានវាយប្រហារមកលើឆ្នេរសមុទ្រស្ថិតនៅភាគខាងលិច និងបានរញ្ជួយអគារនានាក្នុងទីក្រុងតូក្យូប្រទេសជប៉ុនឱ្យដួលរលំផងដែរ។ នេះបើយោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០២៤។

លោក Fumio Kishida បានឱ្យដឹងទៀតថា រដ្ឋាភិបាលកំពុងអន្តរាគមន៍ជួយសង្គ្រោះអ្នករងគ្រោះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ជាពិសេសអ្នកដែលជាប់នៅក្រោមអគារដែលដួលរលំ។ ក្នុងនោះ កងទ័ពជប៉ុនជាងមួយពាន់នាក់ ត្រូវបញ្ជូនទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងឧបទ្វីប Noto នៃតំបន់ដាច់ស្រយាលរបស់ប្រទេស។ ក៏ប៉ុន្តែប្រតិបត្តិការជួយសង្គ្រោះត្រូវបានរារាំងដោយសារផ្លូវខូចខាត និងមានការបិទផ្លូវយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំងជើងហោះហើរនៅឯអាកាសយានដ្ឋានក៏ត្រូវបង្ខំឱ្យបិទការហោះហើរផងដែរ។

តាមការបញ្ជាក់ពីប៉ូលិស និងអាជ្ញាធរមូលដ្ឋានប្រចាំតំបន់នៃជប៉ុន បានបញ្ជាក់នាព្រឹកថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤ថា  សាកសពជាច្រើនត្រូវមន្រ្តីប៉ូលិសទាញចេញពីគំនរបាក់បែកនៃអគារដែលដួលរលំ ខណៈពលរដ្ឋផ្សេងទៀតនៅជាប់នៅខាងក្រោមអគារបាក់បែកនៅឡើយ។ ស្ត្រីម្នាក់ក្នុងវ័យ ៥០ឆ្នាំ បាននិយាយថា មនុស្សជាង ៣០នាក់ត្រូវបានក្រុមមន្រ្តីបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកស្រុកផ្សេងទៀតនៅក្នុងតំបន់នេះ ត្រូវបានគេរាយការណ៍ថា ពួកគេខ្លះបានសន្លប់ ឬជាប់នៅក្រោមគំនរបាក់បែក ឬបាត់ខ្លួនក្នុងហេតុការណ៍គ្រោះរញ្ជួយដី។

គួរបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដី គឺនៅលើឧបទ្វីបដែលលាតសន្ធឹងចូលទៅក្នុងសមុទ្រជប៉ុន ដែលទីនោះមានសាកសពប្រជាជន និងពលរដ្ឋរងរបួសជាច្រើននាក់។ ចំណែកនៅទីក្រុង Wajima វិញភ្លើងនៅតែបន្តឆាបឆេះ ដែលធ្វើឱ្យផ្ទះជាង ១០០ខ្នង និងអគារផ្សេងទៀត ត្រូវបានបំផ្លាញទាំងស្រុង។

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak និងប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រប្រទេសជប៉ុន ហើយថាជនជាតិអង់គ្លេសនៅក្នុងតំបន់ដែលរងផលប៉ះពាល់ទាំងអស់ គួរតែធ្វើតាមការណែនាំរបស់អាជ្ញាធរជប៉ុន។

ប្រទេសជប៉ុនគឺជាប្រទេសដែលងាយរងគ្រោះរញ្ជួយដីបំផុតនៅលើពិភពលោក។ ហេតុការណ៍រញ្ជួយដីនៅចន្ទ ទី០១ ខែមករា ឆ្នាំ២០២៤នេះ ក្លាយជាការព្រមាននិងជាសញ្ញានៃរលកយក្សស៊ូណាមិ ដែលធ្លាប់សម្លាប់មនុស្ស ១៨០០០នាក់ក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១។ គ្រោះមហន្តរាយនេះទៀតសោត បានបំផ្លិចបំផ្លាញទីក្រុងនានា និងបង្កឱ្យមានការរលាយនុយក្លេអ៊ែរនៅរោងចក្រ Fukushima Daiichi៕

ប្រភព៖The Guardian ចុះថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤

 

Share

Image
Image
Image