en     km
en     km

មេបក្សប្រឆាំងនៅកូរ៉េខាងត្បូង ត្រូវជនអនាមិកចាក់សម្លាប់នៅទីសាធារណៈ

Share


លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូង ត្រូវជនអនាមិកវាយប្រហារនិងចាក់ចំកញ្ចឹងក នៅអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

លោក Lee ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិ Pusan ភ្លាមៗ តាមឧទ្ធម្ភាគចក្រនាយកដ្ឋានពន្លត់អគ្គីភ័យ ដែលបច្ចុប្បន្នលោកកំពុងព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ មន្រ្តីប៉ូលិសបញ្ជាក់ថា របួសរបស់លោក Lee មានប្រវែង ១សង់ទីម៉ែត្រ ដោយមានឈាមហូរតិចតួច ខណៈលោកនៅដឹងខ្លួននៅឡើយ។

លោក Kwon Chil-seung សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យរបស់ Lee បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅមន្ទីរពេទ្យថា នេះគឺជាអំពើភេរវកម្មប្រឆាំងនឹងលោក Lee ពិសេសករណីនេះបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យដែលមិនគួរកើតឡើងទាល់តែសោះ។ លោកបន្ថែមថា ក្រុមគ្រូពេទ្យកំពុងពិនិត្យ និងរង់ចាំការវាយតម្លៃលើរបួសរបស់លោក។

ក្រុមមន្រ្តីកូរ៉េខាងត្បូងសន្មតថា ជនអនាមិកដែលវាយប្រហារលើមេដឹកនាំគណបក្សប្រជាធិបតេយ្យមានភេទប្រុស និងមានអាយុចន្លោះពី ៥០ ឬ ៦០ឆ្នាំ រួមទាំងពាក់បូរនៅលើក្បាលដោយសរសេរពាក្យថា «Lee» នៅលើនោះផងដែរ។ ក្រុមមន្រ្តីបានបង្រ្កាបជនដៃដល់ភ្លាមៗ តែមិនបានផ្តល់ការអត្ថាធិប្បាយជុំវិញហេតុផលដែលជននេះប្រព្រឹត្តបទល្មើសនេះនៅឡើយទេ។

គួរបញ្ជាក់ថា លោក Lee Jae-myung ត្រូវបានគេរំពឹងថា នឹងឈរឈ្មោះជាប្រធានាធិបតីកូរ៉េខាងត្បូងម្តងទៀតនៅឆ្នាំ២០២៧។ ក៏ប៉ុន្តែ លោកមានរឿងអាស្រូវជាច្រើន ដែលធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការសម្រេចចិត្តគាំទ្រលោក បើទោះបីលោកជាបុគ្គលដ៏ឆ្នើមក្តី៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤

Share

Image
Image
Image